អន្តរជាតិ

កងយោធាហ្វីលីពីនបានសម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៩នាក់

ប្រែសម្រួល៖ ស-សម្បត្តិ

ម៉ានីល៖ នៅថ្ងៃសៅរ៍ ទី២៧ មករានេះ យោធាហ្វីលីពីនបានសម្លាប់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅភាគខាងត្បូងប្រទេសហ្វីលីពីនចំនួន ៩ នាក់ដែលក្នុងនោះរួមទាំងជនសង្ស័យពីរនាក់ដែលជាប់ពាក់ព័ន្ធនៅក្នុងការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅវិហារកាតូលិកមួយកាលពីខែមុន។

នៅថ្ងៃសៅរ៍ ទី២៧ មករានេះ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានបួននាក់បានរងរបួសក្នុងអំឡុងពេលប្រតិបត្តិការកំទេចភេរវករកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនៅក្នុងខេត្ត Lanao del Sur ។

កងកម្លាំងប្រដាប់អាវុធហ្វីលីពីន AFP បាននិយាយថា អ្នកដែលត្រូវបានសម្លាប់គឺជាសមាជិកនៃ Daulah Islamiyah ដែលជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានកាន់កាប់ទីក្រុង Marawi ភាគខាងត្បូងនៅក្នុងឆ្នាំ ២០១៧ ហើយយោធាហ្វីលីពីនបានវាយដណ្តើមយកមកគ្រប់គ្រងវិញតាមរយៈការវាយលុកដោយទ័ពថ្មើរជើងនិងការវាយប្រហារតាមអាកាសអស់រយៈពេលប្រាំខែ។

នៅក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​មាន​ជន​សង្ស័យ​ពីរ​នាក់​ដែល​មាន​ឈ្មោះ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ នៅ​ក្នុង​កន្លែង​ហាត់​ប្រាណ​ក្នុង​សាកល​វិទ្យាល័យ​ក្នុង​ក្រុង Marawi ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៤​នាក់ និង​របួស ៥០​នាក់។

ប្រមុខយោធាហ្វីលីពីន Romeo Brawner បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោធាហ្វីលីពីនយល់ច្បាស់ពីការលះបង់នៅក្នុងប្រតិបត្តិការនេះ” ។

លោក Brawner បានបន្តថា “កិច្ចប្រតិបត្តិការនេះគឺជាគំរូមួយ៖ យោធាហ្វីលីពីន AFP នឹងមិនអត់ធ្មត់ចំពោះជនបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុខមាលភាពរបស់ប្រជាជនរបស់យើងនោះទេ”៕

ប្រភព៖ Reuters/ac