សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនត្រូវចោទម្នាក់ពាក់ព័ន្ធករណីប្លន់នៅស្រុកកំពង់ត្រាច

ដោយ៖កំចាយ

កំពត៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនត្រូវចោទម្នាក់ទៅសាលាដំបូងក្រោយឃាត់ខ្លួនតាមដីកាពាក់ព័ន្ធករណីប្លន់អ្នកលក់ដូរនៅស្រុកកំពង់ត្រាចកាលពីខែវិច្ឆិកា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងខេត្តកំពតទទួលផែនការងារព្រហ្មទណ្ឌបានប្រាប់ឱ្យដឹងថា ជនត្រូវចោទក្នុងករណីខាងលើឈ្មោះ អ៊ុង សុក្រិត ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ សមត្ថកិច្ចបានបញ្ជូនជននេះទៅសាលាដំបូងនាព្រឹកថ្ងៃទី២៥ ខែមករា ក្រោយឃាត់ខ្លួនកាលពីថ្ងៃទី២៤ ម្សិលមិញ។ លោកស្នងការរងបានបញ្ជាក់ថា ពេលនេះ សាលាដំបូងបានសម្រេចឃុំខ្លួនជនត្រូវចោទដើម្បីបន្តដំណើរការតាមនីតិវិធី។

សូមរម្លឹកថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ២នាក់បានប្រើប្រាស់អាវុធខ្លីប្លន់អ្នកលក់ចាប់ហួយនៅភូមិពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច។ គ្រានោះ ជនរងគ្រោះអះអាងថាបានបាត់លុយ៤លានរៀល កងដៃប្លាទីនទម្ងន់១តម្លឹង១ជី ខ្សែកប្លាទីនទម្ងន់៥ជី ចិញ្ចៀនប្លាទីនទម្ងន់១ជី និងទូរសព្ទដៃ១គ្រឿង។ ក្រោយហេតុការណ៍កើតឡើង មន្ត្រីនគរបាលផែនព្រហ្មទណ្ឌខេត្តកំពត សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចបានបើកការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង កុសល ភេទប្រុស អាយុ ៣១ឆ្នាំ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។ តាមរយ:នេះ សមត្ថកិច្ចក៏កំណត់បាននូវមុខសញ្ញាម្នាក់ទៀតឈ្មោះ កៅ ផា ហៅណៃ អាយុ ២៧ឆ្នាំ មានទីលំនៅភូមិអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតដោយបានគេចខ្លួនទៅខេត្តស្វាយរៀង ហើយនាំយកអាវុធខ្លី និងទ្រព្យសម្បត្តិប្លន់បានទៅជាមួយផង។ លុះដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចក៏តាមចាប់ខ្លួនឈ្មោះ កៅ ផា ហៅណៃ រួចបញ្ជូនទៅសាលាដំបូងចាត់ការបន្ត។ តាមរយ:ជនត្រូវចោទទាំង២ សមត្ថកិច្ចបានទទួលចម្លើយថាឈ្មោះ អ៊ុង សុក្រិត ជាអ្នករៀបចំគម្រោង និងផ្តល់អាវុធខ្លីសម្រាប់ប្រើប្រាស់ក្នុងអំពើប្លន់នោះ៕