សន្ដិសុខសង្គម

ប្រជុំជ្រើសរើសអនុគណថ្មីក្រុងប៉ោយប៉ែតបន្ទាប់ពីអតីតអនុគណចាស់មានរឿងអាស្រូវស្រីញី

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ដើម្បីកុំអោយស្ទះការងារនិងពង្រឹងនូវគុណភាព អភិបាលកិច្ចក្នុងការដឹកនាំគ្រប់គ្រងព្រះសង្ឃនិងវត្តអារាមព្រះពុទ្ធសាសនាអោយមានដំណើរការបន្ត មានរបៀបរៀបរយ សណ្តាប់ធ្នាប់ បានលទ្ធផលល្អនិងមានប្រសិទ្ធភាពនោះ ព្រះមន្ត្រីសង្ឃសាលាគណខេត្ត សហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត បានបើកកិច្ចប្រជុំបន្ទាន់មួយ ស្ដីពីការជ្រើសរើសព្រះអនុគណក្រុងប៉ោយប៉ែតថ្មីជំនួសអន្ទិត ប៉ុក ចំរើន អតីតអនុគណចាស់ក្រុងប៉ោយប៉ែត ត្រូវបានលាចាកសិក្ខាបទដោយ បង្ខំចិត្តកាលពីពេលកន្លងទៅថ្មីៗនេះ។

លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត ព្រះការរៀបចំជ្រើសរើសរចនាសម្ព័ន្ធដឹកនាំនោះធ្វើទៅតាមឋានានុក្រម គឺព្រះសមណៈភីរ័ត ប៉ោ សុខឿន បច្ចុប្បន្នជាព្រះគ្រូចៅអធិការវត្ត និមិត្តសុធីរាម ហៅវត្តកូនដំរី នាផ្លូវជាតិលេខ៥ភូមិកូនដំរីសង្កាត់ និមិត្តក្រុងប៉ោយប៉ែត-ជាព្រះវិន័យធរអនុគណក្រុង គួរឱ្យឡើងឋាន:  ទៅជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃនេះតទៅ ។

លោក  បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យដឹងថ្ងៃទី២៤ខែមករាឆ្នាំ២០២៤ថា : ព្រះវិជ័យមុនី ធុល សុធាព្រះមេគណខេត្ត និងលោកយឹម សំណាង អភិបាលរងខេត្ត បានបើកកិច្ចប្រជុំជ្រើសរើសនិងតែងតាំងព្រះមន្ត្រីសាលាក្រុងប៉ោយប៉ែតនាខណ:នេះគឺមានភារ:សំខាន់សម្រាប់ធ្វើការដឹកនាំគ្រប់គ្រងគណ:អនុគណក្រុងដែលចាំបាច់ជាបន្តទៀត។

ម្យ៉ាងក្បាលម៉ាស៊ីននេះ ត្រូវតែមានអ្នកដឹកនាំជាបន្ទាន់ជំនួសអ្នកចាស់ ដែលលែងមានជារៀងរហូតផងនិងដើម្បីបញ្ជៀសនូវបាតុភាពអវិជ្ជមានណាមួយកើតឡើងផង។

ព្រះវិជ័យមុនី -រាជាគណ:ធុល សុធាព្រះមេគណខេត្ត និងលោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានមានសង្ឃដីកា និងប្រសាសន៍ផ្តាំផ្ញើដល់ព្រះមន្ត្រីសង្ឃ នៃក្រុងប៉ោយប៉ែតដែលត្រូវបាន ប្រកាសតែងតាំងនៅថ្ងៃនេះសូមរួបរួមគ្នារក្សានូវសុខសន្តិភាពសាមគ្គីផ្ទៃក្នុង រម្ងាប់អធិករណ៍ដែលបម្រុងកើតឬកីកើតមានឡើងព្រោះថា សាមគ្គីភាពគឺជា ចលករនៃភាពស្ងប់  អហិង្សា សន្តិភាព ឯកភាពនិងសាមគ្គីភាព ។

ព្រះមេគណនិងអភិបាលរងខេត្តក៏សុំបិណ្ឌបាត្រនិងសូមព្រះសង្ឃ គណៈអាចារ្យ គណៈកម្មការវត្ត ញោមញាតិពុទ្ធបរិស័ទ សប្បុរសជនទាំងឡាយបន្តចូលរួមលើកកម្ពស់ជំនឿលើព័ទ្ធសាសនា ឧបត្ថម្ភ គាំទ្រនិងជ្រះថ្លានឹងព្រះសង្ឃ ព្រះពុទ្ធសាសានាជារួមបន្តទៀត។

ឯករណីឬរឿងរបស់បុគ្គលព្រះមន្ត្រី/សង្ឃបានប្រព្រឹត្តខុសឆ្គង សូមទុកជា​រឿងបុគ្គលទៅចុះ ។

ពោលគឺមានការជ្រើសតាំង​ព្រះមន្រី្តសង្ឃ​ ក្នុងរចនាសម្ព័ន្ធដឹកនាំ​ ជាព្រះគ្រូអនុគណ​ ព្រះវិន័យធរ​ ព្រះធម្មធរ​ ព្រះសមុ​ហ៍ និងព្រះលេខាធិការសាលាអនុគណក្រុងប៉ោយប៉ែតទាំងមូល ។

ទោះជាយ៉ាងណា ចំពោះវត្តស្ទឹងបត់នៅមិនទាន់រកបានព្រះគ្រូ​ចៅអធិការវត្តនៅឡើយ ត្បិតអីកាលអង្គប៉ុក ចំរើន គង់នៅ ព្រះអង្គមិនរៀបចំអោយមានរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងឡើយ។

ពោលគឺមានតែព្រះគ្រូចៅអធិការវរត្ត តែគ្មានព្រះគ្រូសូត្រស្តាំ ព្រះគ្រូសូត្រឆ្វេង លេខា អាចារ្យ គណៈកម្មការ…ច្បាស់លាស់ឡើយ។

ពោលគឺវត្តស្ទឹងបត់និងសាលាអនុគណក្រុងគឺមានតែតួអង្គប៉ុក ចំរើន ដឹកនាំ គ្រប់គ្រងនិងចាត់ចែងផ្តាច់មុខតែ១អង្គឯងប៉ុណ្ណោះ ។

គួររំលឹកថា ក្នុងពេលអញ្ជើញជាអធិបតីបើកវិញ្ញាសារនៃដំណើរ​ការមណ្ឌលសំណេរប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាហៅបាលីរង នាពុទ្ធិក:វិទ្យាល័យសម្តេចជា ស៊ីម វត្តស្វាយក្រុងសិរីសោភ័ណកាលពី​ថ្ងៃទី២០ខែមករាឆ្នាំ២០២៤  លោកអ៊ុំ រាត្រី​គាំទ្រជរុញអោយមន្ទីរធម្មការ​និងកិច្ចការសាសនានិងគណ:សង្ឃគណខេត្តប្រញាប់ជ្រើសរើសព្រះគ្រូអនុគណក្រុងប៉ោយប៉ែតថ្មីជំនួសតួអង្គចាស់គឺអន្ទិតប៉ុក ចំរើន ដែលបានលាចាក​សិក្ខាបទ។

ក្នុងនោះ លោកបង្ហាញអោយជ្រើសរើសព្រះសមណៈភីរ័ត ប៉ោ សុខឿន ព្រះវិន័យធរអនុគណក្រុងប៉ោយប៉ែត ជាបេក្ខភាពសម្រាប់ប្រកួតជ្រើសរើស​ជាមួយបេក្ខជនផ្សេងផងដែរ។

ព្រះករុណាព្រះសមណាភិរ័ត​ ប៉ោ​ សុឃឿន​ ព្រះអនុគណថ្មីក្រុងប៉ោយប៉ែត​មានសង្ឃដីកាថា : សូមប្រគេនពរ​ និង​ អរព្រះគុណព្រះប្រធានថេរសភា​គណ:សង្ឃខេត្តបន្ទាយមានជ័យ​ និង​ លោកប្រធានមន្ទីរធម្មការនិងសាសនា​ខេត្ត​ លោកប្រធានក្រុមប្រឹក្សាខេត្ត​ លោកអភិបាលនៃគណអភិបាលខេត្ត​ លោក​ប្រធានក្រុមប្រឹក្សាក្រុង​ លោកអភិបាលនៃគណ:ភិបាលក្រុង​ប៉ោយប៉ែត​ លោកចៅសង្កាត់និមិត្ត​ ព្រះគ្រូចៅអធិការទាំង២៣វត្តក្នុងក្រុង​ និងលោកអាចារ្យគណកម្មការ​ សមាគមអាចារ្យក្រុងប៉ោយប៉ែត​ ដែលបានសហការគ្នាជ្រេីសយកអាត្មាភាពជាព្រះអនុគណក្រុងប៉ោយប៉ែត​

និងក៏ជ្រេីសលេខាធិការបំពេញបន្ថែមប្រអប់ព្រះមន្ត្រីសង្ឃសាលាអនុគណក្រុងប៉ោយប៉ែតអោយពេញប្រអប់ទាំង៥ព្រះអង្គដេីម្បីប្រយោជន៍ក្នុងការ​បំពេញការងារ​ព្រះពុទ្ធសាសនាអោយបានល្អប្រសេីរ​ តរៀងទៅ​ ។

សូមរំលឹកដែរថា អន្ទិតឬអតីតព្រះគ្រូប៉ុក ចំរើន អនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់នៅភូមិស្ទឹងបត់ភូមិស្ទឹងបត់សង្កាត់ផ្សារ​កណ្តាលបានប្រកាសលាចាកសិក្ខាបទឬសឹកដោយចំហមួយ ដែលត្រូវធ្វើ​ពិធីនាល្ងាចថ្ងៃទី១៨និងព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ ។

ប៉ុន្តែគម្រោងនោះត្រូវខកខានទៅវិញដោយសារមានមហាជនជាច្រើនរង់ចាំមើលមុខព្រះអង្គនេះ ហើយអោយបកស្រាយទាក់ទិនរឿងអាស្រូវផ្លូវភេទ​របស់តួអង្គប៉ុក ចំរើន ជាមួយស្ត្រីវ័យក្មេងអាយុ២២ឆ្នាំម្នាក់និងករណី​បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់(វាយអោយរងរបួស)១ករណីទៀតរបស់តួអង្គនេះលើនេនសង្ឃតូចនៅក្នុងវត្តនេះ សំណុំរឿងនេះជាប់ក្នុងបណ្តឹងនៅតុលាការខេត្តបន្ទាយមានជ័យ។

ហេតុនេះ តួអង្គអន្ទឹតប៉ុក ចំរើន មិនហ៊ានធ្វើពិធីលាចាកសិក្ខាបទ​ដោយចំហទៀតទេ ត្បិតមានលេចឮពាក្យថា :” ព្រះអង្គសឹកពេលណា សមត្ថកិច្ចនឹងចាប់ខ្លួនប៉ុក ចំរើននាពេលនោះក្នុងរឿងវាយអោយរបួស។ឯរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីវ័យក្មេង អាចថាដោះស្រាយរួចមួយ​អន្លើកន្លងមក ដោយតួអង្គរូបនេះបានដោះស្រាយលុយ៣.០០០ដុល្លារ​អាមេរិកអោយនាងរួចហើយ ” ។

មន្ត្រីមន្ទីរធម្មការនិងគណ:មន្ត្រីសង្ឃសាលាគណខេត្តបានប្រាប់សារព័ត៌មានថា : ហេតុនេះបានជាអតីតចៅអធិការវត្តស្ទឹងបត់និងជាព្រះអនុគណ​ក្រុងប៉ោយប៉ែតបាននិមន្តមកវត្តស្ទឹងបត់ ហើយនិមន្តព្រះគ្រូបាឡាត់គណខេត្ត ណាប់ ម៉ឺន និងព្រះមន្ត្រីសង្ឃ ញោមញាតិមួយចំនួជួយធ្វើកម្មវិធីលាចាកសិក្ខាបទ(សឹក)នាយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤វិញ ។

បន្ទាប់មកតួអង្គប៉ុក ចំរើន បានគេចខ្លួនបាត់ទៅ។រីឯកុដិដែលអន្ទិតនេះធ្លាប់​គង់នៅ ក៏ចាក់សោមិនអោយព្រះសង្ឃនិងអ្នកផ្សេងចូលដែរ មកទល់ថ្ងៃទី២៦​ខែមករានេះ ៕