សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូដឹកប្រពន្ធកំពុងមានផ្ទៃពោះជិតឆ្លងទន្លេបុករ៉ឺម៉កពីក្រោយបណ្ដាលឱ្យបាត់បង់ជីវិត

ដោយ:សុខុម
ភ្នំពេញ ៖គ្រោះថ្នាក់នៅលើដងផ្លូវមួយបានឆក់យកជីវិតបុរសម្នាក់ពេល​ជិះម៉ូតូដឹក​ប្រពន្ធកំពុងមានផ្ទៃពោះជ្រុលបុកពីក្រោយរ៉ឺម៉កកាលពីយប់​ថ្ងៃទី២៥​ខែមករាឆ្នាំ២០២៤ តាមផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានបញ្ជាក់ក្រោយហេតុការណ៍ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ិន រិទ្ធ អាយុ៣៥ឆ្នាំ ជាកម្មករសំណង់ រស់នៅបន្ទប់ជួលជិតវត្តព្រៃស្ពឺ សង្កាត់ចោមចៅទី២ និងមានស្រុកកំណើត នៅខេត្តតាកែវ។


ហេតុការណ៍​នេះអ្នកលក់ដូរក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ពី ដំបូង​គេឃើញបុរសម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1GA-5789 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូង​មកជើង។ពេលបើកមកដល់ចំណុចកើតហេតុក៏ឈប់រ៉ឺម៉កនៅលើដងផ្លូវ រួចចុះទៅបត់ជើងតូចនៅក្បែរនោះ។ ពេលនោះជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ1B-0376 ដឹកប្រពន្ធធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅស្របគ្នាពីត្បូងមកជើងក្នុងល្បឿនលឿន។ពេលជិះមកដល់ចំណុច​កើតហេតុក៏ជ្រុលបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹងធ្វើឲ្យរ៉ឺម៉កធ្លាក់​ចូលទៅចិញ្ចើមផ្លូវ។ជនរងគ្រោះបានបុកនឹងដែករុឺម៉កដួលស្លាប់មួយរំពេច។ ភ្លាមនោះម្ចាស់រ៉ឺម៉ករត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុភ្លាម នគរបាលក៏បានចុះធ្វើកំណត់ហេតុយករុឺម៉ក់និងម៉ូតូ​ទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ជាបន្តទៀត៕