ព័ត៌មានជាតិ

គ្រូនិងសិស្សសាលាហ៊ុនសែនត្រសេកកោងតាំងចិត្តអនុវត្តយុទ្ធនាការមិនប្រើប្រាស់ថង់ប្លាស្ទិក

ដោយ៖កំចាយ

កំពត÷ បន្ទាប់ពីក្រសួងដាក់ឱ្យអនុវត្តយុទ្ធនាការ “ ថ្ងៃនេះខ្ញុំមិនប្រើថង់​ប្លាស្ទិកទេ ” លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៅសាលាវិទ្យាល័យ និងបឋមសិក្សាហ៊ុន សែន ត្រសេកកោង ស្ថិតក្នុងឃុំថ្មី ស្រុកទឹកឈូ​បានតាំងចិត្តចូលរួម ក៏ដូចជាផ្សព្វផ្សាយបន្តចំពោះប្រធានបទនេះ​ឱ្យកាន់តែល្អប្រសើរ ពិសេសការគ្រប់គ្រងសំរាម និងការទុកដាក់​ថង់ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

ក្រុមសិស្សថ្នាក់ទី១២នៃវិទ្យាល័យហ៊ុន សែនត្រសេកកោង បានរៀបរាប់ថា ដើម្បីរក្សាសោភ័ណភាព អនាម័យបរិស្ថាន លោកនាយកបានដាក់វេនសម្អាត​សាលារៀនសម្រាប់សិស្សប្រចាំថ្នាក់នីមួយៗ ពិសេសដាក់វិន័យដោយមិនឱ្យ​សិស្សយកថង់ប្លាស្ទិកចូលក្នុងថ្នាក់រៀនឡើយ។ សិស្សភាគច្រើនបានចូលរួម​អនុវត្ត ទើបធ្វើឱ្យទីធ្លាសាលាគ្មានប្លាស្ទិករាយប៉ាយពាសវាលពាសកាល។

លោកស្រី ស៊ឹម មករា នាយិការងវិទ្យាល័យខាងលើបានមានប្រសាសន៍ថា ជាងមួយឆ្នាំមកនេះ ការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានរឹតបន្តឹង​ដោយសាលា​បាន​ណែនាំដល់សិស្ស និងអ្នកលក់ដូរចំណីអាហារឱ្យកាត់បន្ថយ​ការប្រើប្រាស់ថង់ប្លាស្ទិកមកនៅកម្រិតអប្បបរមា។ ជាលទ្ធផល ជាងមួយខែ​ដែលសាលាបានអនុវត្តយុទ្ធនាការ “ ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” ឃើញថា​ការទុកដាក់សំរាម និងថង់ប្លាស្ទិកមានភាពល្អប្រសើរ​ប្រមាណ៨០ភាគរយហើយ។ ក្នុងនាមគណ:គ្រប់គ្រងសាលា លោកស្រី​សង្ឃឹមថាទៅថ្ងៃមុខសំរាម ពិសេសថង់ប្លាស្ទិកនឹងមិនត្រូវបាននរណា​ម្នាក់ចោលរាយប៉ាយដូចមុនទៀតឡើយ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាល័យហ៊ុន សែនត្រសេកកោងមានសិស្សចំនួន១.៣៨៥នាក់។ ចំណែកថ្នាក់បឋមសិក្សា​ក្នុងបរិវេណសាលាជាមួយគ្នានេះមានសិស្សប្រមាណជាង៥០០នាក់។ តាមរយ:សកម្មភាពបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស និងការផ្សព្វផ្សាយបន្ត សង្ឃឹមថាយុទ្ធនាការ “ ថ្ងៃនេះខ្ញុំមិនប្រើថង់​ប្លាស្ទិកទេ ” នឹងបានជ្រាបដល់អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយចូលរួមអនុវត្តទាំងអស់គ្នា៕