ព័ត៌មានជាតិ

ក្រុមការងារបានចុះសង្គ្រោះស្រូវប្រាំងដែលប្រឈមនឹងកង្វះខាតទឹកក្នុងស្រុកចំនួន៣

ដោយ៖កំចាយ

កំពត÷ មន្ត្រីក្នុងដែនជំនាញបានអះអាងថា ដោយមានការយកចិត្តទុកដាក់​ពីអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធលើករណីប្រឈមនឹងកង្វះខាតទឹកសម្រាប់​ស្រូវប្រាំងនៅទូទាំងខេត្តកំពតត្រូវបានសង្គ្រោះដោយបញ្ចៀសពីការខូចខាតទាន់ពេលវេលា។

លោក ចាន់ ផេង អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត​បានប្រាប់ឱ្យដឹងថា ព្រោះតែកត្តាអាកាសធាតុប្រែប្រួល​ដោយរដូវប្រាំង​អូសបន្លាយរយ:ពេលយូរ និងការកើនកម្តៅខ្លាំង គួបផ្សំពុំមានភ្លៀងកក់ខែផង​បានធ្វើឱ្យដំណាំស្រូវរាប់រយហិកតា នៅក្នុងស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យជួបបញ្ហាកង្វះទឹកសម្រាប់ស្រោចស្រព​ដំណាំ ពិសេសស្រូវប្រាំង។ ទោះជាបែបនេះក្តី ដោយមានការយកចិត្ត​ទុកដាក់ និងណែនាំពីក្រសួងជំនាញ ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរ​ពាក់ព័ន្ធ​បានសហការចុះជួយបូមទឹកជូនប្រជាពលរដ្ឋនៅតំបន់ងាយ​រងគ្រោះក្នុងស្រុកនីមួយៗចាប់តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ មកម្ល៉េះ។ គិតដល់ថ្ងៃទី២៥ ខែមករា ការបូមទឹកជួយសង្គ្រោះស្រូវប្រាំងសម្រេច​បានស្ទើរ​១០០ភាគរយហើយនៅក្នុងស្រុកទាំង៣នោះ។

លោក តេង វ៉ាន់ធឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព​កសិកម្មបានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ មន្ទីរកសិកម្មអស់មានក្តីបារម្ភនូវ​បញ្ហាខូចខាតស្រូវប្រាំងរបស់ពលរដ្ឋដោយសារកង្វះខាតទឹកទៀតហើយ។ តំបន់ប្រឈមនៅស្រុកទាំង៣ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។

លោកប្រធានការិយាល័យបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ផ្ទៃដីដំណាំស្រូវប្រាំងទូទាំងខេត្ត ដែលបានបង្កបង្កើនផល​អនុវត្តបាន១៣.៤១២ហិកតា ស្មើ១៣៣ភាគរយនៃផែនការ។ មន្ទីជំនាញពាក់ព័ន្ទ រួមទាំងអាជ្ញាធរនៅតែបន្តតាមដានដោយយក​ចិត្ត​ទុកដាក់ចំពោះការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋដោយរង់ចាំអន្តរាគមន៍ឱ្យទាន់ពេលវេលា៕