ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ

អត្ថបទ៖នាយដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
សៀមរាប៖ បន្ទាប់ពីបានចំណាយពេលវេលាជួសជុលអស់រយៈពេល​ជាច្រើនខែមក នាចុងឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់រួចរាល់ការជួសជុលប្រាសាទតាព្រហ្មកិល ឱ្យងើបឈរបង្ហាញ​រូបរាងជាថ្មីឡើងវិញ ដើម្បីទុកជាប្រយោជន៍សម្រាប់មនុស្សជាតិជំនាន់​ក្រោយ។

                                           (រូបភាព៖លោកភោគ ជា)

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា នៅក្នុងដំណើរការជួសជុលប្រាសាទ​តាព្រហ្មកិល បានចែកចេញជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺការសិក្សាស្រាវជ្រាវ គូសប្លង់ និងកំណាយស្រាវជ្រាវ។ ដំណាក់កាលទីពីរ បានចាប់ផ្តើមតាំងពីអំឡុងខែមីនា មកដល់ខែធ្នូ ឆ្នាំ២០២៣ថ្មីៗនេះ បានបញ្ចប់ការងារជួសជុល ធ្វើឱ្យរចនាសម្ព័ន្ធរបស់ប្រាសាទបានរឹងមាំ​ជាងពេលមុន ដែលធ្លាប់តែទ្រេត បាក់ធ្លាក់ និងទល់ទ្រជាញឹកញាប់។

                                                    (រូបភាព៖លោកភោគ ជា)

ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល បានបញ្ជាក់ថា ប្រាសាទនេះ​បានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដូច្នេះចំពោះការងារជួសជុលគឺពង្រឹង​រចនាសម្ព័ន្ធនៃជ្រុងដែលបាក់ធ្លាក់ឱ្យរឹងមាំឡើងវិញ ដោយមានជំនួស​នូវថ្មថ្មីខ្លះៗ។

                                           (រូបភាព៖លោកភោគ ជា)

លោកម៉ៅ សុខនី បន្ថែមថា មកដល់ពេលនេះ ក្រុមការងារកំពុងរៀបចំ​ជាវង់ទស្សនា​សម្រាប់ភ្ញៀវ សម្អាតប្រព័ន្ធលូទឹក ដើម្បីឱ្យហូរចូលទៅក្នុងស្រះ​ផ្នែកខាងជើង និងរៀបចំទីធ្លាប្រាសាទឱ្យមានសណ្តាប់ធ្នាប់ឡើងវិញ ដើម្បីងាយស្រួលភ្ញៀវដើរទស្សនាប្រាសាទ។

សូមជម្រាបថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់​មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤​ជុំវិញក្រុងអង្គរធំ។ កសាងឡើងក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រឹស្តរាជ។ ប្រាសាទនេះ មានទីតាំងនៅផ្នែក​ខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕

                                     (រូបភាព៖លោកភោគ ជា)