ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា គ្រោងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកដូចពីសម័យបុរាណឡើងវិញ

ដោយ៖ភោគ ជា

សៀមរាប​៖ ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ពន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។

បុរាណវិទូ លោក ខៀវ ច័ន្ទ មានប្រសាសន៍ថា៖ កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជាកំណាយសង្គ្រោះ​ដែលជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ សម្រាប់សិក្សា ដើម្បីចង់ដឹងឱ្យប្រាកដ ថាតើរចនាសម្ពន្ធរបស់ស្រះកាលពីសម័យបុរាណមានទំហំប៉ុនណា? តើមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? ហើយតើអាចម៍ដីដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះ​មកតាមទឹកឬក៏ជាអាចម៍ដីដែលគេចាក់លុបនៅក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី?។

លោក ខៀវ ច័ន្ទ ឱ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាអំពី​ទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ពន្ធរបស់ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ?។


ក្រុមអ្នកបុរាណវិទូឱ្យដឹងថា នៅពេលណាដែលអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណ​ដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័នឱ្យដូចសម័យកាលបុរាណឡើងវិញ៕