ព័ត៌មានជាតិ

ស្នើដល់សមាគមសិស្ស និសិត្ស បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាមធ្វើសកម្មភាពមនុស្សធម៌

ដោយ៖ គង់ហេង
កំពង់ចាម៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើដល់ថ្នាក់ដឹកនាំសាខាសមាគមសិស្ស និសិត្ស បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដែលមានសមាជិកប្រមាណ ៣.០០០ នាក់ បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំង ឱ្យកាន់តែល្អប្រសើរ និងបន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម។


លោកអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស នៃសមាគមសិស្ស និសិ្សត បញ្ញវន្តក្មេងវត្តខេត្តនេះផង បានស្នើ ផ្តាំផ្ញើយ៉ាងដូច្នេះ នៅក្នុងការដែលលោក​បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ របស់សមាគមសិស្ស និសិត្ស បញ្ញវន្តក្មេងវត្ត ដែលបានរៀបចំឡើងនៅ​ក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ មករានេះ។


លោកបានថ្លែងថា៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកសូមធ្វើការផ្តាំផ្ញើ​កិច្ចការមួយចំនួនចំពោះថ្នាក់ដឹកនាំសាខាសមាគមទាំងអស់ដូចជាៈ បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក។ បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមពិសេសនៅតាមបណ្តាវត្តអារាម។ សូមធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដទៃទៀតដូចជា៖ ក្រុមការងារយុវជនគណបក្សខេត្ត សសយក សមាគមនារី យុវជនស្រឡាញ់សន្តិភាព អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋាន និងសូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត។


លោក សំ ពិសិដ្ឋ ជាអភិបាលស្រុកចម្ការលើ និងជាប្រធានសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាមបានបញ្ជាក់ពីប្រវត្តិរបស់សមាគមមួយនេះ​នៅក្នុងរបាយការណ៍ស្វាគមន៍ថា៖ សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ជាអង្គការមហាជនមួយ ក្នុងចំណោមអង្គការមហាជនដទៃទៀត របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានចាប់បដិសន្ធិឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៩ និងទទួលបាននូវការ អនុញ្ញាតចុះឈ្មោះក្នុងបញ្ជី សមាគមរបស់ក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ៣០៣ សជណ ចុះថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០០០។ ការបង្កើតនូវសមាគមនេះឡើង ក្នុងគោលបំណងគឺ៖ ចងបាច់ឆន្ទៈមនសិការជាធ្លុងមួយ លើកកម្ពស់សាមគ្គីភាព សង្គហភាព សមត្ថភាព និងសក្តានុពលរបស់សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត, លើកស្ទួយ តម្លៃព្រះពុទ្ធសាសនា, លើកស្ទួយតម្លៃវប្បធម៌ អក្សរសាស្រ្តជាតិ ចូលរួមការពារសន្តិភាព និងចូលរួមអភិវឌ្ឍ សង្គមជាមួយរាជរដ្ឋាភិបាល។ ចំណែកឯការចាប់បដិសន្ធិឡើងរបស់សមាគមនេះ គឺក្រោមការផ្ដួចផ្ដើមនិងជួយ ជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហា ក្សត្រ ព្រោះសម្តេចក៏ជាបញ្ញវន្តក្មេង​មួយរូប ដែលបានស្នាក់នៅក្នុងវត្តនាគវ័នតេជោជាច្រើនឆ្នាំ ដើម្បីបន្តសិក្សា រៀនសូត្រ​រហូតទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ នៅក្នុងដំណាក់កាលដំបូងសមាគម បានពង្រីកខ្លួននៅតែក្នុងរាជ ធានីភ្នំពេញប៉ុណ្ណោះ។ តែលុះក្រោយមកក៏ត្រូវបាន​ពង្រីកខ្លួនទៅតាមបណ្តាខេត្តមួយចំនួន ជាបន្តបន្ទាប់។


ដោយឡែកនៅក្នុងទឹកដី​ខេត្ត​កំពង់ចាម ក្រោមការផ្តួចផ្តើមនិងជ្រោមជ្រែងយ៉ាង​យកចិត្តទុកដាក់ពីសំណាក់ឯក ឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម ។ សាខា សមាគម នេះ ក៏ត្រូវបានចាប់ប្រសូតឡើងតាមលិខិតបង្គាប់ការលេខ០៣២/២០ ល.ប.ក ចុះថ្ងៃពុធ ១៣កើត ខ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ របស់សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ដោយលិខិតបង្គាប់ការនេះ បានបង្កើតជាក្រុមការងារសាខាសមាគមប្រចាំខេត្តកំពង់ចាម ដែល មានសមាសភាព​ចំនួន២០រូប ក្នុងនោះមានប្រធាន១រូប, អនុប្រធាន០២រូប, លេខា០៣រូប, និងសមាជិក១៤រូប។ លុះមកដល់ថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ទើបបាន ប្រែក្លាយពីក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ប្រចាំខេត្តកំពង់ចាម មកជាសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម វិញ តាមសេចក្តីសម្រេចលេខ០៩/២១ សសរ របស់សមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត បើគិតអំពីអាយុកាលនៃថ្ងៃប្រសូតរហូតមក​ដល់ពេលប្រារព្ធពិធីនេះ គឺទើបតែបាន អាយុកាល ៣ឆ្នាំ ៣ខែ និង២៥ថ្ងៃហើយ៕