ព័ត៌មានជាតិ

សហប្រតិបត្តិការកម្ពុជា-កូរ៉េលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាបន្ទាយមានជ័យ-បាត់ដំបង

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រ​កម្ពុជាកម្ពុជា-សាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូងក្រោមហិរញ្ញប្បទាន​សម្បទានពីធនាគារកូរ៉េ (Eximbank)បាននឹងកំពុងអនុវត្តគម្រោង​អភិវឌ្ឍន៍ប្រព័ន្ធ​ធារាសាស្រ្តនិងកាត់បន្ថយទឹកជំនន់(IDFMP )ចំនួន៣កន្លែងនៅខេត្តបន្ទាយមានជ័យ ១កន្លែងធំជាប់គ្នាលើ​៤ស្រុក​ក្រុង​និង២កន្លែងនៅខេត្តបាត់ដំបង លើ២ស្រុកដាច់ដោយ​ឡែក។

គម្រោងនោះក៏មានការគាំទ្រសហការយ៉ាងជិតស្និទ្ធពីរាជរដ្ឋាភិ​បាលកម្ព្ជុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ដែលសហការដោះស្រាយផលប៉ះពាល់ ការបោស​សម្អាតមីននិងគ្រាប់យុទ្ធភណ្ឌសំណល់ពីសង្គ្រាម ព្រមទាំងបញ្ហា​ផ្សេងៗ ។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤  លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និងឧតុនិយម អមដំណើរដោយ​ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះ​ពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank នៃសាធារណរដ្ឋកូរ៉េ។

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹក​ជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹកមកពី​តាមបណ្តាអូរ ស្ទឹង ខ្ពង់រាប កូនភ្នំនៅតាមបណ្តោយ​ព្រំដែនកម្ពុជា-ថៃ និងក្នុងភូមិសាស្ត្រមានហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការសរុប​ចំនួន ១៨៧កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង(អាងពង្រនៅ​សង្កាត់​និមិត្តក្រុងប៉ោយប៉ែត,អាងវាំងហែង នៅឃុំទួលពង្រស្រុក​ម៉ាឡៃនិងអាងកន្សែងនៅឃុំសឹង្ហស្រុកអូរជ្រៅ) និងជួសជុលអាងទឹកអូរខៃដននៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតនិងឃុំទួលពង្រស្រុកម៉ាឡៃ ។

យោងក្រសួងធនធានទឹកអោយដឹងថា: គម្រោងនេះមានលទ្ធភាព​ស្រោចស្រពផ្ទៃដីបង្កបង្កើនផលសរុបប្រមាណជិត២០០០០​ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំ​ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុង​សិរីសោភ័ណ។

បើតាមរបាយការណ៍ក្រុមហ៊ុនទទួលសិទ្ធិសាងសង់បានឱ្យដឹងថា : ការអនុវត្តន៍គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយ​ទឹកជំនន់ខេត្តបន្ទាយមានជ័យមកដល់ពេលនេះសម្រេចបាន​ប្រមាណ២០% លើផែនការ១៥%។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោង លោករដ្ឋមន្ត្រី រួមជាមួយលោកថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារសាងសង់តាមទីតាំង​សំខាន់ៗរបស់គម្រោងដែលរួមមាន ប្រឡាយលេខ២ អាងទឹកពង្រ អាងទឹកអូរខៃដន អាងទឹកវាំងហែង និងប្រឡាយលេខ១-១ និង​ប្រឡាយលេខ១-២ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោកថោ ជេដ្ឋ រដ្ឋមន្ត្រី ឱ្យដឹងថា :ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់​ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភព​ធនធានទឹកក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការ​ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយ​បាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្កលក្ខណៈឱ្យគម្រោងនេះអនុវត្តទៅបានតាមផែនការដែលបានគ្រោងទុក។

បើយោងមន្ត្រីគ្រប់គ្រងគម្រោងនៃក្រសួងធនធានទឹកអោយដឹងផងដែរថា : តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank និងដោយមានការគាំទ្រ​សហការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តគម្រោងចំនួន៣គឺ៖ទី១៖ គម្រោងពហុបំណង​ទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបងកំពុងដំណើរការសាងសង់​ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៥ ។ ទី២៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់​ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ។ និង ទី៣៖ គម្រោងកាត់បន្ថយ​ទឹកជំនន់និងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេលខេត្តបាត់ដំបង៕