សន្ដិសុខសង្គម

សមត្ថកិច្ចអំពាវនាវដល់អ្នកបញ្ជាយានយន្តប្តូរទម្លាប់ពីការខ្លាចនគរបាលតាមដងផ្លូវមកបង្កើនការគោរពច្បាប់

ដោយ៖កំចាយ

កំពត÷ មន្ត្រីនគរបាលជំនាញបានបញ្ជាក់ថា​ក្រោយពីសមត្ថកិច្ចរឹតបន្តឹង​តាមរយ:ការចុះអនុវត្តច្បាប់ចរាចរណ៍ គឺអត្រាគ្រោះថ្នាក់នៅលើដងផ្លូវបាន​ថមថយច្រើន ហើយអ្នកបញ្ជាយានយន្តកាន់តែមានការយល់ដឹង និងចូលរួមអនុវត្តខ្ជាប់ខ្ជួនជាងមុន។ ក្នុងបំណងកាត់បន្ថយករណីគ្រោះថ្នាក់​ឱ្យនៅកម្រិតអប្បបរមា អ្នកបញ្ជាយានយន្តគ្រប់ប្រភេទត្រូវលុបបំបាត់ទម្លាប់​ខ្លាចសមត្ថកិច្ចតាមដងផ្លូវដោយជំនួសមកវិញនូវការបង្កើនកិច្ចគោរពច្បាប់​ចរាចរណ៍បន្ថែមទៀត។

លោកវរសេនីយ៍ទោ ស៊ូ វណ្ណាត នាយរងការិយាល័យនគរបាលចរាចរណ៍​ផ្លូវគោក​នៃស្នងការដ្ឋានខេត្តកំពតបានបញ្ជាក់ថា ដោយមានការអប់រំ​ផ្សព្វផ្សាយ​របស់​មន្ត្រីជំនាញពាក់ព័ន្ធ និងការចុះរឹតបន្តឹងក្នុងកិច្ចអនុវត្តច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោកកន្លងមកឃើញថាអ្នកបញ្ជាយានយន្ត និងអ្នក​ប្រើប្រាស់ផ្លូវបានយល់ដឹង ហើយចូលរួមគោរពច្បាប់បានល្អជាងមុន។ បច្ចុប្បន្ន អត្រាគ្រោះថ្នាក់ចរាចរនៅទូទាំងខេត្តបានថយចុះច្រើនជាងមុន។ ជាក់ស្តែងក្នុងឆ្នាំ២០២៣កន្លងទៅនេះ គ្រោះថ្នាក់ចរាចរនៅទូទាំងខេត្តកើត​ឡើង៦១លើក ខណ:ដែលឆ្នាំ២០២២ មានរហូតដល់៩៥ករណី។

លោកនាយរងការិយាល័យបានបន្តថា ជាការកត់សម្គាល់ បច្ចុប្បន្នអ្នកបញ្ជា​យានយន្ត​នៅលើដងផ្លូវភាគច្រើនគឺអនុវត្តតាមបច្ចេកទេស និងគោរពច្បាប់​ចរាចរណ៍បានល្អ។ ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូចហាក់​ប្រកាន់ទម្លាប់ខ្លាចសមត្ថកិច្ចជាងគោរពច្បាប់ ដូចជា ការពាក់ខ្សែក្រវាត់​ចំពោះអ្នកបើកបររថយន្ត និងពាក់មួកសុវត្ថិភាពសម្រាប់អ្នកបើកម៉ូតូ​ធ្វើឡើងតែពេលឃើញនគរបាលឈរតាមដងផ្លូវប៉ុណ្ណោះ។

លោក ស៊ូ វណ្ណាត បានបញ្ជាក់ថា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅលើដងផ្លូវឱ្យនៅ​កម្រិតអប្បបរមា លោកសូមឱ្យអ្នកបញ្ជាយានយន្តទាំងអស់ប្តូរទម្លាប់​ពីខ្លបខ្លាចសមត្ថកិច្ចមកបង្កើនការគោរពច្បាប់បន្ថែមទៀត។ ជាមូយនេះ ក្នុងនាមលោកស្នងការខេត្តកំពត លោកក៏សូមអំពាវនាវដល់អាណាព្យាបាល​មេត្តាកុំបណ្តែតបណ្តោយកូនដែលមិនទាន់គ្រប់អាយុបើកបរបញ្ជាយានយន្តឱ្យសោះ។ ក្នុងករណីប្រទះឃើញ សមត្ថកិច្ចនឹងចាប់ឃាត់ ហើយអនុវត្តច្បាប់​ដោយមិនលើកលែងឡើយ៕