សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុករណីភ្លើងឆេះរាលដីចម្ការខូចខាតដើមមៀន និងដើមស្វាយជិត ១០០០ដើម

ដោយ៖សុខុម

បាត់ដំបង÷ កម្លាំងនគរបាលស្រុករតនមណ្ឌលកំពុងបន្តស្រាវជ្រាវ​ក្រោយមានហេតុការណ៍ភ្លើងឆេះដីចម្ការរបស់ប្រជាពលរដ្ឋជាច្រើនហិកតាខូចខាតអស់ដើមមៀន និងដើមស្វាយជិត ១០០០ដើម។

កសិករនៅក្បែរទីតាំងកើតហេតុបាននិយាយថា÷ ករណីអគ្គិភ័យ​ឆាបឆេះរាលពីចម្ការមួយទៅចម្ការមួយខាងលើនេះបានកើតឡើងនៅអំឡុងម៉ោងជិត ៤:០០នាទីរសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចក្នុងភូមិបរិបូរណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពដដែលបញ្ជាក់បន្ថែមថា÷ ដំបូងឡើយគេបានឃើញភ្លើង និងផ្សែងខ្មៅខ្មួលខ្មាញ់បានឆេះបោកបក់ និងរាលពេញបន្ទុកនៅ​ត្រង់ដីចម្ការកម្មសិទ្ធិរបស់ឈ្មោះទិត្យ សាវន ភេទស្រី អាយុ ៤៥ឆ្នាំ មានទីលំនៅក្នុងក្រុងបាត់ដំបង បានប៉ះពាល់លើផ្ទៃដីប្រមាណជា ៥ហិកតា ហើយធ្វើអោយខូចខាតដើមមៀន និងស្វាយ ប្រហែល ៤០០ដើម រួចអណ្តាតភ្លើងបានរាលឆេះបន្តរហូតដល់ដីចម្ការ​របស់កសិករចំនួន ២ម្ចាស់ផ្សេងទៀតសរុបផ្ទៃដីជាង ៣ហិកតា​បន្ថែមនិងបានប៉ះពាល់ខូចខាតដំណាំស្វាយចំនួន ៣៥០ដើម​ទៀត។

គ្រោះភ្លើងឆេះចម្ការដំណាំរបស់ប្រជាពលរដ្ឋនេះមកទល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុឲ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែតាម​ចំណាំកន្លងមកករណីដូចនេះតែងកើតឡើងច្រើនតែបង្កដោយ​ក្រុមមនុស្សមួយចំនួនតូចអុជភ្លើងដើម្បីយកឃ្មុំ ឬជក់បារីហើយ​បោះ​កន្ទុយបារីចោលមិនប្រយ័ត្នក៏កើតជាអគ្គិភ័យឡើងតែម្តង៕