សន្ដិសុខសង្គម

ជម្លោះដណ្តើមនារីៗបម្រើការក្នុងហាងស្រាក្រឡុកឈានទៅដល់ឃាត់ខ្លួន៤នាក់

ដោយ:សុខុម
ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤នាក់ក្រោយពីបង្កជម្លោះផឹកសុីនៅក្នុងហាងស្រាក្រឡុកមួយកន្លែង រឿងដណ្តើមនារីៗគ្នាកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ខែមករាឆ្នាំ២០២៤ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ (ផ្លូវអូរដឹមកប់ស្រូវ) ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមនុស្សពីរក្រុមផឹកស្រាក្រឡុកក្នុងហាងខាងលើរហូតដល់រំលងអធ្រាត្រ។ក្រោយពេលស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏ទំនាស់សម្តីគ្នាយ៉ាងខ្លាំង ស្រែកឡូឡាដណ្ដើមនារីបម្រើការនៅក្នុងហាងស្រាក្រឡុកនោះ ។
បន្ទាប់មកភាគីរៀងខ្លួនក៏បានទាញកាំបិត និងដំបងវាយ កាប់ចាក់គ្នាយ៉ាងសាហាវដូចវីដេអូរឿងភាគហុងកុង បណ្ដាលឲ្យរងរបួសទាំងសងខាង ។អ្នកខ្លះបែកក្បាល និងអ្នកខ្លះទៀតរបួសដៃហូរឈាម កក្លាក់។


ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនបាន៤នាក់យកទៅសាកសួរ និងកសាងសំណុំរឿងនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមច្បាប់ ។
ចំណែកនារីៗដែលបម្រើការងារនៅក្នុងហាងស្រាក្រឡុកខាងលើនោះ ចំនួន៣នាក់ ក៏ត្រូវបានកម្លាំងនគរបាលហៅទៅសាកសួរបំភ្លឺពីដំណើររឿងអំពើហិង្សានេះផងដែរ៕