ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យទៅជូនពរខេត្តវិញឡុងនិងខេត្តដុងថាបក្នុងឱកាសចូលឆ្នាំថ្មី

ដោយ : បន្ទាយ

វិញឡុង-ដុងថាប់ / វៀតណាម ៖ ឱកាសបុណ្យចូលឆ្នាំថ្មីរបស់វៀតណាមកាលពីព្រឹកថ្ងៃទី២៣និងរសៀលថ្ងៃទី២៤ ខែមករា​ ឆ្នាំ២០២៤​ លោកអ៊ុំ​ រាត្រី​ អភិបាលខេត្តនិងលោកស្រី បានដឹកនាំប្រតិភូខេត្តបន្ទាយមានជ័យទៅ​ជូន​ពរ​ឆ្នាំថ្មីប្រពៃណីជាតិ​វៀតណាម ​ជូនដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ កងកម្លាំង និងប្រជាជនខេត្តវិញឡុងនិងខេត្តដុងថាប់ សាធារណារដ្ឋសង្គមនិយមវៀតណាម។

នៅទីស្នាកការគណ:កម្មាធិការប្រជាជនខេត្តវិញឡុង ត្រូវបានទទួលបដិសណ្ឋារកិច្ច រាក់ទាក់ កក់ក្តៅនិងស្និទ្ធស្នាលដោយលោក លឺ ក្វាងងឺយ អនុលេខាបក្សនិងប្រធានគណ:កម្មាធិការប្រជាជនខេត្តវិញឡុង។

នៅទីស្នាកការគណ:កម្មាធិការប្រជាជនខេត្តដុងថាប់ ត្រូវបានទទួលបដិសណ្ឋារកិច្ច ស្វាគមន៍ស្អិតរមួតដោយលោកផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សខេត្តនិងជាប្រធានគណ:កម្មាធិការប្រជាជនខេត្តដុងថាប់។

វត្តមានទទួលក៏មានថ្នាក់ដឹកនាំ កម្មាភិបាល មន្ត្រីបក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធនិងអង្គការប្រជាជនខេត្តទាំងនោះជាច្រើននាក់ផងដែរ។

លោក លឺ ក្វាងងឺយ  ក៏ដូចលោកផាម ធៀវ ងា (Pham Thiev Gnia) សុទ្ធមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្តបន្ទាយមានជ័យដែលបានឆ្លៀតឱកាសដ៏មមាញឹក មានតម្លៃ ឆ្លៀតអញ្ជើញដឹកនាំប្រតិភូមកជូនពរថ្នាក់ដឹកនាំ កម្មាភិបាល មន្ត្រីបក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធនិងអង្គការប្រជាជនខេត្តទាំង២ ដាច់ដោយឡែកពីគ្នា ។

នាថ្ងៃនោះដែរ នៅខេត្តដុងថាប់ក៏បានទទួលស្វាគមន៍ផ្លូវការគណ:ប្រតិភូខេត្តព្រៃវែងនិងខេត្តពោធិ៍សាត់ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនៃខេត្តដុងថាប់ផងដែរ ។

ក្នុងជំនួបកិច្ចពិភាក្សានិងលាងសាយភោជន៍ដ៏រីករាយនាឆ្នាំនេះ ចំពេលដែលប្រទេស ទាំងពីរ អបអរសាទរយ៉ាងក្លៀវក្លាខួបទី៥៦ឆ្នាំនៃចំណងការទូតនិងកិច្ចសប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិយាយរួម។

និយាយដោយឡែករវាងខេត្តវិញឡុង ខេត្តដុងថាប់ និងបន្ទាយមានជ័យដែលជាខេត្តសម្ព័ន្ធមេត្រីភាព បានសម្រេចដូចបំណងនូវផ្លែផ្កានៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាទំនាក់ទំនងអន្តរជាតិនិងអ្នកជិតខាងល្អ ការពារជាតិ មហាផ្ទៃ កសិកម្ម ការដាំដុះនិងវារីវប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគនិងធុរកិច្ច សាធារណការនិងដឹកជញ្ជូន ថាមពល ឧស្សាហកម្ម សិប្បកម្ម  វិទ្យាសាស្ត្រ អប់រំ កីឡា បណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ …ជាដើម។

ក្នុងនោះដែរ ទំហំពាណិជ្ជកម្មរវាងខេត្តវិញឡុង ខេត្តដុងថាប់ជាមួយខេត្តព្រៃវែងនិងខេត្តនានាតាមផ្លូវទឹក និងតាមច្រកព្រំដែនអន្តរជាតិយិនបា-បន្ទាយចក្រីនិងច្រកតំបន់ផ្សេងទៀតបានទឹកប្រាក់ជិតពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ។

ក្នុងនោះដែរ កងទ័ពប្រជាជនវៀតណាមខេត្ត ក៏បានផ្តល់ការឧបត្ថម្ភដល់ភាគីខេត្តមិត្ត(បន្ទាយមានជ័យ ពោធិ៍សាត់និងព្រៃវែង)នូវអគារសិក្សា អគារ ហេដ្ឋារចនាសម្ព័ន្ធនិងបំពាក់សម្ភារដល់សាលារៀននិងមូលដ្ឋានកងយោធខេមរភូមិន្ទ, បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់រយនាក់លើជំនាញសុខាភិបាលនិងជំនាញនានានៃវិស័កសិកម្ម។ល។

លោកបានរំលឹកពីចំណងស្មារតីនៃមិត្តភាព សាមគ្គីភាព ភាតរភាពអន្តរជាតិដែលបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម កម្ពុជាបានប្រកៀកស្មាប្រយុទ្ធប្រឆាំងសត្រូវរួម  ជួយគ្នាគ្រប់កាល:ទេស:លំបាកនិងងាយស្រួល ដោយរក្សាបាននូវការគោរពផលប្រយោជន៍ អធិបតេយ្យភាព ឯករាជ្យគ្នាទៅវិញទៅមក។

ទន្ទឹមនឹងប្តេជ្ញាពង្រឹង ពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដោយបន្តពូនជ្រុំចំណងមិត្តភាព  ភាតរភាពសាមគ្គីភាពជាប្រពៃណី ជាបងប្អូន រវាងខេត្តទាំង៣ ដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សរណ:យោគយល់គ្នា(MOU)ដែលបានចុះហត្ថលេខាកន្លងមក  ។

ហើយពិភាក្សាគ្នាលើពង្រាងខ្លឹមសារដើម្បីដាក់ ឆ្លង ពិនិត្យនិងឈានទៅសម្រេចចុះហត្ថលេខាបន្តសុពលភាព៥ឆ្នាំម្តងៗជាថ្មីទៀត ។

សូមបញ្ជាក់ថា ក្រៅពីកិច្ចប្រជុំ ពិភាក្សា ការជូនពរគ្នាក្នុងឱកាសបុណ្យចូលឆ្នាំនិងលៀងសាយភោជន៍  គណៈប្រតិភូជាន់ខ្ពស់ខេត្តបន្ទាយមានជ័យដែលបំពេញទស្សនកិច្ចពីថ្ងៃទី២២-២៥ខែមករាឆ្នាំ២០២៤ នៅខេត្តវិញឡុងនិងខេត្តដុងថាប់ប្រទេសវៀតណាម ក៏បានបន្តទស្សនកិច្ចស្វែងយល់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ  សួនកសិកម្ម,មូលដ្ឋានផលិតកម្ម ,ពាណិជ្ជកម្ម,សេវាកម្ម ,ទេសចរណ៍មួយចំនួនផងដែរ ៕