សន្ដិសុខសង្គម

ឃាត់ជីដូនម្នាក់ក្រោយជាប់សង្ស័យថាបានបញ្ចប់ជីវិតចៅប្រុសខ្លួនឯងដោយសារគ្មានលទ្ធភាពចិញ្ចឹម

ដោយ:សុខុម
កំពង់ស្ពឺ:សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២៤ខែមករាឆ្នាំ២០២៤ថាមន្ត្រីនគរបាលជំនាញបានឃាត់ខ្លួនជីដូនម្នាក់បញ្ជូនសំណុំរឿងទៅតុលាការជាប់សង្ស័យបញ្ចប់ជីវិតចៅប្រុសខ្លួនឯង។
សមត្ថកិច្ចបានឱ្យដឹងទៀតថាកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឈ្មោះ ម៉ុម រឿនបានមកប្តឹងសមត្ថកិច្ចពីករណី បាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូរនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លុះមកដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋប្រទះឃើញក្មេងប្រុសឈ្មោះ វីរៈដេកស្លាប់ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅ ជើងភ្នំញញ្ញា ខាងជើងភូមិអូរនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ។


លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គការ CPU បើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់កំណត់អត្តសញ្ញាណជនសង្ស័យ ឈ្មោះ ម៉ុម រឿន អាយុ៦៤ ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាជីដូនបង្កើត)។


ក្រោយពីធ្វើការសាកសួរឈ្មោះ ម៉ុម រឿន បានសារភាពថាខ្លួនពិតជាបានធ្វើឃាតចៅប្រុសពិតប្រាកដមែន ដោយសារគ្មានសមត្ថភាពចិញ្ចឹមចៅបន្ត ។
ក្រោយពីសាកសួរបឋមនាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕