ព័ត៌មានជាតិ

មន្រ្តីធនធានទឹកឧត្តរមានជ័យប្រាប់ប្រជាកសិករថាកុំឲ្យព្រួយបារម្ភពីរឿងខ្វះទឹកធ្វើស្រែប្រាំង

ដោយ : បន្ទាយ

ឧត្តរមានជ័យ៖ទំនងជាដោយសារកសិករនៅខេត្តឧត្តរមានជ័យធ្វើស្រូវប្រាំងដើមរដូវវស្សា ឬស្រូវបង្កើនរដូវនិងស្រូវប្រាំងចុងរដូវវស្សា ឬស្រូវប្រាំង ពូជមិនមិនប្រកាន់រដូវមិនទាន់ផុលផុស ឬមិនទាន់មានបរិមាណលើសផែនការផងនិងដោយសារតែធារទឹកក្នុងអាងនិងប្រព័ន្ធស្រោចស្រពមានចំនួនច្រើនលើសលប់ផង។

ហេតុនេះបានជាលោកញឺក គួន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យ​អះអាងកាលពីថ្ងៃទី២៣ខែមករាថា នៅដើមឆ្នាំ២០២៤ ឬដើមរដូវប្រាំងនេះសម្រាប់ខេត្តឧត្តរមានជ័យ សូមបងប្អូនប្រជាកសិករដែលធ្វើស្រែរដូវប្រាំងមិនសូវមានការបារម្ភពីបញ្ហាប្រឈមការខ្វះខាតទឹកស្រោចស្រពនោះទេ ខណៈដែលតាមបណ្តាខេត្តមួយចំនួនកំពុងប្រឈមនឹងការកង្វះខាតប្រភពទឹក​ក្នុងការស្រោចស្រពស្រូវប្រាំងនោះ។

លោកបានឲ្យដឹងបន្តថា: ភូមិសាស្រ្តខេត្តឧត្តរមានជ័យ មានប្រព័ន្ធធារាសាស្រ្តតូចធំជាង​៨២ទីតាំងឯណោះ ។

ទឺកពីប្រព័ន្ធទាំងនោះ អាចជួយអន្តរាគមន៍ផ្គត់ផ្គង់ស្រោចស្រពទៅវាលស្រែខេត្តជាប់ព្រំប្រទល់​ដូចជាខេត្តសៀមរាប មាននៅក្នុងស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងខេត្តបន្ទាយមានជ័យ មាននៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ផងដែរ។

លោកបន្តថា : បើសិនជាស្រុកនៃខេត្តជាប់ព្រំប្រទល់ទាំងនោះមានកង្វះខាតប្រភពទឹកគឺប្រព័ន្ធអាង​និងធារាសាស្ត្រនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តអាចត្រៀមជួយអន្តរាគមន៍សម្រាប់ស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាកសិករបានតាមតម្រូវការ។

លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានអោយដឹងទៀតថា : ឧត្តរមានជ័យជាខេត្តមួយមាន​ភូមិសាស្ត្រដីជួរភ្នំ ខ្ពង់រាបនិងទំនាបដែលអំណោយផលសម្បូរទៅដោយអាងស្តុកប្រភពទឹកធម្មជាតិ ធំៗ និងតំបន់ប្រព័ន្ធធារាសាស្រ្តបឹងធម្មជាតិជាច្រើនកន្លែងមាននៅតាមបណ្តាក្រុងស្រុកទាំង៥ ដែលជាទីតាំងស្តុកប្រភពទឹកដ៏ល្អក្នុងខេត្តសម្រាប់ជួយអន្តរាគមន៍រាល់ពេលមានបញ្ហាប្រឈមទៅនឹងការខ្វះខាតប្រភពទឹក។

ទោះជាយ៉ាងណា មន្ត្រីអាជ្ញាធរនិងប្រជាកសិករនៅភូមិឃុំ សង្កាត់នៃស្រុកក្រុងមួយចំនួន​ក្នុងខេត្តឧត្តរមានជ័យ ពុំមានប្រភពទឹកនៃប្រព័ន្ធធារាសាស្ត្រសម្រាប់ការស្រោចស្រពឡើយ។ឬបើមានក៏ពុំអាចស្រោចស្រពគ្រប់គ្រាន់ឡើយ ៕