សន្ដិសុខសង្គម

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនបានជាង១តោននៅខេត្តព្រះសីហនុ

ដោយ៖សហការី

ព្រះសីហនុ៖ សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានបង្ហាញមុខជនបរទេសចំនួន ៥នាក់ និងគ្រឿងញៀនជាង ១តោន បន្ទាប់ពីបង្ក្រាបបានកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។ នេះបើយោងតាមប្រភពព័ត៌មានបឋមដែលបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ធំនេះគឺមានកិច្ចសហការល្អពីស្ថាប័នពាក់ព័ន្ធរួមមានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃក្រសួងមហាផ្ទៃ ការិយាល័យប្រឆាំងគ្រឿងញេងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កងរាជអាវុធហត្ថខេត្តព្រះសីហនុនិងក្រោមកិច្ចសហការពីកម្លាំងវរសេនាតូចការពារព្រំដែនទឹកលេខ 240 ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងពេញពិសិដ្ឋ បានឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនមនុស្ស 5 នាក់រួមជាមួយនឹងវត្ថុតាងសារធាតុញៀនជាងមួយតោន កាលពីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី 22 ខែមករាឆ្នាំ 2023 នៅចំណុចភូមិសាស្រ្តឃុំកំពេញ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ខណៈពេលដែលជនសង្ស័យបម្រុងនឹងនាំឡើងគោក។

មន្ត្រីក្នុងប្រតិបត្តិការបង្ក្រាបបានឲ្យដឹងថា គ្រឿងញៀនទាំងអស់នោះមានចំនួន ២៥ធុងស្មើនឹង១,០៨២.៥គីឡូក្រាម ក្នុងនោះគ្រឿងញៀនសុទ្ធចំនួន១,០២១.២គីឡូក្រាម និងសម្ភារមួយចំនួនទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានករណីជួយដូរគ្រឿងញៀនដ៏ធំប្រហាក់ប្រហែកគ្នានេះដែរ ត្រូវបានអាវុធហត្ថខេត្តព្រះវិហារបង្ក្រាបបាននៅស្រុកជ័យសែន ខេត្តព្រះវិហារ៕