ព័ត៌មានជាតិ

បញ្ជាឱ្យបណ្តាស្រុកដែលមានកសិករធ្វើស្រែប្រាំងត្រូវចុះពិនិត្យនិងរិះរកគ្រប់មធ្យោបាយជួយអន្តរាគមន៍

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបញ្ជាឱ្យ អាជ្ញាធរស្រុកដែលមានប្រជាកសិករបង្កបង្កើនផលស្រូវរដូវប្រាំងត្រូវ ចុះពិនិត្យ និងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយអន្តរាគមន៍ដល់ពួកគាត់(ប្រជាកសិករ) និងមួយវិញទៀតថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុងទាំង ១០ ត្រូវរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ឬទំនាស់ផ្សេងៗជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។


ការបញ្ជារបស់លោកអភិបាលខេត្តកំពង់ចាមនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ដល់គ្រូបង្គើលថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក ស្តីពីអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅក្នុងសាលាខេត្តនេះនាព្រឹកថ្ងៃទី ២៣ មករាម្សិលមិញនេះ។


លោកបានថ្លែងថា៖ ក្រៅពីកិច្ចការពាក់ព័ន្ធនឹងការអនុវត្តគម្រោងគណនេយ្យភាពសង្គម សម្រាប់ថ្នាក់ដឹកនាំក្រុង-ស្រុក ក៏ត្រូវយកចិត្តទុកដាក់លើកិច្ចការងារសំខាន់មានៈ ខិតខំរួមគ្នាដោះស្រាយបញ្ហាសេសសល់ ឬទំនាស់ផ្សេង ៗ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានយើង ពិសេស ជាសំណូមពរ ឬតម្រូវការផ្សេងៗ ដែលបងប្អូនប្រជាពលរដ្ឋយើងបានលើកឡើងក្នុងអំឡុងពេល នៃការធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ហើយសម្រាប់ស្រុកដែលពាក់ព័ន្ធនឹងការធ្វើស្រូវប្រាំងរបស់ប្រជាពលរដ្ឋ ត្រូវចុះពិនិត្យ និងរិះរកគ្រប់មធ្យោបាយ ដើម្បីជួយអន្តរាគមន៍ ដល់ការបង្កបង្កើនផលរបស់ពួកគាត់ ។


លោកបានបន្តថា៖ ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងក្នុងនាមខ្លួនលោកផ្ទាល់ លោកសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ហើយសូមកោតសរសើរដោយស្មោះអស់ពីចិត្ត និងសូមវាយតម្លៃខ្ពស់ចំពោះ អង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា ដែលកន្លងមក បានលះបង់ពេលវេលា ចូលរួមទាំងកម្លាំង ស្មារតី ព្រម ទាំងបច្ចេកទេស និងថវិកាក្នុងដំណើរការអនុវត្តគម្រោងគណនេយ្យភាពសង្គម ឱ្យទទួលបានលទ្ធផលផ្កាផ្លែ គួរជាទីមោទនៈសម្រាប់ដែនដីខេត្តកំពង់ចាម ហើយលោកសូមអំពាវនាវ និងលើកទឹកចិត្តចំពោះការ ចូលរួមសហការលើកិច្ចការងារនេះជាមួយយើងខ្ញុំបន្តទៀត ក្នុងគោលបំណងតែមួយ គឺដើម្បីតម្កល់ ប្រយោជន៍រួមសម្រាប់ប្រជាជនកម្ពុជា ។