សន្ដិសុខសង្គម

តុលាការកំពុងសាកសួរជនសង្ស័យ២នាក់ក្រោយរកឃើញគ្រឿងញៀនជាង១តោននៅព្រះវិហារ

ដោយ:សុខុម
ព្រះវិហារ:សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២៤មករានេះថាជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធជាមួយបទល្មើសបង្ក្រាបគ្រឿងញៀនជាងមួយតោនបានបញ្ជូនទៅអយ្យការហើយកាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២៤ដើម្បីបន្តនីតិវិធី។


សមត្ថកិច្ចបានឲ្យដឹងទៀតថាជនសង្ស័យទាំងពីរនាក់ក្នុងនោះមានម្នាក់ឈ្មោះសាក់រ៉ាវីខ្មែរអ៊ីស្លាមហើយក៏ជាអ្នកទិញលក់រថយន្តដ៏ធំមួយកន្លែងនៅម្ដុំកងចក្រភូមិរាជានុកូលសង្កាត់ក្រុងខេត្តស្ទឹងត្រែង។


គួរបញ្ជាក់ថាកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២៤សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារបានរកឃើញរថយន្តទំនើបមួយគ្រឿងម៉ាកម៉ាស្តាពាក់ផ្លាកលេខស្ទឹងត្រែង2A-5558បានផ្លុងចោលនៅភូមិសាស្ត្រស្រុកជ័យសែន។នៅក្នុងរថយន្តនោះសមត្ថកិច្ចបានរកឃើញគ្រឿងញៀនម្សៅថ្លាម៉ាទឹកកកទម្ងន់ជាងមួយតោន។


លោកកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានថ្លៃប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣មករាម្សិលមិញថាជនសង្ស័យចំនួន២នាក់រូមទាំងវត្ថុតាងគ្រឿងញៀនខាងកម្លាំងកងរាជអាវុធហត្ថបានបញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តរួចហើយ។


ប្រភពពីមន្ត្រីផ្សេងទៀតបានឲ្យដឹងផងដែរថាក្រោយពីបង្ក្រាបបានគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់សមត្ថកិច្ចខេត្តព្រះវិហារពន្លាតដែនដីមកដល់ខេត្តស្ទឹងត្រែងដើម្បីរកប្រភពបទល្មើស។
ក្រោយពីរកឃើញគ្រឿងញៀននៅក្នុងរថយន្តផ្លាកលេខស្ទឹងត្រែងសមត្ថកិច្ចបានហៅអ្នកពាក់ព័ន្ធមួយចំនួននៅខេត្តស្ទឹងត្រែងទៅសាកសួរ។ពីដំបូងរថយន្តនេះគឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋម្នាក់នៅស្រុកថាឡាបរិវ៉ាត់ហើយបានលក់ទៅឲ្យអ្នកទទួលទិញរថយន្តគ្រប់ប្រភេទនៅក្នុងក្រុងស្ទឹងត្រែង។


បន្ទាប់មកទៀតអ្នកទិញលក់រថយន្តនៅក្រុងស្ទឹងត្រែងឈ្មោះសាក់រ៉ាវីបានលក់រថយន្តនេះបន្តទៅឲ្យអ្នកដទៃទៀតហើយក៏ត្រូវសមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនតែម្ដង។នៅពេលសមត្ថកិច្ចហៅអ្នកពាក់ព័ន្ធទៅសាកសួរក្រោយមកបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញក៏ប៉ុន្តែឈ្មោះសាក់រ៉ាវីម្ចាស់ទិញលក់រថយន្តនៅក្រុងស្ទឹងត្រែងសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ៕