សន្ដិសុខសង្គម

ខ្មែរអ៊ីស្លាមម្នាក់នៅកងមាសតាមទៅប៉ុនប៉ងផ្តាច់ជីវិតខ្មែរអ៊ិស្លាមដូចគ្នាម្នាក់ទៀតនៅត្បូងឃ្មុំ

ដោយ៖ គង់ហេង

ត្បូងឃ្មុំ៖ បុរសជនជាតិខ្មែរអ៊ីស្លាមអាយុ ៦៦ ឆ្នាំម្នាក់រស់នៅស្រុកកងមាស សង្ស័យថាបាន វាយ និងកាប់បុរសជាជនជាតិខ្មែរអ៊ីស្លាមដូចគ្នាម្នាក់ទៀតមានអាយុ ៨២ ឆ្នាំ ដែលកំពុងនៅក្នុងផ្ទះម្នាក់ឯងស្ថិតក្នុងភូមិរកាពប្រាំទី១ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បណ្តាលឱ្យរងរបួសជាទម្ងន់កំពុងជួយសង្គ្រោះកាលពីព្រឹកថ្ងៃទី២២ខែមករា ឆ្នាំ២០២៤។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពប៉ុនប៉ងសម្លាប់ទៅលើជនរងគ្រោះតែមិនបានសម្រេច ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចស្រុកត្បូងឃ្មុំបានឱ្យដឹងថា បុរសរងគ្រោះដែលរងគ្រោះ ត្រូវបានគេជួយសង្រ្គោះទៅកាន់មន្ទីរពេទ្យជាបន្ទាន់មានឈ្មោះ សា សេត មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ដោយឡែកបុរសជាជនសង្ស័យឈ្មោះ លី ម៉ូសា មានទីលំនៅភូមិសំបួរមាសខ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងបន្តថា ការដែលជនសង្ស័យ លី ម៉ូសា ចូលមកវាយ និងកាប់លើបុរសជាជនរងគ្រោះវ័យចំណាស់ ម្នាក់នេះ ខណៈដែលគាត់កំពុងនៅក្នុងផ្ទះម្នាក់ឯង  ហើយការប៉ុនប៉ងសម្លាប់នេះទៀតសោតរហូតមកដល់វេលាថ្ងៃត្រង់ថ្ងៃទី ២៣ មករានេះ នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ពីមូលហេតុនៃការចូលទៅវាយ និងកាបលើបុរសវ័យ ៨២ ឆ្នាំរូបនេះ   បណ្តាលឱ្យរបួសធ្ងន់នោះនៅឡើយទេ៕