ព័ត៌មានជាតិ

អាជ្ញាធរក្រុងសិរីសោភ័ណជួសជុលផ្លូវមួយខ្សែលើខ្នងទំនប់អាងកណ្តោលក្រាលកៅស៊ូ

ដោយៈ បន្ទាយ

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណ ក្រុមកាងារនិងអ្នកពាក់ព័ន្ធកាលពីថ្ងៃទី២១ខែមករា ឆ្នាំ២០២៤បានចុះត្រួតពិនិត្យការជួសជុលផ្លូវលំមួយខ្សែមានប្រវែង១.៣០០ម៉ែត្រ ដែលត្រូវក្រាលកៅស៊ូ និងក្រាលថ្មមិច លើទំនប់អាងកណ្ដោល ដែលស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអោយដឹងថា ដោយបានការចង្អុលបង្ហាញពីលោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ -ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ-ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងការណែណែនាំរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានឃើញពីទិដ្ឋភាពរួមនៃផ្លូវលំបានរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់នារដូវវស្សាស្ទើររាល់ឆ្នាំរហូតមក ។

លោក ស្រេង សុផល បានបន្តថា ការជួសជុលផ្លូវនេះ គឺគិតចាប់ពីបំបែកផ្លូវជាតិលេខ៥ ទៅទំនប់បង្ហៀរឬគម្រោងប្តូរជា កសាងស្ពាននិងបន្តកាន់ផ្លូវបំបែកចូលសួនស្ទឹងកែវសុខសាន្តប្រវែង៣០០ម៉ែត្រត្រូវក្រាលកៅស៊ូ។

ចំណែកផ្លូវបំបែកពីផ្លូវចូលសួននេះ ទៅវាលស្រែរបស់កសិករជាង១.០០០ម៉ែត្រទៀត ក្រុមការងារនឹងរៀបចំបង្ហាប់គ្រឹះផ្លូវ ហើយក្រាលជាថ្មមិច ក្នុងមួយដំណាក់កាលសិន ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាស្រ័យផលនិងធ្វើស្រែជាង១០០ហិកតានៅម្តុំនោះ នឹងបានទាញប្រយោជន័ ពីការអាស្រ័យផលនិងដឹកកសិផល ។

លើសពីនេះទៅទៀតគឺនៅពេលផ្លូវនេះជួសជុលនិងកែលម្អរួចវានឹងផ្តល់សារ:សំខាន់ដល់ពលរដ្ឋនិងអាជ្ញាធរពីវិស័យកសិកម្ម ការដឹកជញ្ជូននិងទេសចរណ៍៕