សន្ដិសុខសង្គម

មិនទាន់រកឃើញមេខ្លោងម្ចាស់គ្រឿងញៀនជាង១តោននៅខេត្តព្រះវិហារ

ដោយ៖សុខុម

ព្រះវិហារ៖មកដល់ពេលនេះសមត្ថកិច្ចគឺនៅមិនទាន់បានរកឃើញម្ចាស់គ្រឿងញៀនពិតប្រាកដដល់ទៅជា១០០០គីឡូក្រាមដែលបានយកទៅប្លុងចោលនៅខេត្តព្រះវិហារនៅឡើយទេ។

កាលពីថ្ងៃទី ២០ខែមករាឆ្នាំ ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបានរកឃើញគ្រឿងញៀនទម្ងន់ជាងមួយតោននៅក្នុងឃ្លុបរថយន្តម៉ាកម៉ាស្តាមួយគ្រឿងពាក់ផ្លាកលេខស្ទឹងត្រែង2A-5558នៅភូមិសាស្ត្រទឹកដីស្រុកជ័យសែន។

សមត្ថកិច្ចបានបញ្ជាក់ថាគ្រឿងញៀនដែលរកឃើញគឺជាប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ មានទម្ងន់ប្រមាណជា១០២០គីឡូក្រាម។

សមត្ថកិច្ចសង្ស័យថាក្រុមជួញដូរគ្រឿងញៀនមានការគប់គិតគ្នាដឹកជញ្ជូនឆ្លងដែនពីប្រទេសឡាវមកទឹកដីកម្ពុជាតាមរូបភាពណាមួយ។

ក្រោយពេលរកឃើញរថយន្តដឹកគ្រឿងញៀនមួយគ្រឿងខាងលើនេះកម្លាំងអាវុធហត្ថខេត្តព្រះវិហារក៏បានសហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែងបើកការស៊ើបអង្កេតតាមចាប់អ្នកជាប់ពាក់ព័ន្ធដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះសមត្ថកិច្ចខេត្តស្ទឹងត្រែងក៏ធ្លាប់បង្ក្រាបនិងដករហូតបានគ្រឿងញៀនដែលឈ្មួញដឹកតាមគោយន្តកន្រ្តៃមួយគ្រឿងនៅភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងជាប់ជាមួយស្រុកឆែបខេត្តព្រះវិហារក្បែរតំបន់ព្រំដែនឡាវដូចគ្នា ដែលពេលនោះសមត្ថកិច្ចចាប់បានគ្រឿងញៀនមានទម្ងន់ជិត១៦០គីឡូក្រាម៕