ព័ត៌មានជាតិ

ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបី កម្ពុជា-ចិន ជាផ្នែកមួយសំខាន់នៃការផ្លាស់ប្តូរវប្បធម៌និងជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន

ដោយ: សិរីមតី

ភ្នំពេញ៖ ពិព័រណ៍​បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន ក្រោមប្រធានបទ«សម្រស់នៃបេតិកភណ្ឌអរូបី» បានត្រូវបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី២១ខែមករា នៅរាជធានីភ្នំពេញ។

ពិព័រណ៍រយៈពេល១៥ថ្ងៃនៅសមាគមសម្ព័ន្ធខ្មែរចិននេះមានគោលបំណងជំរុញឱ្យសាធារណជនស្វែងយល់នូវកម្មវិធីថ្មីនៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងវិស័យរចនាម៉ូដ ផលិតផលវប្បធម៌ និងគំនិតច្នៃប្រឌិត ជាពិសេសផ្លាស់ប្តូរបទពិសោធន៍ស្តីពីការថែរក្សានិងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។

កម្មវិធីពិព័រណ៍ដែលរៀបចំរួមគ្នាដោយនាយកដ្ឋានវប្បធម៌និងទេសចរណ៍ខេត្តក្វាងស៊ី កាសែត Guangxi Daily សារមន្ទីរទីក្រុងលីវចូវ សមាគមសម្ព័ន្ធខ្មែរចិន សារព័ត៌មានពាណិជ្ជកម្ម និងសារព័ត៌មាន​ស៊ីស៊ីថាមស៍ នេះ ជាផ្នែកមួយនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃកម្ពុជា-ចិន២០២៤។

លោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងពត៌មានបានថ្លែងថា៖ពិព័រណ៍វប្បធម៌ និងវប្បធម៌ច្នៃប្រឌិតនេះថា ជាព្រឹត្តិការណ៍ដ៏សំខាន់ជាស្ពានសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការ​ជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃកម្ពុជា-ចិន ក៏ដូចជាចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកបានបញ្ជាក់ថា៖«តាមរយៈពិព័រណ៍​នេះ ​កម្ពុជា នឹងអាចរៀនសូត្របន្ថែមពីបទពិសោធន៍របស់ប្រទេសចិនក្នុងការការពារនិងទទួលស្នងមរតកវប្បធម៌អរូបី​»។

​លោកអគ្គនាយករង បានមានប្រសាសន៍ទៀតថា៖ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន ក៏បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការរវាងអ្នកសារពត៌មាននៃប្រទេសទាំងពីរដើម្បីផ្សព្វផ្សាយពត៌មានវិជ្ជមានអំពីការអភិឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌ ។

លោកលាវ ស៊ីកាង( Liu Ri Gang) សមាជិកគណៈកម្មាធិការនៃកាសែត Guangxi Daily បានថ្លែងថា៖« ពិព័រណ៍នេះគឺជាសក្ខីភាព​នៃការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមករវាងចិននិងកម្ពុជា ​និងបញ្ជាក់ពី​ការបន្តធ្វើឱ្យទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព រវាងប្រជាជនទាំងពីរ​កាន់តែស៊ីជម្រៅ»។

លោក Liu Ri Gang បន្តទៀតថា ប្រទេសចិន និងកម្ពុជា មានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏យូរអង្វែង និងត្រចះត្រ​ចង់ ហើយបេតិកភណ្ឌវប្បធម៌អរូបីដ៏សម្បូរបែប ជាសក្ខីភាពបង្ហាញពីប្រាជ្ញាឆ្លាតវៃ និងគំនិតច្នៃប្រឌិត របស់ប្រជាជនប្រទេសទាំងពីរ។

លោក លាវ បានគូសបញ្ជាក់ថា៖«ចាប់តាំងពីល្ខោនអូប៉េរ៉ាប៉េកាំង អក្សរផ្ចង់ ការដេរប៉ាក់ និងតម្បាញជនជាតិជាំងរបស់ប្រទេសចិន រហូតដល់ល្ខោនខោល ចម្លាក់នៅតាមប្រាសាទ និងតម្បាញសូត្ររបស់ប្រទេសកម្ពុជា ដែលជារបស់បេតិកភណ្ឌអរូបីប្រជាជនទាំងពីរ វាមិនត្រឹមតែជាមោទនភាពនោះទេ ប៉ុន្តែក៏ជាកំណប់ទ្រព្យនៃអរិយធម៌របស់មនុស្សជាតិផងដែរ។  បច្ចុប្បន្ន កិច្ចគាំពារនិងការអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិន និងកម្ពុជា បានក្លាយជាបេសកកម្មរួមគ្នារបស់ប្រជាជនទាំងពីរ»។

គួរកត់សម្គាល់ថា៖ពិព័រណ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា-ចិន បានកើតឡើង១សប្តាហ៍ក្រោយពីកម្ពុជា-ចិន បានប្រារព្ធពិធី «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» នៅខេត្តសៀមរាប។

រយៈពេល៦៦ឆ្នាំនៃទំនាក់ទំនងការទូត កម្ពុជា-ចិន បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ ហើយ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន​ និងប្រជាជនកម្ពុជា-ចិន» នឹងក្លាយជាចលករ​បង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយជា​លដ្ឋានមិនអាចខ្វះបានក្នុងការសម្រេចឲ្យបាននូវការ កសាងសហគមន៍ជោគវាសនារួមគ្នារវាងប្រទេស​ទាំងពីរ៕