អន្តរជាតិ

ក្រុមហ៊ុនTencent Holdings ផលិតហ្គេមអនឡាញ Riot គ្រោងនឹងបញ្ឈប់បុគ្គលិក១១ភាគរយ

ប្រែសម្រួល៖សហការី

ក្រុមហ៊ុនហ្គេមឌីជីថលអនឡាញបានប្រកាសកាលពីថ្ងៃចន្ទ ទី២២ មករាកន្លងទៅនេះថានាយកប្រតិបត្តិ លោក Dylan Jadeja របស់ក្រុមហ៊ុនហ្គេមអនឡាញ Tencent Holdings បានជូនដំណឹងដល់បុគ្គលិកអំពីគម្រោងបញ្ឈប់បុគ្គលិកចំនួន ៥៣០ នាក់គឺប្រហែល ១១ ភាគរយនៃបុគ្គលិករបស់ក្រុមហ៊ុននៅទូទាំងពិភពលោក។

ក្រុមហ៊ុនផលិតហ្គេមអនឡាញ Riot ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ប្រទេសអាមេរិកដែលមានកម្មវិធីហ្គេមឌីជីថលអនឡាញដ៏ពេញនិយមហៅថា “League of Legends” បានឲ្យដឹងថាអ្នកដែលមិនមែលជាបុគ្គលិកស្នូលរបស់ក្រុមហ៊ុននឹងត្រូវពិចារណាដើម្បីបញ្ឈប់ពីការងារ។

ក្រុមហ៊ុនផលិតនិងលក់ហ្គេមឌីជីថលអនឡាញកំពុងជួបបញ្ហាលំបាកកាន់តែច្រើនឡើង ដោយសារតែអតិថិជនដែលជាទស្សនិកជនឈប់ទិញហ្គេមដែលមានតម្លៃថ្លៃនិងចំនួនអ្នកលេងជាប់មានចំនួនតិចជាងមុននៅចំពេលដែលមានអតិផរណាកាន់តែកើនឡើងខ្ពស់។ កាលពីដើមឆ្នាំមុនក្រុមហ៊ុន Electronic Arts Inc ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតហ្គេមអនឡាញ Riot បានកាត់បន្ថយបុគ្គលិកចំនួន ៦ ភាគរយ ហើយបានទុកការិយាល័យមួយចំនួនឲ្យនៅទំនេរ។

លោក Jadeja បានគូសបញ្ជាក់នៅក្នុងលិខិតជូនដំណឹងថាសព្វថ្ងៃនេះ យើងជាក្រុមហ៊ុនមួយដែលមិនមានគោលដៅពង្រីកវិសាលភាពប្រតិបត្តិការនោះទៀតទេបើនិយាយឲ្យសាមញ្ញទៅគឺថាទីផ្សាររបស់ក្រុមហ៊ុនយើងកំពុងតែជាប់គាំង។ ចំណែកការវិនិយោគសំខាន់ៗមួយចំនួនដែលយើងបានធ្វើ គឺមិនបានផ្តល់ផលចំណេញឲ្យសមតាមការរំពឹងទុករបស់យើងនោះទេហើយការចំណាយរបស់យើងក៏កាន់តែកើនឡើងច្រើនថែមទៀត។

ការកែសម្រួលនេះនឹងបើកឱកាសឲ្យក្រុមហ៊ុនផលិតហ្គេមអនឡាញ Riot ផ្តោតលើផលប័ត្រសម្រាប់កម្មវិធីហ្គេម “League of Legends”, “Valorant”, “Teamfight Tactics” និង “Wild Rift” ជាបន្តទៅទៀតបាន នេះបើយោងតាមប្លុកដាច់ដោយឡែកពី Jadeja និងសហស្ថាបនិក Marc Merrill ។

ក្រុមហ៊ុនផលិតហ្គេមអនឡាញ Riot នឹងបញ្ឈប់ការអភិវឌ្ឍហ្គេមឌីជីថលថ្មីក្រោមកម្មវិធី “Riot Forge” ហើយរំសាយបុគ្គលិក និងបិទមុខងារមួយចំនួននៅក្នុងកម្មវិធី “Legends of Runeterra” នេះតែម្តង។

ក្រុមហ៊ុន Tencent Holdings ដែលបានទិញភាគហ៊ុនភាគច្រើនពីក្រុមហ៊ុនផលិតហ្គេមឌីជីថលអនឡាញ Riot Games ក្នុងឆ្នាំ ២០១១ ក៏បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Epic Games ដែលជាអ្នកបង្កើតវីដេអូហ្គេមរបស់សហរដ្ឋអាមេរិកផងដែរ។

CNA បានទាក់ទងការិយាល័យ Riot Games’ Singapore សម្រាប់ព័ត៌មាននេះ៕

ប្រភព៖ Reuters/rj