អន្តរជាតិ

អាកាសចរណ៍សហព័ន្ធអាមេរិកណែនាំឲ្យយន្តហោះ Boeing 737ត្រូវតែត្រួតពិនិត្យឡើងវិញ

ប្រែសម្រួល៖សហការី

វ៉ាស៊ីនតោន៖ កាលពីយប់ថ្ងៃអាទិត្យ ២១ មករា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក(FAA) បាន ណែនាំឲ្យក្រុមហ៊ុនអាកាសចរណ៍ដែលដំណើរការយន្តហោះ Boeing 737-900ER ត្រូវតែបង្កើនការត្រួតពិនិត្យប៊ូឡុងទ្វារយន្តហោះឡើងវិញ ដើម្បីធានាឲ្យបានត្រឹមត្រូវ បន្ទាប់ពីប្រតិបត្តិករមួយចំនួនបានរាយការណ៍អំពីបញ្ហាដែលមិនត្រូវបានបញ្ជាក់ចំពោះការត្រួតពិនិត្យប៊ូឡុងទ្វារយន្តហោះ។

ការណែនាំនេះធ្វើឡើងបន្ទាប់ពី FAA សម្រេចផ្អាកដំណើការយន្តហោះ Boeing 737 MAX 9 ចំនួន ១៧១ គ្រឿង ក្រោយពីមានការផ្ទុះប៉ើងបន្ទះគម្របទ្វារយន្តហោះនៅកណ្តាលអាកាសចេញពីយន្តហោះ Alaska Airlines MAX 9 ដែលទើបនឹងដាក់ឲ្យដំណើការបានប្រាំបីសប្តាហ៍បើគិតមកទល់នឹងថ្ងៃទី ៥ ខែមករា។

យន្តហោះ Boeing737-900ER មិន​មែន​ជា​ផ្នែក​មួយនៃប្រភេទ​យន្តហោះ MAX ថ្មី​​នោះទេ ប៉ុន្តែវា​មាន​ការ​រចនាបន្ទះគម្រប​ទ្វារ​ដោតប៊ូឡុង​ដូច​គ្នា​ដែល​អនុញ្ញាត​ឲ្យមាន​ការ​បន្ថែម​ទ្វារ​សម្រាប់​សង្គ្រោះ​បន្ទាន់​បន្ថែមមួយ​ទៀតដោយសារតែក្រុមហ៊ុន​ដឹកជញ្ជូន​បាន​ដំឡើង​កៅអី​​នៅក្នុងយន្តហោះបន្ថែមទៀត។

FAA បាន “រំលឹកប្រតិបត្តិករអំពីបញ្ហាសុវត្ថិភាព” ដោយណែនាំឲ្យក្រុមហ៊ុនអាកាសចរណ៏ធ្វើការត្រួតពិនិត្យបន្ថែមលើប៊ូឡុងឌុយទ្វារយន្តហោះនៅច្រកចេញកណ្តាលរបស់យន្តហោះ 737-900ER “ហើយត្រូវត្រួតពិនិត្យនិងថែទាំប៊ូឡុងឌុយទ្វារយន្តហោះឲ្យបានត្រឹមត្រូវជានិច្ច”។

FAA បាន ផ្តល់អនុសាសន៍ដល់ក្រុមហ៊ុនអាកាសចរណ៍ឲ្យត្រួតពិនិត្យផ្នែកសំខាន់ៗនិងថែទាំប៊ូឡុងទាំងបួនដែលភ្ជាប់ឌុយទ្វារយន្តហោះទៅនឹងបន្ទះគម្របទ្វារយន្តហោះឲ្យមានស៊ុមខ្យល់ត្រឹមត្រូវនិងត្រូវ “ពន្លឿនការងារនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Boeing បានផ្សព្វផ្សាយលើអ៊ីមែលថា “យើងគាំទ្រយ៉ាងពេញទំហឹងដល់ វិធានការរបស់FAA ក្នុងសកម្មភាពធានាននូវសុវត្ថិភាពជូនដល់អតិថិជនរបស់យើង” ។

ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines និង United Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍តែពីររបស់សហរដ្ឋអាមេរិកដែលមានដំណើរការយន្តហោះ MAX 9 បាននិយាយនៅក្នុងខែនេះថាក្នុងអំឡុងពេលត្រួតពិនិត្យបឋមពួកគេបានរកឃើញប៊ូឡុងទ្វារយន្តហោះMAX 9 ដែលចតនៅក្នុងព្រលានរលុងជាច្រើននាំឲ្យ​​លុប​ចោល​ជើង​ហោះហើរ​រាប់​ពាន់នៅ​ក្នុង​ខែ​នេះ​។

កាលពីថ្ងៃអាទិត្យក្រុមហ៊ុនUnited បាននិយាយថាខ្លួនកំពុងបន្តការលុបចោលជើងហោះហើរ MAX 9 រហូតដល់ថ្ងៃទី ២៦ ខែមករា។

ក្រុមហ៊ុនដឹកជញ្ជូនទាំងពីរបាននិយាយថា ពួកគេបានចាប់ផ្តើមត្រួតពិនិត្យប៊ូឡុងឌុយទ្វារយន្តហោះ 737-900ER របស់ពួកគេ។

ក្រុមហ៊ុនUnited ដែលមានយន្តហោះ 136 737-900ER រំពឹងថាពួកគេ “នឹងបញ្ចប់ការត្រួតពិនិត្យនៅក្នុងរយៈពេលពីរបីថ្ងៃខាងមុខដោយមិនរំខានដល់អតិថិជនទៀតឡើយ”។

អាឡាស្កាបាននិយាយថា ការត្រួតពិនិត្យរបស់ខ្លួនបានចាប់ផ្តើមជាច្រើនថ្ងៃមកហើយ “ដោយមិនបានរកឃើញបញ្ហាណាមួយរហូតមកដល់បច្ចុប្បន្ននេះ ហើយរំពឹងថានឹងបញ្ចប់ការត្រួតពិនិត្យដែលនៅសេសសល់ដោយមិនរំខានដល់ប្រតិបត្តិការទៀតនោះទេ”។

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលប្រតិបត្តិការ 900ER បាននិយាយថា ខ្លួនបាន “ចាត់វិធានការយ៉ាងសកម្មក្នុងការត្រួតពិនិត្យយន្តហោះ 737-900ER របស់យើង” ហើយមិនរំពឹងថានឹងមានផលប៉ះពាល់ដល់កិច្ចប្រតិបត្តិការណាមួយទៀតនោះទេ។

យន្តហោះ Boeing 737-900ER មានរយ:ពេលប្រតិបត្តិការជាង ១១ លានម៉ោង និង ៣.៩ លានជុំនៃការហោះហើរ។ FAA បាននិយាយថាប៊ូឡុងឌុយទ្វារយន្តហោះ”មិនមានបញ្ហាជាមួយម៉ូដែលនេះទេ” ហើយផ្ទុយទៅវិញ MAX 9 ដែលជួបប្រទះបញ្ហាប៊ូឡុងឌុយទ្វារយន្តហោះ គឺជាយន្តហោះថ្មីដែលមានចំនួនជើងហោះហើរតិចនៅឡើយ។

កាលពីថ្ងៃពុធ FAA បានប្រកាសថាបានបញ្ចប់ការត្រួតពិនិត្យយន្តហោះចំនួន ៤០ គ្រឿងដំបូងនៃយន្តហោះ Boeing 737 MAX 9។ FAA កំពុងបន្តពិនិត្យលើទិន្នន័យរបស់ការត្រួតពិនិត្យទាំងនោះ។

កាលពីថ្ងៃអាទិត្យគេបាននិយាយថា MAX 9 នឹង “ត្រូវសំចតរហូតដល់ FAA ជឿជាក់ថាយន្តហោះទាំងនោះធានាបាននូវសុវត្ថិភាពសម្រាប់ដាក់ឲ្យត្រឡប់ទៅបម្រើការវិញតាមធម្មតា” ៕

ប្រភព៖ Reuters/fh