ព័ត៌មានជាតិ

លទ្ធផលអនុវត្តបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តកំពង់ចាមបានចំនួន២៩១គម្រោងនៃគម្រោងសរុបចំនួន៥១៧

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា លទ្ធផល នៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ បានមានចំនួន បួន ផ្នែក គឺអនុវត្តបានចំនួន ២៩១ គម្រោង នៃកម្រោងសរុបចំនួន ៥១៧ និងបានស្នើឱ្យរៀបចំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច តាមលក្ខណៈបច្ចេកទេស ភូមិសាស្រ្តនៅក្នុងខេត្តឱ្យបាលល្អប្រសើរ។


លោកអភិបាលខេត្តកំពង់ចាមបានថ្លែងបែបនេះ នៅក្នុងការដែលលោកបានអញ្ជើញចូលរួមបើកកិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់ការកសាងកម្មវិធីបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានរៀបចំឡើងនៅមន្ទីរផែនការខេត្តនេះ នៅព្រឹកថ្ងៃទី ២២ មករានេះ។


លោក អ៊ុន ចាន់ដា បានថ្លែងថា៖ ក្នុងនោះមាន ផ្នែកសេដ្ឋកិច្ច គាំទ្រមានចំនួន ២០៤ គម្រោង អនុវត្តបាន ១៣២គម្រោង, ផ្នែកសង្គមកិច្ច គាំទ្រមានចំនួន ២២៥គម្រោង អនុវត្តបាន ១២០គម្រោង, ផ្នែកធនធានធម្មជាតិ និងបរិស្ថាន គាំទ្រមានចំនួន ២៥គម្រោង អនុវត្តបាន ២១គម្រោងនិង ផ្នែករដ្ឋបាល និងសន្តិសុខ គាំទ្រមានចំនួន ៦៣គម្រោង អនុវត្តបាន ១៨គម្រោង សរុបការគាំទ្រចំនួន ៥១៧គម្រោង និងអនុវត្តបាន ២៩១គម្រោង។


លោកបានបន្តថា៖ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស សង្ឃឹមយ៉ាងមុតមាំថា ក្រុមការងារកសាងផែនការខេត្ត ត្រូវរៀបចំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច តាមលក្ខណៈ បច្ចេកទេស ភូមិសាស្ត្រក្នុងខេត្តឱ្យបានល្អប្រសើរ។ ព្រមទាំងអនុវត្តកិច្ចការនេះ ទៅតាមពេលវេលាន ប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ដែលក្រុមប្រឹក្សាខេត្តបានអនុម័ត៕