សន្ដិសុខសង្គម

នាងខឹងចិត្តលោតពីលើស្ពាន,បុរសជាសង្សារលោតតាមពីក្រោយជួយសង្គ្រោះបែរជារងគ្រោះធ្ងន់

ដោយ៖ព្រះអង្គខ្មៅ

បាត់ដំបង៖ ស្ត្រីស្រស់រូបស្អាតម្នាក់ប៉ះសម្តីគ្នាជាមួយមិត្តប្រុស ក៏ស្ទុះលោតទឹកធ្វើអត្តឃាតពីលើស្ពាន តែត្រូវយុវជនជាសង្សារបានលោតជួយតាមក្រោយនាងបែរជារងគ្រោះធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់។

ករណីលោតពីលើស្ពានដើម្បីសង្រ្គោះគូសង្សានេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង ៤:០០នាទីទៀបភ្លឺ ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ ស្ថិតត្រង់ចំណុចស្ពានសម្តេចតេជោក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

ប្រភពមិត្តភក្តិជនរងគ្រោះនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ទំនងមានបញ្ហាប្រច័ណ្ឌគ្នាក៏កើតជាជម្លោះឈ្លោះប្រកែកគ្នាមួយប្រាវរួចហើយនាងជាសង្សារក៏សម្រេចចិត្តស្ទុះឡើងលើបង្កាន់ដៃស្ពានហើយបានលោតចុះក្នុងទឹកស្ទឹងតែម្តងក្នុងគោលបំណងបញ្ចប់ជីវិត ភ្លាមនោះបុរសជាសង្សារក៏លោតចុះតាមពីក្រោយដើម្បីជួយ ប៉ុន្តែដោយសារការប៉ះទង្គិចខ្លាំងយុវជនជាសង្សារបានឈ្លក់ទឹកជិតស្លាប់កុំតែបានអ្នករកត្រីជួយទាន់កុំអីអាចលង់ទឹកស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។

ប្រភពខាងលើបានអះអាងបន្ថែមថា ដើមហេតុដំបូងនៃការប៉ុនប៉ងសម្លាប់ខ្លួនរបស់នារីជនរងគ្រោះខាងលើនេះទំនងដោយសារការប្រច័ណ្ឌគ្នា។ យុវជនរងគ្រោះជាសង្សារដែលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរមានឈ្មោះធី អាយុជាង ២០ឆ្នាំ និងស្ត្រីជាគូកំណាន់ចិត្តឈ្មោះម៉ី អាយុប្រហាក់ប្រហែលគ្នា ពួកគេមានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕