សន្ដិសុខសង្គម

នគរបាលខេត្តកំពតពន្លាតដែនសមត្ថកិច្ចតាមចាប់មេខ្លោងចែកចាយគ្រឿងញៀនដល់ខេត្តតាកែវ

ដោយើ កំចាយ

កំពត÷ កម្លាំងនគរបាលខេត្តកំពតបានសុំពន្លាតដែនសមត្ថកិច្ចចូលខេត្តតាកែវដើម្បីតាមចាប់មេខ្លោងជួញដូរគ្រឿងញៀនបន្ទាប់ពីរកឃើញ និងឃាត់ខ្លួនបណ្តាញចែកចាយ៣នាក់រួចមក។

មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពតបានប្រាប់ឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្បាំ២០២៤ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍អំពីករណីចែកចាយគ្រឿងញៀនក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។ ដោយបានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូង លោកស្នងការនគរបាលខេត្តបានបញ្ជាដល់លោកវរសេនីយ៍ឯក ទឹម សុភាព ឱ្យចុះស៊ើបអង្កេត ស្រាវជ្រាវនិងដាក់កម្លាំងឃ្លាំមើលភ្លាមៗ។

មិនយូរប៉ុន្មានស្រាប់តែឃើញជនសង្ស័យម្នាក់មកចែកចាយនៅចំណុចផ្លូវបេតុងក្នុងភូមិសុវណ្ណសាគរទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនជាមួយគ្រឿងញៀន១កញ្ចប់។ ប្រភពដដែលបានបញ្ជាក់ថា តាមរយ:ជនសង្ស័យរូបនេះ សមត្ថកិច្ចក៏ឈានទៅរកឃើញបក្ខពួក២នាក់ទៀត គឺម្នាក់ត្រូវបានចាប់ខ្លួននាវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ពេលកំពុងធ្វើសកម្មភាពនៅភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ដោយដកហូតគ្រឿងញៀនបាន១កញ្ចប់។ ចំណែកម្នាក់ទៀត សមត្ថកិច្ចឃាត់ខ្លួនបាននៅម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ស្ថិតក្នុងភូមិបឹងនិមល ឃុំបឹងនិមល ស្រុកឈូកជាមួយគ្រឿងញៀន៣កញ្ចប់។ មន្ត្រីការិយាល័យជំនាញបានបន្តថា ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ កម្លាំងជំនាញនៃស្នងការដ្ឋានខេត្តកំពតបានសុំពន្លាតដែនសមត្ថកិច្ចដោយតាមចាប់មេខ្លោងបាននៅវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២០ ខែមករា ខណ:ពេលកំពុងស្នាក់នៅក្នុងផ្ទះនាភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។ នៅនឹងផ្ទះមេខ្លោងរូបនេះ សមត្ថកិច្ចរកឃើញគ្រឿងញៀន២កញ្ចប់ធំ មិង៧កញ្ចប់តូច។

លោកវរសេនីយ៍ឯក ទឹម សុភាព ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៤នាក់ រួមមាន ១. ឈ្មោះ ង៉ែត រស្មី ហៅកើយ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសុីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ ជាមេខ្លោង, ២. ឈ្មោះ សែម សារឿន ហៅចាប ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត, ៣. ឈ្មោះ អ៊ុយ សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត, ៤. ឈ្មោះ ដុង ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន
១. ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ ទម្ងន់ ២.៨៥១,៣៧ក្រាម។
២. ម៉ូតូ៣គ្រឿង
៣.ទូរសព្ទដៃ៦គ្រឿង
៤. ជញ្ជីងអេឡិចត្រូនិក១គ្រឿង៕