ព័ត៌មានជាតិ

ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងផ្ទុះកូវីដ-១៩

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ថ្ងៃទី២២ខែមករាឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភសំរាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិសាកលនិងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យបានអោយដឹងថា : បំណងនៃកិច្ចប្រជុំស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភសំរាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងវិបត្តិសាកលនិងយុទ្ធនាការប្រយុទ្ធ ប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះ គឺតាមអនុក្រឹត្យ រាជរដ្ឋាភិបាលកម្ពុជា លេខ ៣៧២.អនក្រ បក ស្តីពីការកែសម្រួល  អនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ។

លោក ឃុន វុទ្ធី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាបានផ្តោតលើការយកចិត្តទុកដាក់ លើការកសាង និងពង្រឹង ប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្តុំ  សន្តិភាពនិងប្រសិទ្ធភាព ដោយឈរលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់ ដែលងាយរងគ្រោះនិងងាយរងហានិភ័យ ពិសេសគឺរដ្ឋាភិបាលចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ទៀតផង។

លោក ឃុន វុទ្ធី បានឲ្យដឹងបន្តថា : អនុវត្តយុទ្ធសាស្ត្រចាកចេញពីកម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ ដោយធ្វើការកែសម្រួលទំហំសាច់ប្រាក់ឧបត្ថម្ភ ចាប់ពីខែ មករា ដល់ខែមីនា ឆ្នាំ ២០២៤។

និងការអនុវត្តកម្មវីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមជាលក្ខណៈប្រក្រតីចាប់ពីខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តផ្តល់ការគាំពារដល់ គ្រួសារមានប័ណ្ណសមធម៌ ។

នាឱកាសនោះ អ្នកស្រីព្រំ ស៊ីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យបានអោយដឹងថា: ដើម្បីឈានដល់ចេញប័ណ្ណជា ប្រភេទ :(ក្រ១.ក្រ២)និងគ្រួសារងាយរងហានិភ័យបាន ក្រុមការងារត្រូវតែចុះធ្វើការសម្ភាស ៕