អន្តរជាតិ

អ៊ីរ៉ង់បន្ទោសអ៊ីស្រាអែល ប្តេជ្ញាសងសឹក បន្ទាប់ពីឆ្មាំបដិវត្តន៍ស្លាប់ក្នុងការវាយប្រហារនៅស៊ីរី

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុងដាម៉ាស៖ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ទី២០ មករា បានចោទប្រកាន់អ៊ីស្រាអែលពីការវាយប្រហារនៅទីក្រុងដាម៉ាស ដែលបានសម្លាប់សមាជិកឆ្មាំបដិវត្តន៍ចំនួនប្រាំនាក់ ហើយបានប្តេជ្ញាសងសឹកចំពោះការវាយប្រហារចុងក្រោយបំផុតលើបុគ្គលិកសាធារណរដ្ឋអ៊ីស្លាមនៅក្រៅប្រទេស។

ប្រធានាធិបតី Ebrahim Raisi បាននិយាយថា ទីក្រុង Tehran នឹងមិនអនុញ្ញាតឱ្យ “ការធ្វើឃាតដោយកំសាក” ទៅជាគ្មានចម្លើយនោះទេ។

អ៊ីស្រាអែលត្រូវបានចោទប្រកាន់ថាបានបង្កើនការវាយប្រហារទៅលើឥស្សរជនជាន់ខ្ពស់អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ីរី និងលីបង់ ដែលជាអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ដោយបង្កើនការភ័យខ្លាចថាការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សាស្ទ្រីបអាចរីករាលដាលបន្ថែមទៀត។

អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបញ្ជាក់ថា ខ្លួនបានបាត់បង់សមាជិកចំនួនប្រាំនាក់នៅក្នុងការវាយប្រហារ ដែលខ្លួនបានស្តីបន្ទោសលើអ៊ីស្រាអែល ដែលជាសត្រូវក្នុងតំបន់របស់ខ្លួន។

ក្រុម Hamas ដែល​គាំទ្រ​ដោយ​ក្រុង​តេអេរ៉ង់​ក៏បាន​ថ្កោលទោស​អ្វី​ដែល​ខ្លួន​ហៅថា​ជា «ឧក្រិដ្ឋកម្ម​ដ៏សាហាវ»។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Raisi បានថ្កោលទោស “ការវាយប្រហារដ៏កំសាកនេះ”។

លោកបាននិយាយថា “គ្មានការងឿងឆ្ងល់ទេថា ការបន្តអំពើភេរវកម្ម និងឧក្រិដ្ឋកម្មបែបនេះ … នឹងមិននៅដដែលដោយគ្មានការឆ្លើយតបទេ” ពីប្រទេសអ៊ីរ៉ង់៕

ប្រភព៖ AFP/fs