សន្ដិសុខសង្គម

បង្ក្រាបគ្រឿងញៀនបានជាងមួយតោននៅខេត្តព្រះវិហារ

ដោយ៖សុខុម
ព្រះវិហារ៖សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបានឲ្យដឹងនៅថ្ងៃទី ២១ខែមករាឆ្នាំ ២០២៤ថាបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវចូលមកដីកម្ពុជាបានទម្ងន់រហូតដល់ទៅជាងមួយតោនកាលពីប៉ុន្មានថ្ងៃកន្លងទៅ។


សមត្ថកិច្ចបានឲ្យដឹងថាករណីបង្ក្រាបនេះអត់ទាន់បង្ហាញជាក់លាក់ទីតាំងនៅឡើយទេគ្រាន់តែបង្ហើបឲ្យដឹងអំពីគ្រឿងញៀនដែលដកហូតបានគឺជាប្រភេទម៉ាទឹកកកប្រមាណជា១០២០ដុំ ទម្ងន់ប្រមាណជា
១០២០គីឡូក្រាម(១តោន២០គីឡូក្រាម)។


សមត្ថកិច្ចបានឲ្យដឹងទៀតថាឧក្រិដ្ធជនដឹកតាមរថយន្តប្រភេទម៉ាស្តាមួយគ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារនិងបន្តទៅគោលដៅផ្សេងទៀត។
ករណីនេះកម្លាំងអាវុធហត្ថខេត្តព្រះវិហារកំពុងបើកការស៊ើបអង្កេតជាបន្តរកមុខឧក្រិដ្ឋជនដែលរត់ពន្ធគ្រឿងញៀនឆ្លងដែនកំពុងតែរត់គេចដើម្បីឈានទៅដល់ឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕