អន្តរជាតិ

អាមេរិកបើកការវាយប្រហារកម្ទេចបន្ថែមទៀតលើទីតាំងកាំជ្រួចប្រឆាំងនាវារបស់ក្រុមប្រដាប់អាវុធហូទីនៅយេម៉ែន

ប្រែសម្រួល៖ សហការី

វ៉ាស៊ីនតោន៖បើយោងតាមការបង្ហោះព័ត៌មានលើប្រព័ន្ធ X ដែលពីមុនហៅថា Twitter បានឲ្យដឹងថាកាលពីថ្ងៃសុក្រ ទី១៩ មករាកន្លងទៅថ្មីៗនេះទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបានចេញបញ្ជាឲ្យបើកយុទ្ធនាការវាយប្រហារលើទីតាំងកាំជ្រួចប្រឆាំងនាវារបស់ក្រុមប្រដាប់អាវុធហូទីនៅយេម៉ែនចំនួន ៣ កន្លែង ដែលបានផ្តោតគោលដៅបាញ់ទៅលើសមុទ្រក្រហមភាគខាងត្បូង។

“បញ្ជាការកណ្តាលអាមេរិកបានបង្ហោះសារនៅលើប្រព័ន្ធ X ដែលពីមុនហៅថា Twitter ថាកងកម្លាំងអាមេរិកបានកំណត់អត្តសញ្ញាណទីតាំងមីស៊ីលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធហូទីនៅយេម៉ែន ហើយចាត់ទុកថាជាការគំរាមកំហែងលើនាវាដឹកទំនិញ និងនាវាកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានបន្ថែមថាយុទ្ធនាការវាយប្រហារធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារដោយកាំជ្រួចចុងក្រោយបំផុតរបស់ក្រុមប្រដាប់អាវុធហូទីនៅយេម៉ែនចំនួន៣គ្រាប់សំដៅទៅលើនាវាពាណិជ្ជកម្មនិងនាវាកងទ័ពជើងទឹកអារិកនៅលើសមុទ្រក្រហមដែលបំភិតបំភ័យនិងរំខានដល់លំហូរដឺកជញ្ជូនតាមនាវាពាណិជ្ជកម្មពិភពលោកបង្កឲ្យមានការបារម្ភចំពោះបញ្ហាជាប់គាំងនៃការផ្គត់ផ្គង់។ ការវាយប្រហារលើទីតាំងកាំជ្រួចប្រឆាំងនាវារបស់ក្រុមប្រដាប់អាវុធហូទីនៅយេម៉ែននេះបានធ្វើឡើងនៅប្រហែលម៉ោង 6.45 ល្ងាចម៉ោងនៅយេម៉ែន (1545 GMT) ។

ក្រុមប្រដាប់អាវុធហូទីនៅយេម៉ែនដែលគ្រប់គ្រងប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បានអះអាងថា ការវាយប្រហាររបស់ពួកគេគឺចង់សម្តែងនូវសាមគ្គីភាពជាមួយជនជាតិប៉ាឡេស្ទីន ដែលស្ថិតនៅក្រោមការធ្វើទុក្ខបុកម្នេញពីអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

កាលពីថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតី Joe Biden បាននិយាយថា ការវាយប្រហារតាមអាកាសនឹងនៅតែបន្តបើទោះជាពួកគេអាចនឹងបញ្ឈប់ការវាយប្រហារក៏ដោយ។

ការប្រឈមមុខដាក់គ្នាដោយប្រថុយប្រថានបែបនេះដែលរាលដាលចេញពីការវាយប្រហារហួសកម្រឹតរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសដូចដែលក្រសួងសុខាភិបាលក្នុងតំបន់បាននិយាយថាមានមនុស្សជាង ២៤,០០០ នាក់ ឬច្រើនជាង ១ ភាគរយនៃចំនួនប្រជាជនសរុប ២,៣ លាននាក់នៅហ្គាហ្សា ត្រូវបានសម្លាប់។

អ៊ីស្រាអែល​បាន​បើក​ការ​វាយលុកជាការសងសឹក​របស់​ខ្លួន​បន្ទាប់​ពីរង​ការ​លបវាយ​ប្រហារ​ថ្ងៃ​ទី ៧ តុលា ដោយ​ក្រុមជីវពល​អ៊ីស្លាម​ប៉ាឡេស្ទីន ដែល​​អ៊ីស្រាអែល​និយាយ​ថា​បាន​សម្លាប់​មនុស្សជាង ១ ២០០ នាក់​។

លោក John Kirby អ្នកនាំពាក្យសេតវិមានបានថ្លែងថា ការវាយប្រហារដោយយោធាអាមេរិក ប្រឆាំងនឹងការបាញ់កាំជ្រួចក្រុមប្រដាប់អាវុធហូទីកាលពីថ្ងៃសុក្រគឺជាលើកទីបួនរួមទាំងនៅក្នុងសប្តាហ៍មុន៕

ប្រភព៖ Reuters/rj