អន្តរជាតិ

លោក Musk បដិសេធថាក្រុមហ៊ុន AI របស់គាត់រៃអង្គាសប្រាក់បាន៥០០លានដុល្លារក្នុងគោលដៅមួយពាន់លានដុល្លារ

ប្រែសម្រួល៖ ស-សម្បត្តិ

លោក Elon Musk បាននិយាយថា របាយការណ៍ដែលបង្ហាញថាក្រុមហ៊ុន AI របស់គាត់រៃអង្គាសប្រាក់បាន ៥០០ លានដុល្លារក្នុងគោលដៅប្តេជ្ញាថារកឲ្យបាន ១ ពាន់លានដុល្លារនោះគឺមិនត្រឹមត្រូវនោះទេ។

លោកបានធ្វើការបំភ្លឺឆ្លើយតបទៅនឹងការបង្ហោះសាររបស់អ្នកប្រើប្រាស់បណ្តាញសង្គមលើអត្ថបទរបស់ Bloomberg នៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X ថា “ព័ត៌មាននេះគឺមិនត្រឹមត្រូវនោះទេ” ។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានធ្វើសេចក្តីរាយការណ៍ដោយដកស្រង់សម្តីរបស់មនុស្សដែលបានដឹងអំពីបញ្ហានេះថាលោក Elon Musk កំពុងពិចារណាវាយតម្លៃនៅក្នុងការចាប់ផ្តើមអាជីវកម្ម      បច្ចេកវិទ្យា xAI  ថានឹងខិតខំរកចំណូលឲ្យបានចាប់ពី ១៥ ពាន់លានដុល្លារទៅ ២០ ពាន់លានដុល្លារ បើទោះបីជាមានលក្ខខណ្ឌប្រែប្រួលនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះក៏ដោយ ។

xAI  មិន​អាច​ទាក់ទង​សុំការបំភ្លឺអំពីបញ្ហានេះបាន​ភ្លាមៗ​​ទេ។

Bloomberg បានរាយការណ៏ថាគេរំពឹងថាលោក Musk ជាមួយនិងអ្នកវិនិយោគនឹងបញ្ចប់លក្ខខណ្ឌនាៗនៅក្នុងរយៈពេលពីរឬបីសប្តាហ៍ខាងមុខនេះ ហើយភាគីមួយចំនួនកំពុងពិចារណានិងវាយតម្លៃថាតើពួកគេអាចទទួលបានសិទ្ធិទទួលបានបច្ចេកវិទ្យាបន្ថែមក្នុងកុំព្យួទ័រឬក៏ក្នុងករណីខ្លះជំនួសវិញដោយទទួលបានភាគហ៊ុនលើបច្ចេកវិទ្យា xAI ។

លោក Musk បាននិយាយកាលពីខែធ្នូឆ្នាំមុនថា ក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត xAI របស់គាត់មិនបានរៃអង្គាសប្រាក់នោះទេ តែនៅមួយថ្ងៃបន្ទាប់ពីការចាប់ផ្តើមអាជីវកម្មលោកបានស្នើទៅនិយតករមូលបត្រសហរដ្ឋអាមេរិកដើម្បីរៃអង្គាសប្រាក់ឲ្យបានរហូតដល់ ១ ពាន់លានដុល្លារពីអ្នកវិនិយោគដើម្បីទទួលបានភាគហ៊ុន។

កាលពីខែកក្កដាឆ្នាំមុន លោក Musk បានចាប់ផ្តើមអាជីវកម្ម xAI ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងលើបច្ចេកវិទ្យា AI របស់ Big Tech ដែលគាត់បានរិះគន់ថាមានការគាបសង្កត់ហួសហេតុ និងមានកង្វះខាតលើវិធានការរក្សាសុវត្ថិភាពភាគហ៊ុនឲ្យបានគ្រប់គ្រាន់៕

ប្រភព៖ Reuters