អន្តរជាតិ

លោក Biden ពិភាក្សាជាមួយ លោក Netanyahu លើការបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន

ប្រែសម្រួល៖ សសម្បត្តិ

វ៉ាស៊ីនតោន៖នៅថ្ងៃសុក្រ ១៩ មករាកន្លងទៅនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា លោកបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu អំពីគន្លឺះដោះស្រាយដែលអាចធ្វើទៅបានសម្រាប់ការបង្កើតរដ្ឋឯករាជ្យមួយរបស់ប៉ាឡេស្ទីន ដោយចង្អុលបង្ហាញថា គ្រប់ប្រទេសទាំងអស់មិនមែនសុទ្ធតែមានយោធាសម្រាប់ប្រើផ្ទាល់ខ្លួននោះទេ។

សេតវិមានបានថ្លែងបញ្ជាក់ថា ការអំពាវនាវរបស់លោក Biden ទៅកាន់លោក Netanyahu គឺជាលើកដំបូងហើយនៅក្នុងរយៈពេលជិតមួយខែកន្លងមក ដោយកត់សម្គាល់ឃើញថាការពិភាក្សានេះបានផ្តោតទៅលើការវាយប្រហារដែលកំពុងតែបន្តរបស់អ៊ីស្រាអែលនៅក្នុងតំបន់ Gazaកាន់តែសាហាវខ្លាំងឡើង។

លោក John Kirby អ្នកនាំពាក្យសេតវិមានបានប្រាប់អ្នកយកព័ត៌មានថា លោក Biden បានព្យាយាមហៅទូរស័ព្ទ”អស់ពេលច្រើនបន្តិចហើយ” ហើយបែរជាលោក Netanyahu មិនបានផ្តល់មកវិញនូវការឆ្លើយតបចំពោះគន្លឺះដោះស្រាយរបស់លោក Biden ដែលបានពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ដោយលោក Netanyahu ងាកទៅនិយាយថាលោកបានជំទាស់ទៅនឹងគំនិត្យលោក Biden ឲ្យប៉ាឡេស្ទីនបង្កើតរដ្ឋឯករាជ្យក្នុងខណ:ពេលដែលសន្តិសុខរបស់អ៊ីស្រាអែលនៅមិនទាន់បានធានានោះទេ ។

នៅពេលសួរថាតើដំណោះស្រាយរវាងការបង្កើតរដ្ឋឯករាជ្យរវាងភាគីទាំងពីរនៅមិនទាន់អាចទៅរួចទេ ខណៈពេលដែលលោក Netanyahu នៅតែកាន់តំណែងនោះ លោក Biden បាននិយាយថា “ទេវាមិនមែនដូច្នោះទេ”។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយអភិបាលក្រុងអាមេរិក លោក Biden បានបកស្រាយថា លោក Netanyahu មិនបានជំទាស់នឹងដំណោះស្រាយរដ្ឋរវាងភាគីទាំងពីរនោះទេតែនៅមានផលវិបាកមួយចំនួនដែលមិនទាន់អាចដោះស្រាយទៅបាន លោកបានបន្ថែមថាប្រទេសជាសមាជិកអង្គការសហប្រជាជាតិមួយចំនួនមិនមានកម្លាំងយោធានោះទេ។

លោក Biden ត្រូវបានគេសួរដេញដោលថាតើគាត់នឹងពិចារណាឡើងវិញអពីលក្ខខណ្ឌរបស់អ៊ីស្រាអែលដែលលើកឡើងដោយលោក Netanyahu ដោយបដិសេធជុំវិញដំណោះស្រាយរវាងការបង្កើតរដ្ឋររវាងភាគីទាំងពីរឬមួយយ៉ាងណា។

គាត់បាននិយាយថា “ខ្ញុំគិតថា យើងនឹងអាចដោះស្រាយបានស្របតាមនីតិវិធីវិធីជាបន្តបន្ទាប់ដែលអាចដំណើរការបានទៅមុខមុននឹងឈានទៅដល់ចំណុចស្នូលនៃបញ្ហានេះ” ។

សេតវិមានបានគូសបញ្ជាក់ថា លោក Biden និង លោក Netanyahu បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់និងការផ្លាស់ប្តូរអ្នកទោសរបស់អ៊ីស្រាអែលដែលជាគោល “គោលដៅ” បន្ថែមទៀតនៅក្នុងតំបន់ Gaza ដើម្បីអនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌កាន់តែច្រើនឡើងថែមទៀត។

លោក Biden បាននិងកំពុងដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យកាត់បន្ថយការស្លាប់របស់ជនស៊ីវិលប៉ាឡេស្ទីន ទោះបីជាលោកបានរក្សាជំហរដ៏រឹងមាំគាំទ្រអ៊ីស្រាអែលក្នុងសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាសក៏ដោយ។

លោក Netanyahu បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកបានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា លោកបានជំទាស់នឹងការបង្កើតរដ្ឋប៉ាឡេស្ទីនណាមួយដែលសន្តិសុខរបស់អ៊ីស្រាអែលនៅមិនទាន់បានធានានោះ ។ លោកបានសង្កត់ធ្ងន់ថា “អ៊ីស្រាអែលត្រូវតែធានាឲ្យបានលើការគ្រប់គ្រងសន្តិសុខលើទឹកដីទាំងមូលនៅភាគខាងលិចនៃទន្លេ Jordan នោះហើយគឺជាលក្ខខណ្ឌចាំបាច់” ។

ការអំពាវនាវរបស់លោក Biden បានកើតឡើងនៅចំពេលដែលមន្រ្តីអឌ្ឍចន្ទក្រហមបានរាយការណ៍ថា មាន”ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលសំដៅទៅលើពលរដ្ឋនៅមន្ទីរពេទ្យ Al-Amal” ក្នុងទីក្រុង Khan Younis ដែលជាទីក្រុងសំខាន់នៅភាគខាងត្បូងតំបន់ Gaza ។

អ៊ីស្រាអែល​បាន​បើក​ការវាលុកប្រកបដោយការបង្ហូរឈាមជាថ្មីមកលើទីក្រុង​ដ៏សំខាន់​មួយ​ក្នុងតំបន់ Khan Younis នៅសប្តាហ៍​នេះ​ដើម្បី​ចាប់​យក​ទីក្រុង​នេះមកកាន់កាប់ដោយ​អះអាង​ថា​​មូលដ្ឋាន​ចម្បង​របស់​យុទ្ធជន​ហាម៉ាស​ដែល​បានឆ្មក់ចូល​វាយ​ប្រហារ​លើទឹកដី​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ តុលា ដែលបាន​សម្លាប់​មនុស្ស ១.២០០ នាក់ ឥឡូវនេះត្រូវ​បាន​បំផ្លាញចោលទាំងស្រុងនៅក្នុង​តំបន់ Gaza Strip។

ក្រសួងសុខាភិបាលហ្គាហ្សា បាននិយាយថា ជនជាតិប៉ាឡេស្ទីន ១៤២នាក់ ត្រូវបានសម្លាប់ និង ២៧៨នាក់រងរបួស នៅតំបន់ហ្គាហ្សា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលបង្កើនចំនួនអ្នកស្លាប់ដោយសារសង្គ្រាមជាងបីខែកន្លងមកឡើងដល់២៤,៧៦២នាក់ហើយ។

នៅពេលសួរអំពីសំណើរបស់ម៉ិកស៊ិក និងឈីលីសម្រាប់តុលាការឧក្រិដ្ឋកម្មអន្តរជាតិប្រឆាំងនិងអ៊ីស្រាអែល ដើម្បីបើកការស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលអាចកើតមានប្រឆាំងនឹងជនស៊ីវិលដោយទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សានោះ លោក Kirby បានឆ្លើយថា សហរដ្ឋអាមេរិកនៅតែកំពុងប្រមូលព័ត៌មានបន្ថែមអំពីករណីនេះ។

លោក Kirby បានបកស្រាយថា “យើងនៅមិនទាន់រកឃើញភ័ស្តុតាងចង្អុលបង្ហាញណាមួយថាទាហានអ៊ីស្រាអែលមានចេតនាប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅឡើយទេ” ។

នៅពេលដែលមានការលើកឡើងដោយមន្ត្រីសុខាភិបាលប៉ាឡេស្ទីនថាមានក្មេងជំទង់ជនជាតិប៉ាឡេស្ទីនដើមកំណើតអាមេរិកម្នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខអ៊ីស្រាអែលនៅតំបន់ West Bank កាលពីថ្ងៃសុក្រ។

លោក Kirby បានលើកឡើងថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងហើយយើងនឹងយកចិត្តទុកដាក់លើបាយការណ៍នេះ” ៕

ប្រភព៖ Reuters/rj