អន្តរជាតិ

កំពុងតាមប្រមាញ់ជនសង្ស័យ២នាក់ទៀតក្នុងសំណុំរឿងលាងលុយរាប់ពាន់លានដុល្លារដែលមានចូលសញ្ជាតិខ្មែរ

ប្រែសម្រួល៖ ស-សម្បត្តិ

ក្នុង​សំណុំរឿង​លាងលុយជាង៣ពាន់លានដុល្លារសិង្ហបុរីដែលត្រូវបានប៉ូលិសបើកកិច្ចប្រតិបត្តិការ       បង្ក្រាបកាលពីឆ្នាំមុនឃើញថា មានជាប់ពាក់ព័ន្ធនឹងមនុស្ស​ពីរ​នាក់​បន្ថែម​ទៀតដែលឥឡូវនេះអាជ្ញាធរសិង្ហបុរីកំពុងតែស្វែងរកចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ។

កាលពីថ្ងៃសុក្រ ទី១៩ មករា ឆ្នាំ២០២៤ ប៉ូលិសបាននិយាយថា ទាក់ទងនឹង​សំណុំរឿង​នេះដីកាចាប់ខ្លួន និងលិខិតក្រហមរបស់ Interpol ត្រូវបានចេញរួចរាល់ហើយដើម្បីតាមចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នោះដែលបានចូលសញ្ជាតិខ្មែរមានឈ្មោះថា Su Yongcan អាយុ ៣៣ ឆ្នាំ និង Wang Huoqiang អាយុ ២៩ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសលាងលុយកខ្វក់មានតម្លៃសរុបនៃទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស ឬបង្កក បានកើនឡើងដល់ជាង ៣ ពាន់លានដុល្លារសិង្ហបុរីស្មើនឹង ២.២ ពាន់លានដុល្លារអាមេរិក។

ជនសង្ស័យទាំងពីរនាក់នោះបានចាកចេញពីប្រទេសសិង្ហបុរី នៅមុនពេលប៉ូលិសបើកកិច្ចប្រតិបត្តិការបង្ក្រាបលើករណីលាងលុយកខ្វក់ដែលបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣កន្លងទៅ។

លុយ​ដែល​ប៉ូលិស​ចាប់​បាន​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៣។ (រូបថត៖ កម្លាំង​ប៉ូលិស​សិង្ហបុរី)

កងកម្លាំងប៉ូលិសសិង្ហបុរី (SPF) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ដីការក្សាការពារអចលនទ្រព្យចំនួន ៥៥ ប្រភេទផ្សេងទៀត និងយានជំនិះចំនួន ១៥ គ្រឿងដែលពាក់ព័ន្ធនឹងករណីនេះត្រូវបានចេញរួចរាល់ហើយហាមមិនឲ្យមានការជួញដូរដាច់ខាត។

សម្ភាររួមមានកាបូបប្រេនៗចំនួន ១៨៩ គ្រឿងអលង្ការ ៣៤ ដុំ និងនាឡិកាប្រេនៗចំនួន ៥ គ្រឿង ក៏ត្រូវបានរឹបអូសផងដែរ។

កងកម្លាំងប៉ូលិសសិង្ហបុរី SPF បានគូសបញ្ជាក់ថា “តម្លៃសរុបនៃទ្រព្យសម្បត្តិដែលរឹបអូសជាង ៣ ពាន់លានដុល្លារសិង្ហបុរីត្រូវបានរឹបអូសនិងបង្កកមិនឲ្យមានការជួញដូររហូតមកទល់បច្ចុប្បន្ន” ។

ពាក់ព័ន្ធ​នឹងជនសង្ស័យដែលចូលសញ្ជាតិខ្មែរមានឈ្មោះថា Su Yongcan ​ដែល​ធ្លាប់​កាន់​លិខិតឆ្លងដែន​ចេញ​ដោយ​ប្រទេស​ចិន មានសាច់ប្រាក់​ជាង ១៦ លាន​ដុល្លារ​សិង្ហបុរី និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត​ត្រូវ​បាន​រឹបអូស។ ដោយឡែករថយន្ត​ចំនួន ៧​គ្រឿង និង​រថយន្តផ្សេងពីនេះទៀត​ចំនួន ១០​គ្រឿងត្រូវ​បាន​រឹបអូស។

ប៉ូលិសក៏បានបង្កកគណនីធនាគារដែលមានសមតុល្យសរុបជាង ១៤៥ លានដុល្លារសិង្ហបុរី។

ប៉ូលិសបាននិយាយកាលពីថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2023 ថា តម្លៃនៃទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស ឬបង្កកនៅក្នុងករណីលាងលុយដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរីឥឡូវនេះមានលើសពី 2.4 ពាន់លានដុល្លារសិង្ហបុរី។ (រូបថត៖ កងកម្លាំងប៉ូលីសសិង្ហបុរី)

ចំណែក​លោក Wang Huoqiang ដែលចូលសញ្ជាតិខ្មែរ​ធ្លាប់​កាន់​លិខិតឆ្លងដែន​ចិន​ដែរ ប៉ូលិស​បាន​រឹបអូស​សាច់ប្រាក់​ប្រហែល ១៨៨.០០០ ដុល្លារ​សិង្ហបុរី និង​រូបិយប័ណ្ណ​បរទេស​ផ្សេងទៀត ហើយ​បាន​រឹបអូស​យានយន្ត​មួយ​គ្រឿងផងដែរ​។

គណនីធនាគារដែលមានសមតុល្យសរុបជាង ៥ លានដុល្លារសិង្ហបុរី ក៏ត្រូវបានបង្កកផងដែរ។

កងកម្លាំងប៉ូលិសសិង្ហបុរី SPF បានបន្ថែមថា ពលរដ្ឋណាដែលដឹងពីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យទាំងពីរនាក់នោះ សូមទាក់ទងតាមបណ្តាញទូរសព្ទបន្ទាន់របស់ប៉ូលិសដែលមានលេខៈ ១៨០០ ២៥៥ ០០០០ ឬបញ្ជូនព័ត៌មានតាមអ៊ីនធឺណិតក៏បានដូចគ្នា។

  • អំពីប្រតិបត្តិការបំបែកសំណុំរឿងនេះ
អ្នកដែលត្រូវកម្លាំងអាជ្ញាធរមានសមត្ថកិច្ចសិង្ហបុរីចាប់ខ្លួនបានកន្លងមក (រូបថតៈសមត្ថកិច្ច)

មកដល់ពេលនេះមនុស្សចំនួន ១០​នាក់ ដែល​ជាប់សង្ស័យ​ថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​លាង​លុយ​កខ្វក់ដ៏ធំមួយនេះ ត្រូវ​បាន​ចាប់​ខ្លួននៅ​ក្នុង​ការ​ឆ្មក់​បកង្ក្រាបដំណាល​គ្នា​នៅ​ទូទាំង​ប្រទេស​សិង្ហបុរីកាលពីថ្ងៃ ១៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។ ការបកង្ក្រាបនេះ​​ធ្វើ​ឡើង​នៅ Good Class Bungalows ខុនដូ និង​ដី​មួយ​កន្លែងក្នុង​ប្រទេស​សិង្ហបុរី។

ជន​សង្ស័យទាំង១០​នាក់នោះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​តាម​គេហដ្ឋាន​របស់​ពួក​គេរៀងៗខ្លួន​ក្នុង​តំបន់មួយចំនួន​ដូច​ជា Sentosa Cove, Tanglin, Orchard, Holland និង River Valley ក្នុងប្រទេស​សិង្ហបុរី។

ទ្រព្យសម្បត្តិដែលរឹបអូសបានក្នុងសំណុំរឿងលាងលុយរាប់ពាន់លានដុល្លារឥឡូវនេះមានតម្លៃជាង 2.8 ពាន់លានដុល្លារសិង្ហបុរី (2.03 ពាន់លានដុល្លារអាមេរិក)។ (រូបថត៖ កងកម្លាំងប៉ូលីសសិង្ហបុរី)

ចាប់តាំងពីមានការលេចឮដំណឺងជាសាធារណៈលើកដំបូងថា តម្លៃនៃទ្រព្យសម្បត្តិដែលត្រូវបានរឹបអូស ឬត្រូវបង្កកទាក់ទងនឹងករណីនេះមានចំនួនត្រឹមតែ១ ពាន់លានដុល្លារសិង្ហបុរីទេ។ តែឥឡូវនេះវាបានកើនឡើងបីដងនៃតម្លៃដើម ១ ពាន់លានដុល្លារសិង្ហបុរីដោយបូករួមទាំងរថយន្តទំនើបៗ ផ្ទះ សាច់ប្រាក់ និងទ្រព្យសម្បត្តិផ្សេងៗទៀត។

ក្នុង​ចំណោម​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​រឹបអូសនោះមានដូចជា​​ស្រា ​មាសគីឡូ និង​រូបភាព Bearbrick ។

នេះគឺជាប្រតិបត្តិការបង្ក្រាបការលាងលុយកខ្វក់ដ៏ធំបំផុតមួយហើយមិនត្រឹមតែនៅក្នុងប្រទេសសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែវាទំនងជាទាក់ទងដល់ជុំវិញពិភពលោកផងដែរ នេះបើយោងតាមរបាយការណ៏របស់លោក Josephine Teo អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់ជូនសភាកាលពីខែតុលា។

រូបគំនូរជនសង្ស័យទាំង១០នាក់តែនៅ២នាក់មិនទានចាប់ខ្លួនបាន

ជនសង្ស័យទាំង១០នាក់ ដែលមានដើមកំណើតជាជនជាតិចិន ប៉ុន្តែមានសញ្ជាតិ និងលិខិតឆ្លងដែនចេញដោយអាជ្ញាធរនៃប្រទេសផ្សេងៗគ្នាដូចជា Cyprus និងកម្ពុជា ត្រូវបានតុលាការចោទប្រកាន់ពីបទលាងលុយកខ្វក់។

អ្នកដែលចាប់ខ្លួនបាន ពួកគេ​ត្រូវ​បាន​​ឃុំ​ខ្លួន​ជាបណ្តោះអាសន្ននៅ​ក្រៅពន្ធនាគារ​ បន្ទាប់​ពី​តុលាការ​បាន​ច្រានចោលការស្នើសុំ​ឲ្យនៅ​ក្រៅ​ឃុំជាបណ្តោះអាសន្ន។ ជនសង្ស័យ​ខ្លះត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំឯកសាសាធារណ:ផងដែរ ខណៈ​ពីរ​នាក់ដែលកំពុងតាមរកចាប់ខ្លួនរង​នូវការ​ចោទ​ប្រកាន់បន្ថែមទៀត​ពី​បទ​រត់គេច​ខ្លួននិង​ចេតនាប្រឆាំងនឹងការអនុវត្តច្បាប់របស់អាជ្ញាធរ៕

ប្រភព៖ CNA/ga(kg)