សេដ្ឋកិច្ច

អ្នកធាក់ស៊ីក្លូជួបការលំបាកជាង៣០០នាក់និងប្រជាពលរដ្ឋជីវភាពក្រក្សត់ទទួលបានអំណោយសប្បុរសពីក្រុមហ៊ុន វីតាល់ និង មូលនិធី ២៥៛

ដោយៈសិរីមតី/ភ្នំពេញ៖លោកតា លោកអ៊ុំ លោកពូ អ្នកធាក់ស៊ីក្លូក្រីក្រ ប្រមាណ ៣០០នាក់ ក្នុងរាជធានីភ្នំពេញ ដែលកំពុងជួបភាពខ្វះខាតនិងការលំបាក បានទទួលអំណោយពីក្រុមហ៊ុន វីតាល់ និង មូលនិធី ២៥៛ នៅក្នុងកម្មវិធីសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧កាលពីព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៤នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។

អំណោយទាំងនេះរួមមាន៖អង្ករ, ទឹកវីតាល់, មីជាតិ, ក្រម៉ា, ភួយ, បំពង់ទឹក, ត្រីខកំប៉ុង, ទឹកស៊ីអ៊ីវ, ទឹកត្រី, នំផ្អែម, ប្រេងកូឡា,  ថវិកា និងការឧបត្ថម្ភបន្ថែមពី ក្រុមហ៊ុន ខ្មែរ ហៅហូល ហ៊ែលឃែរ (KLEN Cambodia) ជូនលោកតា លោកអ៊ុំ លោកពូ អ្នកមីង ក្នុងម្នាក់ៗទទួលបាន សាប៊ូកក់សក់, សាប៊ូលាងដៃ, ជែល និងទឹកបាញ់សម្លាប់មេរោគ ក្លិនម្នាក់១ឈុត។

ក្រៅពីអំណោយសប្បុរស លោកតា លោកអ៊ុំ លោកពូ អ្នកធាក់ស៊ីក្លូ និងប្រជាពលរដ្ឋជាច្រើនបានទទួលការកាត់សក់ដោយឥតគិតថ្លៃ និងពិសា មី សម្រាប់អាហារពេលព្រឹកផងដែរ។

 

អញ្ជើញចូលរួមក្នុងកម្មវិធីសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” រួមមានលោកជំទាវ អ៊ឹម ប៉ូលីកា សមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), និងលោកជំទាវ តាន់ សឺយមួយ ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KHH, ។ក្រៅពីនេះ មានការចូលរួមពីអ្នកស្ម័គ្រចិត្ត ហ្វេនវីតាល់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ប្រមាណ ១០០នាក់ព្រមទាំងក្រុមហ៊ុនចូលរួមរួមមាន៖ វីតាល់, មីជាតិ, ភោជនីយដ្ឋាន វ័នម៉រ, សាប៊ូក្លិន, និងសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ។

លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានថ្លែងថា៖ព្រឹត្តិការណ៍សកម្មភាពសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ”លើកទី៧នេះត្រូវបានរៀបចំឡើងដោយស្តែងចេញពីគោលបំណងនិងគុណតម្លៃ ពោរពេញដោយមនោសញ្ចេត​នា និងសាមគ្គីភាព ក្នុងការចូលរួមចែករំលែកសេចក្តីស្រលាញ់ ចែករំលែកភាពកក់ក្តៅ ការយកចិត្តទុកដាក់ និងការទំនុកបំរុងក្នុងស្មាតីនៃការការផ្សាយមេត្តាចិត្ត ដែលជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នាដោយស្មោះស្ម័គ្រ ក្នុងនាមជាប្រជាជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតា លោកអ៊ុំ លោកពូ អ្នកមីង បងៗ អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលជួបប្រទះការលំបាក ដែលភាគច្រើនជាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ។

លោក ថាវសិទ្ធិ បានគូសបញ្ជាក់ថា៖បុរេប្រទាននៃការរៀបចំកម្មវិធីនេះគឺកើតចេញពីថវិការបស់មូលនិធិ២៥រៀល ដែលជាការកាត់ចេញនូវប្រាក់ចំណេញពីវីតាល់គ្រប់ៗដប ដែលលោកអ្នកពិសា គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ រាល់ពេលពិសាវីតាល់ ១ដប ជូនមូលនិធិនេះសម្រាប់រៀបចំកម្មវិធីសង្គមនានា។

លោកបានបន្តថា៖ការរៀបចំកម្មវិធីសប្បុរសធម៌ដ៏ធំប្រចាំឆ្នាំរបស់វីតាល់រហូតមកដល់ពេលនេះយើងបានបន្តធ្វើជាទៀតទាត់គម្រប់៧ឆ្នាំមកហើយ។កម្មវិធីសប្បុរសធម៌របស់វីតាល់នេះ ត្រូវបានធ្វើការវិវឌ្ឍ ពីមួយឆ្នាំទៅមួយឆ្នាំដោយបន្ថែមនូវការរៀបចំ និងសម្ភារៈ គ្រឿងឧបភោគបរិភោគជាច្រើន ជូនដល់លោកតា លោកអ៊ុំ លោកពូ អ្នកមីង ជាភាគច្រើនជាអ្នកធាក់ស៊ីក្លួ និងអ្នកមានជីវភាពលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ សម្រាប់ឆ្នាំ២០២៤ វីតាល់ បានបន្ថែមលទ្ធភាពនៃការចូលរួមដោយមានការអញ្ជើញដៃគូអាជីវកម្ម ក្នុងនោះមានក្រុមហ៊ុន ខ្មែរ ហៅហូល & ហ៊ែលឃែរ (KLEN Cambodia), ក្រុមហ៊ុន One More Restaurant និង មីជាតិផងដែរ។ អ្វីដែលកាន់តែពិសេសឆ្នាំនេះ វីតាល់ បានធ្វើការអញ្ជើញ Top Fan ដ៏ក្លៀវក្លាជាច្រើនមកចូលរួមជាអ្នកស្ម័គ្រចិត្ត និងសម្របសម្រួលការរៀបចំក្នុងកម្មវិធីថ្ងៃនេះផងដែរ ។

គួររម្លឹកថា៖សកម្មភាពសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៦ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៩ ខែមករាដំណាលគ្នានឹងឆ្នាំនេះផងដែរ ដែលយើងបានជួបជុំ លោកតា លោកយាយ លោកពូ អ្នកមីង ប្អូនៗអ្នកស្ម័គ្រចិត្ត នៅបរិវេណសួនវត្តបទុមវតី ជាមួយបុព្វហេតុ និងសកម្មភាពដូចគ្នា ក្នុងការចែករំលែកអំណោយជា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថ្នាំសង្កូវ និងថវិកា ដែលលើកមុនយើងខកខានពុំបានកាត់សក់ជូន លោកតាៗ ដូចកាលពីលើកទី៥ ដែលបានរៀបចំកាត់សក់លើកដំបូងនៅសួននាត្រើយម្ខាងជ្រោយចង្វារ ជាមួយគ្នានេះការរៀបចំអាហារពេលព្រឹកជូនលោកតា លោកអ៊ុំ លោកពូ អ្នកមីងនៅមានដដែល ។

 

លោកអនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានឱ្យដឹងថា៖ថ្វីត្បិតមួយរយៈចុងក្រោយនេះ ពិភពលោកទាំងមូលមានស្ថានភាពល្អប្រសើរ ក្រោយលែងមានការរាតត្បាតនៃជំងឺកូវីដ តែពិភពលោកទាំងមូល កំពុងតែបន្តប្រឈម និងស្ថាភាពវិវត្តន៍ថ្មីៗ នៃស្ថានភាពសេដ្ឋកិច្ច និងនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ! ដែលកត្តានេះតិចរឺច្រើនមានការ ជះឥទ្ធិពលដល់ លោកតា លោកពូ អ្នកមីង ដែលប្រកបរបរក្រៅប្រព័ន្ធតួយ៉ាង អ្នកធាក់ស៊ីក្លូ, បុគ្គលិកអនាម័យ, អ្នកគ្មានទីជម្រក​ជាដើម, ដែលលោកអ្នកទាំងអស់នោះ កាន់តែចាំបាច់ក្នុងការត្រូវការភាពកក់ក្តៅ ត្រូវការជំនួយដើម្បីសម្រួលដល់ទុក្ខលំបាករបស់ក្រុមគ្រួសារគាត់។ដោយមើលឃើញពីភាពចាំបាច់ទាំងអស់នេះ ទើបវីតាល់ និងដៃគូសហការដទៃទៀតបន្តរៀបចំកម្មវិធីសប្បុរសធម៍ប្រចាំឆ្នាំនេះឡើង ដើម្បីចែករំលែកក្តីស្រលាញ់ និងការខ្វល់ខ្វាយពីយើងទាំងអស់គ្នាចំពោះសុខទុក្ខរបស់ លោកតា លោកអ៊ុំ លោកពូ អ្នកមីងដែលមានវត្តមានអញ្ជើញចូលរួមនាព្រឹកនេះ។

ដោយមើលឃើញពីស្ថានភាពល្អប្រសើរ ទាំងនេះទើបវីតាល់ បានបន្តសម្រេចចិត្តដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំកម្មវិធីសប្បុរសធម៍ប្រចាំឆ្នាំនេះបន្តគ្រប់ៗឆ្នាំទោះក្នុងកាលៈទេសៈណាក៏ដោយ ជាមួយគុណតម្លៃ និងបេសកម្ម របស់គោលគំនិតជារួមដដែល ។ អនុញ្ញាត បន្ថែមជូនអង្គពិធី មេត្តាជ្រាបថាមូលបទសំខាន់មួយទៀត ដែលធ្វើអោយយើងនៅតែបន្តរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ពុំដែលខកខាន ព្រោះយើងជឿថាការចែករំលែកនេះ ជាការជួយសម្រួលដល់ការលំបាករបស់ លោកតា លោកអ៊ុំ លោកពូ អ្នកមីង និងជាការបង្កើតនូវស្មារតីនៃវប្បធម៍ចែករំលែកពីវិស័យឯកជន ជូនដល់អ្នកដែលត្រូវការជំនួយ ទោះក្នុងរូបភាពណាក៏ដោយ។ ជាមួយគ្នានេះដែរ វីតាល់ និងដៃគូទាំងអស់បានតាំងចិត្ត ក្នុងការបង្កើតអោយមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយបញ្ហាចាំបាច់របស់សង្គម ឲ្យកាន់តែទូលំទូលាយ និងច្រើនបន្ថែមទៀត។

សំភារៈ និងស្បៀងអាហារមកចែកជូន រួមមាន៖លោកតា លោកអ៊ុំ លោកពូ អ្នកមីង ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ១បាវ, វីតាល់ ១កេស,មីជាតិ ១កេស ,ក្រម៉ា ១ / ភួច ១ / សូរទឹក ១,ត្រីខកំប៉ុង ១យួរ / ទឹកស៊ីអ៊ី / ទឹកត្រី / នំផ្អែម ១ប្រអប់ / ប្រេងកូឡានិងថវិកា ៤០ពាន់រៀល។ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ហៅហូល ហ៊ែលឃែរ (KLEN Cambodia) បានផ្តល់ជូនលោកតា លោកអ៊ុំ លោកពូ អ្នកមីង ក្នុងម្នាក់ៗទទួលបាន៖សាប៊ូកក់សក់ ក្លិន ១ដប,ទឹកបាញ់ សម្លាប់មេរោគ ក្លិន ១ដប ,សាប៊ូលាងសម្អាតដៃ ម៉ាកល្អ ១ដប,ជែលលាងសម្អាតដៃ ក្លិន ២ដប។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូនិងមុខរបរក្រៅប្រព័ន្ធ បានមានប្រសាសន៍ឱ្យថា ថ្ងៃនេះ លោកមានភាពសប្បាយរីករាយ ដែលវីតាល់និងក្រុមហ៊ុនសហការដៃគូ បានចែកអំណោយជូនអ្នកធាក់ស៊ីក្លូជាង៣០០នាក់និងអ្នកខ្វះខាតមួយចំនួនទៀត។

លោកបានឱ្យដឹងថា៖ វីតាល់តែងតែនឹកឃើញដល់ប្រជាពលរដ្ឋខ្វះខាតជាពិសេសលោកតាៗធាក់ស៊ីក្លូ។អំណោយទាំងនេះ អាចជួយដោះស្រាយការលំបាករបស់លោកតា លោកអ៊ំ ដែលមានជីវភាពក្រីក្រ។

លោកបានសង្កត់ធ្ងន់ថា៖ អ្នកធាក់ស៊ីក្លូ គឺជាអ្នកដែលមានជីវភាពខ្សត់ខ្សោយជាងគេបើប្រៀបធៀបនឹងមុខរបរផ្សេងៗ៕