សន្ដិសុខសង្គម

សម្រេចដកតំណែងទាំងអ្នកត្រូវគេប្តឹងនិងអ្នកប្តឹងគេនៅមន្ទីរៀបចំដែនដីខេត្តបន្ទាយមានជ័យ

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានសម្រេចថា ត្រូវកែសម្រួលភារកិច្ចដោយដកហូតមុខតំណែង មន្ត្រីថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប ។

គឺក្នុងករណីលោក លោកស្រីជាអនុប្រធានមន្ទីរ ,ប្រធាន/អនុប្រធានការិយាល័យនិងមន្ត្រីទូទាំងខេត្តចំនួន៣៤នាក់ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ៤១នាក់ ប្តឹងទៅក្រសួងរៀបចំដែនដីដើម្បីសុំដកលោកអាង ណារឹទ្ធ ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យកន្លងមកនេះ  ។

ពោលគឺត្រូវដកទាំងលោកប្រធានមន្ទីរដែលត្រូវគេប្តឹងនិងក៏ដកទាំងលោក លោកស្រីអនុប្រធានមន្ទីរទាំងអស់និងលោកប្រធានការិយាល័យ២ដែលស្ថិតក្នុងចំណោមអ្នកប្តឹងគេ សរុប៨រូប។

នេះបើយោងមន្ត្រីបានប្រាប់ក្រោយលទ្ធផលកិច្ចប្រជុំបិទទ្វារ ផ្ទៃក្នុងមួយកាលពីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ នៅសាលប្រជុំ”ខ”នៃសាលាខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកបែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ។

មន្ត្រីទាំង៨រូបដែលត្រូវសម្រួលភារកិច្ចឬដកទាំងនោះ ត្រូវតែបង្ហាញមុខនៅខាងធនធានមនុស្សនៃក្រសួងរៀបចំដែនដី នារាជធានីភ្នំពេញពីថ្ងៃចន្ទទី២២ខែមករាឆ្នាំ២០២៤ តទៅនៅរៀងរាល់ម៉ោងធ្វើការ ដោយមិនអាចអាក់ខានឡើយ ។

មន្ត្រីទាំង៨រូប រួមមាន : ១-លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹងនិង៧នាក់ទៀត ជាអ្នកប្តឹងឬដើមបណ្តឹងក្នុងចំណោមអ្នកប្តឹងសរុប៣៤នាក់ /៤២នាក់នៃមន្ត្រីមន្ទីរ រួមមាន២-លោកអឿ សុភ័ណ អនុប្រធានមន្ទីរ(ទទួលរដ្ឋបាល ហិរញ្ញវត្ថុ )៣-លោក     ឡុង វុធ អនុប្រធានមន្ទីរ  (សំណង់) ៤-លោកមួង វិបុល  អនុប្រធានមន្ទីរ  (សុរិយោដី) ៥-លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ (យេនឌ័រ)៦-លោករ៉ូ បូរ៉ា អនុប្រធានមន្ទីរ (រៀបចំដែនដី ) ៦-លោកហង្ស រិនឌី ប្រធានការិយាល័យរដ្ឋបាល  និង៧-លោកឡេង ម៉ារី.ប្រធានការិយាល័យសុរិយោដី ។

ក្រោយកិច្ចប្រជុំចង្អៀតនោះ មន្ត្រីនិងថ្នាក់ដឹកនាំបានប្រាប់សារព័ត៌មានខ្លីថា : ដោយសារមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរដូច្នេះ ទើបក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តសម្រេចដកហូតត្រាមន្ទីរមករក្សាទុក ហើយចាត់តាំងលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យអោយទៅទទួលដឹកនាំបណ្តោះអាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះ។

សូមរំលឹកថា យោងពាក្យបណ្តឹងចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣ បានអោយដឹងថា : មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យគោរពជូនលោកសាយ សំអាល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សំណើសុំផ្លាស់ប្ដូរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី រូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។

ត្បិតអី ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១-២០២៤ ) របស់លោក អាំង ណារិទ្ធ ជាប្រធានមន្ទីររហូតមកដល់បច្ចុប្បន្ន ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តនការងារ …។

ក្រោយបែកធ្លាយឯកសារពាក្យបណ្តឹងនោះ  នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣  លោកអាង ណារឺទ្ធ ប្រធានមន្ទីរបានកោះហៅអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនៅខេត្ត ក្រុងស្រុក និងក្រុមចុះបញ្ជីទូទាំងខេត្តប្រជុំបន្ទាន់មួយនៅសាលប្រជុំនៃមន្ទីរ។

លោកមានប្រសាសន័ថា :” ជាកិច្ចចាប់ផ្តើមនេះ ខ្ញុំសូមបញ្ជាក់ថា នេះជាការប្រជុំចុងក្រោយរបស់ខ្ញុំហើយ។

ខ្ញុំមានការសោកស្តាយ ដែលត្រូវកូនចៅមួយមន្ទីរធ្វើស្នាមមេដៃប្តឹងខ្ញុំបែបនេះ …។

តមក  ក្រសួងរៀបចំដែនដីក្នុងលិខិតលេខ៤០៨២ ដនស/ អរប ចុះថ្ងៃទី០១ខែធ្នូឆ្នាំ២០២៣ បានជម្រាបមករដ្ឋបាលខេត្តបន្ទាយមានជ័យថា ប្រតិភូក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់មួយមានសមាសភាព២២នាក់ ដឹកនាំដោយលោកឈឿន ប៊ុនណារ័ត្ន រដ្ឋលេខាធិការ នឹងចុះពិនិត្យស្ថានភាពមន្ត្រីនិងការអនុវត្តការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យចាប់ពីរសៀលថ្ងៃទី៦ខែធ្នូឆ្នាំ២០២៣ តទៅ ។

តាំងពីនោះមក  នៅមន្ទីររៀបចំដែនដីបានដំណើរការការងារបណ្តោះអាសន្នដែលមានទាំងថ្នាក់ដឹកនាំ មន្ត្រីជាអ្នករងបណ្តឹងនិងអ្នកប្តឹងបានបន្តធ្វើការងារ ។

លុះបន្ទាប់មក រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងលិខិតលេខ០៣៥/លអជ/២៤ ចុះថ្ងៃទី១៦ខែមករាឆ្នាំ២០២៤ បានជម្រាបទៅប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តដើម្បីការអញ្ជើញនិងចាត់អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្ត្រីមន្ទីរនេះនៅរសៀលម៉ោង១៤:០០ នាសាលប្រជុំ ខ សាលាខេត្ត ពោលគឺដើម្បីផ្សព្វផ្សាយនូវលិខិតរបស់ក្រសួងដែលបានសម្រេចកែសម្រួលភារកិច្ច(ដកហូតមុខតំណែង) មន្ត្រីទាំង៨រូបដូចខាងលើ៕