ព័ត៌មានជាតិ

រាជរដ្ឋាភិបាលគ្រោងនឹងដាក់ឱ្យអនុវត្តនូវកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្រ្តៃយ៍និងប្រក្រតីនៅក្នុងខែមេសាឆ្នាំនេះ

ដោយ៖ គង់ហេង
កំពង់ចាម៖ ដោយផ្អែកលើភាពប្រសើរឡើង នូវស្ថានភាពនៃជំងឺកូរីដ-១៩ រាជរដ្ឋាភិបាលនឹងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្ត្រៃយ៍ និងប្រក្រតី ហើយគ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤នេះ ដើម្បីបន្តការគាំ ទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ឋសាស្រ្តចាកចេញ។ នេះបើតាមការថ្លែងឱ្យដឹងរបស់លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១៩ មករានេះ។


នៅក្នុងសន្ទរកថា របស់លោកអភិបាលខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលប្រយុទ្ធនឹងជំងឺកូវីត ១៩ នៅក្នុងសាលាខេត្តនេះលោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ៖ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកសូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសហការី របស់មន្ទីរសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្ទីរផែនការខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ រួមទាំង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដែលបានផ្ដល់កិច្ចសហការ និងប្រតិបត្តិតួនាទីភារកិច្ចប្រកប ដោយការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក សម្រេចបានសមិទ្ឋផលថ្មីៗជាច្រើនផ្សេងទៀតផងដែរ។

ហើយក៏សូមថ្លែងអំណរគុណដល់មូលនិធិសហប្រជាជាតិដើម្បីកុមារ ប្រចាំប្រទេសកម្ពុជា ហៅកាត់ថា UNICEF និងកិច្ចសហប្រតិបត្តិការអាលឺម៉ង់ ហៅកាត់ថា GIZ ព្រមទាំងដៃគូទាំងអស់ដែលបានចូលរួម ចំណែកគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាក្នុងការអនុវត្តកម្មវិធី កន្លងមក ហើយក៏សង្ឃឹមថា នឹងមានកិច្ចសហការនេះ ជាបន្តបន្ទាប់នាពេលខាងមុខទៀត។


លោកបានបញ្ជាក់បន្តថា៖ ភាពប្រសើរឡើង នៃជំងឺកូរីដ-១៩ និងការដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្ត្រៃយ៍ និងប្រក្រតី ហើយដែល គ្រោងនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា ឆ្នាំ២០២៤ ដើម្បីបន្តការគាំទ្រដល់គ្រួសារមានបណ្ណសមធម៌ និងដើម្បីអនុវត្តយុទ្ឋសាស្រ្តចាកចេញហើយ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ៣៧១ អនក្រ.បក ចុះថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៨៨ អនក្រ .បក ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩។

ដោយផ្ដល់ប្រាក់ឧបត្ថម្ភចាប់ពីខែមករា រហូតដល់ ខែមីនា ឆ្នាំ២០២៤ តាមទំហំប្រាក់ឧបត្ថម្ភថ្មីដែលប្រាក់ឧបត្ថម្ភក្នុង ទំហំថ្មីនេះ គឺត្រូវបានបែងចែកទៅតាមប្រភេទបណ្ណសមធម៌ និងកម្រិតនៃភាពក្រីក្រដដែល ប៉ុន្តែបានបញ្ចប់ការឧបត្ថម្ភលើចំនួន សមាជិកគ្រួសារ ដោយរក្សាទុកនូវអត្រាឧបត្ថម្ភសម្រាប់លក្ខខណ្ឌផ្សេង ទៀតឱ្យនៅដដែល៕