សន្ដិសុខសង្គម

មានធ្លាយបណ្តឹងពីស្រីក្មេងពេលព្រះគ្រូអនុគណក្រុងប៉ោយប៉ែតលាចាកសិក្ខាបទ

ដោយ:បន្ទាយ

បន្ទាយមានជ័យ៖ ព្រះគ្រូប៉ុក ចំរើន អនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តស្ទឹងបត់នៅភូមិស្ទឹងបត់(ជាប់ច្រកព្រំដែនអន្តរជាតិស្ទឹងបត់ ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ) ប្រកាសធ្វើកម្មវិធីលាចាកសិក្ខាបទឬសឹកដោយចំហនិងត្រឹមត្រូវមួយនាល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ ដោយប្រកូកប្រកាសនិមន្តព្រះមន្ត្រីសង្ឃ ព្រះសង្ឃនិងអញ្ជើញអាចារ្យ គណ:កម្មការ ញោមញាតិ ពុទ្ធបរិស័ទ ភ្ញៀវចូលរួមផង។

ប៉ុន្តែដំណឹងនៃកម្មវិធីដែលអាចនឹងឧឡារិកអធឹកអធម សោមនស្សរីករាយនោះត្រូវញាំញីរំខានធ្វើអោយស្រពោនស្រអាប់ខ្លះដោយសារស្ត្រីវ័យក្មេងអាយុ២២ឆ្នាំម្នាក់ បានទម្លាយបណ្តឹងប្តឹងព្រះអង្គដ៏មានកេរ្តិ៍ព្រះនាមល្បីល្បាញអង្គនេះ ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនិងអង្គការសិទ្ធិមនុស្ស។

ស្ត្រីនោះបាន ចោទប្រកាន់ព្រះអង្គថាបាន លួងលោមនិងចាប់បង្ខំរំលោភសេពសន្ថវៈនាងបានសម្រេច១លើក កាលពីវេលាជិតភ្លឺថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២៣ នៅផ្ទះសំណាក់មួយកន្លែង នៅក្រុងសៀមរាប ខេត្តសៀមរាប កន្លងមក។

នាងដើមបណ្តឹងមានទីលំនៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ បានបន្តថា : ដំបូងនាងគិតថា អាណិតព្រះអង្គផងនិងអាណិតខ្លួននាងផ្ទាល់ផង(មិនចង់អោយបែករឿងអាស្រូវផ្លូវភេទរបស់ខ្លួននាង) ទើបខ្លួនព្រមទទួលយកលុយចំនួន៣ពាន់ដុល្លារអាមេរិកជាថ្នូរនឹងដកពាក្យបណ្តឹងដើម្បីបញ្ចប់រឿង ។

ប៉ុន្តែក្រោយមក នាងបានប្តូរចិត្តវិញហើយ ត្បិតអីទឹកប្រាក់ជំងឺចិត្តនោះក៏តិចដែរ។ តែសម្ពាធធ្ងន់ជាងនោះគឺមកពីទ្រាំទ្រមិនបាននឹងពាក្យប្រមាថកាតទាន  ដៀលត្មិះបង្កនូវភាពអាម៉ាស់នៃការឈឺចាប់និងមានវិប្បដិសារីជាខ្លាំងលើនាង ។ ដូច្នេះសូមអាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌និងតម្លៃកិត្តិយសដល់នាងផង។

ពីបទរំលោភសេពសន្ថវៈ ពីបុគ្គលជាសង្ឃខាងលើ បានចាប់រំលោករូបនាងក្នុងបណ្តឹងស្រ្តីដែលហៅខ្លួនឯងថា ជាជនរងគ្រោះ បានរៀបរាប់ថា : កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នាងនិងព្រះអង្គ អ្នកបើកបររថយន្តរួមដំណើរបានត្រឡប់ពីកម្មវិធីបញ្ចុះសីមានៅវត្ត១នាខេត្តព្រះវិហារ ។

លុះវិលវិញដល់ខេត្តសៀមរាបក៏យប់ជ្រៅ ដោយនាង អ្នកបើកបរឡានក៏ចូលដេកនៅផ្ទះសំណាក់ ។ព្រះអង្គក៏ចូលសឹងនៅផ្ទះសំណាក់សិន ដែរ គឺក្នុងបន្ទប់ផ្សេងគ្នា ។

បន្ទប់នាងនៅទល់មុខបន្ទប់ព្រះអង្គ។លុះដល់ម៉ោង៣ទៀបភ្លឺចូលថ្ងៃទី៤ ស្រាបតែព្រះអង្គហៅទូរសព្ទទៅរូបនាង អោយចូលមកក្នុងបន្ទប់លោកគ្រូបន្តិច។

នាងឥតប្រកែក ហើយក៏ដើរទៅទាំងសម្លៀកបំពាក់គេងយប់ចូលទៅក្នុងបន្ទប់លោកគ្រូៗចាប់នាងរុញដួលទៅលើគ្រែ ហើយប្រព្រឹត្តរំលោកភបានសម្រេចមួយដង ហើយថា ព្រះអង្គនឹងទទួលខុសត្រូវលើរូបនាងគ្រប់យ៉ាង ។ព្រះអង្គថា នឹងសឹក ហើយដណ្តឹងនាងយកធ្វើជាគូអនាគត ប៉ុន្តែត្រូវរង់ចាំព្រះអង្គដឹកនាំវត្តកសាងសាលាឆាន់ និងខ្លោងទ្វារវត្តរួចរាល់សិន។

ប៉ុន្តែដោយរង់ចាំបាត់ៗ ហើយទាល់តែពីរឆ្នាំទៀត  ទើបនាងមិនអាចរងចាំបាន ។

តមក ព្រះអង្គក៏តែងលួងលោម រក្សាទំនាក់ទំនងល្អជាមួយនាង ផ្តល់ការចិញ្ចឹមនាង …។

ប៉ុន្តែប្រហែលពីរខែកន្លះមកនេះ ព្រះអង្គក៏ដោះដៃគេចវេះ លែងទំនាក់ទំនងមកនាង ហើយនិង(Block FaceBook) ) ប្លុកហ្វេសបុករបស់នាងចោលអស់។

លុះពេលនាងទៅរកលោក ឬទាក់ទងគ្នាបាន  ព្រះអង្គគ្មាននិយាយអ្វីអោយប្រាកដប្រជាទេ ក្រៅពីសុំនាងរួមភេទបន្ថែមទៀតអោយពេញចិត្ត។

ស្ងាត់ពីមុខគេ លោកតែងបំពានលើរូបរាងកាយនាង។

ក្រោយនាងដាក់ពាក្យបណ្តឹងសមត្ថកិច្ចពាក់ព័ន្ធនៅខេត្តបន្ទាយមានជ័យមិនបានដោះស្រាយតាមផ្លូវច្បាប់អោយរូបនាងនៅឡើយ  ដោយថារឿងនេះនាងក៏តាមលោក យល់ព្រម ហើយ ស្រឡាញ់លោក ស្រឡាញ់លុយដែរ តែពេលលោភលន់ចង់បានប្រយោជន័ច្រើនក៏ប្រែជាធ្វើបណ្តឹងប្រឆាំងនឹងលោក ដើម្បីទារផលប្រយោជន៍បន្ថែមទៀត។

ប៉ុន្តែកាលពីសប្តាហ៍មុននៃខែមករាឆ្នាំ២០២៤ ក៏មានការគម្រាមនិងបង្ខំអោយនាងដកពាក្យបណ្តឹងបញ្ចប់រឿង ដោយផ្តល់ត្រឹមសំណងចំនួន៣ពាន់ដុល្លារអាមេរិក។

ករណីនេះ ព្រះសមណញាណ ណាប់ ម៉ឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកាប្រាប់សារព័ត៌មានថ្ងៃទី១៨ខែមករាថា : ចំពោះបញ្ហាធម្មវិន័យសាសនា ព្រះអង្គបានប្រជុំដោះស្រាយ សម្របសម្រួលកាលពីថ្ថ្ងៃទី១៦ខែមករា រួចហើយ។

ក្នុងនោះមានអាជ្ញាធរតំណាងដោយលោក យឹម សំណាង អភិបាលរងខេត្ត ចូលរួមខាងប្រធាន អនុប្រធានមន្ទីរធម្មការនិងកិច្ចការសាសនា ព្រះមន្ត្រីសង្ឃចូលរួមដោះស្រាយ តាមបណ្តឹងរបស់ព្រះអនុគណក្រុងប៉ោយប៉ែត ។

រីឯបទរំលោភសេពសន្ថវៈ ជាបន្ទុករបស់អាជ្ញាធរមានសមត្ថកិច្ច មិនមែនជាបន្ទុកដោះស្រាយរបស់ជំនាញគណ:សង្ឃនិងធម្មការឡើយ។

ព្រះអង្គបានបង្វែរសំណួរចេញ។ចំណែកសមត្ថកិច្ចនគរបាលបានបង្ហើបថា : អង្គហេតុនេះកើតឡើងរយ:ពេលយូរមកហើយ តែស្ត្រីដើមបណ្តឹងទើបតែបានប្តឹងនៅឯខាងអង្គការសិទ្ធិមនុស្សនិងសមត្ថកិច្ចនាពេលថ្មីៗនេះ ។

គឺពេលការតថ្លៃឬតវ៉ាទាមទារអ្វីដែលចង់បាន មិនសមដូចប្រាថ្នា។តែក្នុងនោះ អតីតគ្រូអនុគណឬចុងចម្លើយគឺទទួលស្គាល់តាមបណ្តឹង និងព្រមសឹកដើម្បីបានដោះស្រាយ ដល់ស្ត្រីជាដើមបណ្តឹងដែរហើយ។

ហេតុនេះ បញ្ហានៅត្រង់ថា បើអតីតសង្ឃទទួលយកនាងធ្វើជាភរិយាឬក័ផ្តល់ប្រាក់លួងចិត្តច្រើនបន្ថែមទៀតដល់ស្ត្រីនោះ តើនាងនៅបន្តរក្សាជំហរដែលដកបណ្តឹងរួចហើយឬយ៉ាងណា ?ឬក៏ដកបណ្តឹងម្តងហើយ លុះដល់ទាមទារអ្វីបន្ថែម នាងត្រូវធ្វើបណ្តឹងក្នុងអង្គហេតុដដែលឡើងវិញ ?

ជាក់ស្តែងនៅល្ងាចថ្ងៃ១៨ខែមករាឆ្នាំ២០២៤ អតីតព្រះគ្រូអនុគណក្រុងប៉ោយប៉ែត ប៉ុក ចំរើន បានធ្វើកម្មវិធីលាចាកសិក្ខាបទដោយរលូនដូចការគ្រោងទុក។

ពាក់ព័ន្ធជុំវិញរឿងចោទប្រកាន់របស់ស្រ្តីវ័យក្មេងពីរឿងថាធ្លាប់មានស្នេហ៍លួចលាក់ជាមួយអតីតព្រះសង្ឃអង្គនេះ អ្នកយកព័ត៌មាន Cambodia Flash News ហៅកាត់ថា CFN គិតត្រឹមល្ងាចថ្ងៃទី១៩ មករា ឆ្នាំ២០២៤នេះ គឺនៅមិនទាន់ទទួលបានការបកស្រាយបញ្ជាក់ណាមួយពីសំណាក់អតីតព្រះសង្ឃអង្គនោះនៅឡើយទេ៕