អន្តរជាតិ

មន្រ្តីរតនាគារសហរដ្ឋអាមេរិក និងមន្រ្តីក្រសួងហិរញ្ញវត្ថុចិនជួបគ្នានៅប៉េកាំង

ប្រែសម្រួល៖ស-សម្បត្តិ

វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីៗនេះមន្រ្តីរតនាគារសហរដ្ឋអាមេរិក និងមន្រ្តីក្រសួងហិរញ្ញវត្ថុចិន បានចាប់ផ្តើមបើកកិច្ចភិភាក្សាគ្នារយ:ពេលពីរថ្ងៃនៅទីក្រុងប៉េកាំង ដើម្បីជជែកអំពីស្ថិរភាពហិរញ្ញវត្ថុ និងបញ្ហាទីផ្សារមូលធនរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរឲ្យកាន់តែស៊ីជម្រៅក្នុងកិច្ចសហប្រតិបត្តិការឡើងវិញ។

មន្ត្រីរតនាគារសហរដ្ឋអាមេរិកម្នាក់បានឲ្យដឹងថា កិច្ចប្រជុំទល់មុខគ្នាដោយផ្ទាល់ជាលើកដំបូងនៅក្នុងប្រទេសចិននឹងត្រូវបញ្ចប់នៅថ្ងៃសុក្រនេះ។ ប្រធានបទរួមក្នុងកិច្ចភិភាក្សាមានវិស័យហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ ការទូទាត់ឆ្លងប្រទេស និងលើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់រួមទាំងការជួញដូរគ្រឿងញៀនផងដែរ។

ក្រុមការងារនៃគណៈកម្មាការសេដ្ឋកិច្ចបានដាក់ឲ្យដំណើរការរួមគ្នានៅក្នុងខែកញ្ញា បន្ទាប់ពីដំណើរទស្សនកិច្ចដំបូងរបស់រដ្ឋលេខាធិការរតនាគារ Janet Yellen ទៅកាន់ទីក្រុងប៉េកាំងក្នុងខែកក្កដា។ កិច្ចពិភាក្សាហិរញ្ញវត្ថុនៅទីក្រុងប៉េកាំងកំពុងត្រូវបានដឹកនាំដោយភាគីសហរដ្ឋអាមេរិកដោយមានជំនួយការមកពីលេខាធិការរតនាគារសម្រាប់ហិរញ្ញវត្ថុអន្តរជាតិលោក Brent Neiman និងអនុរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុអ្នកស្រី Nellie Liang និងនាយកប្រតិបត្តិឧក្រិដ្ឋកម្មហិរញ្ញវត្ថុលោក Andrea Gacki ។

ក្រុមនេះបានជួបគ្នាជាលើកចុងក្រោយនៅសាន់ហ្វ្រាន់ស៊ីស្កូក្នុងខែវិច្ឆិកា នៅមុនកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជួបគ្នា រួចក៏មានកិច្ចព្រមព្រៀងក្នុងការបន្តទំនាក់ទំនងរវាងយោធានិងយោធា និងសហការលើការទប់ស្កាត់ការផលិតថ្នាំ fentanyl អាភៀនដែលអាចសម្លាប់ជីវិតមនុស្ស។

អ្នកស្រី Yellen ក៏បានជួបនៅពេលនោះជាមួយសមភាគីចិនគឺឧបនាយករដ្ឋមន្ត្រី He Lifeng ហើយបានសន្យាថានឹង “ពង្រឹងទំនាក់ទំនង” លើបញ្ហាសេដ្ឋកិច្ចជាមួយប្រទេសចិន៕

ប្រភព៖ Reuters