សន្ដិសុខសង្គម

មនុស្សជិត១០០នាក់បានស្លាប់និងរបួសដោយសារគ្រោះថ្នាក់លើដងផ្លូវក្នុងឆ្នាំ២០២៣

កំពត÷ រយ:ពេលមួយឆ្នាំនៃឆ្នាំ២០២៣កន្លងទៅ នៅទូទាំងខេត្តកំពតមានករណីគ្រោះថ្នាក់ចរាចរជាង៦០លើកបានកើតឡើងបណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៩៧នាក់បាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាល។ ទោះជាបែបនោះក្តី ចំនួនគ្រោះថ្នាក់នេះបានថយចុះប្រមាណ៣៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២២ដែលបានកើតឡើងរហូតដល់៩៥ករណី។

លោកវរសេនីយ៍ឯក ពុត ស៉ឺង នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងឆ្នាំ២០២៣កន្លងទៅ នៅទូទាំងខេត្តមានករណីគ្រោះថ្នាកចរាចរកើតឡើងចំនួន ៦១លើក។ បរិមាណនេះបានថយចុះចំនួន៣៤លើកស្មើនឹងប្រមាណ៣៥ភាគរយបើធៀបនឹងឆ្នាំ២០២២ ដែលមានរហូតដល់៩៥ករណី។

លោកនាយការិយាល័យបានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់ទាំង៦១លើកនោះបានបណ្តាលឱ្យមនុស្សប្រុសស្រី៣២នាក់បាត់បង់ជីវិត ៣៥នាក់របួសធ្ងន់ និង៣០នាក់ទៀតរងរបួសស្រាល។ ជាមួយនេះក៏បានបណ្តាលឱ្យខូចខាតរថយន្តតូចធំ១០៤គ្រឿង ម៉ូតូគ្រប់ប្រភេទ៥៧គ្រឿង គោយន្ត១គ្រឿង ត្រាក់ទ័រ២គ្រឿង ត្រីចក្រយានយន្ត១គ្រឿង កង់២គ្រឿង ព្រមទាំងខូចខាតក្បាល និងទូរថភ្លើង៣ករណីទៀតផង។

លោកវរសេនីយ៍ឯកបានបន្តថា ករណីគ្រោះថ្នាក់ចរាចរដែលបានកើតឡើងភាគច្រើនដោយសារអ្នកបើកបរមិនគោរពសិទ្ធិអាទិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង និងការបើកបរដោយខ្វះការប្រុងប្រយ័ត្នពេលវ៉ាជែងជាដើម។

ដូច្នេះ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ពិសេសគោរពសិទ្ធិអាទិភាពក្នុងការបើកបរ កុំប្រើប្រាស់ល្បឿនហួសកំណត់ និងកុំបើកបរក្នុងស្ថានភាពស្រវឹង៕