ព័ត៌មានជាតិ

បើកវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារនិងកិច្ចការពារផលប្រយោជន៍កុមារតាមផ្លូវច្បាប់

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទារខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានាដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ ចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្សកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។

លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទារខេត្តខេត្តបន្ទាយមានជ័យបានអោយដឹងថា : គេសង្កេតឃើញថាស្ត្រី និងកុមារនៅជួបបញ្ហាប្រឈមមួយចំនួនមានជាអាទិ៍៖ អំពើហិង្សាលើស្ត្រី និងកុមារ ការរំលោភបំពានផ្លូវភេទ ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការបំពានសារធាតុញៀននិងការធ្វើចំណាកស្រុកដោយភាពប្រថុយប្រថាន បាននឹងកំពុងបន្តកើតមាន ។

លោកបានបន្តថា : ទន្ទឹមនឹងនោះក៏មានកិច្ចការខ្លះចាំបាច់ត្រូវពុះពារកែលម្អបន្ថែមទៀតដូចជា៖ ការក្ដាប់សភាពការណ៍ ការប្រមូលទិន្នន័យ និងផ្តល់របាយការណ៍នៅយឺតយ៉ាវ កិច្ចសហការជាមួយអង្គការដៃគូ និងស្ថាប័នមានសមត្ថកិច្ចនៅមានកម្រិត ហើយធនធានមនុស្សសម្រាប់អនុវត្តការងារមានចំនួនតិច។

លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ច និងសង្គមជាតិ ត្រូវបានជំរុញស្តារ និងអភិវឌ្ឍន៍បន្ថែមទៀត រហូតធ្វើឲ្យសម្រេចកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងពីរទសវត្សរ៍ចុងក្រោយនេះ ។

លោកស្រី រស់ សុផានី បានបន្តថា យើងសង្ឃឹមនឹងជឿជាក់ថា វត្តមានរបស់លោក លោកស្រី ក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ពិតជាចូលរួមក្នុងការពិភាក្សា ផ្លាស់ប្តូរយោបល់លើការលំបាក ចំណុចខ្វះខាត និងចែករំលែកបទពិសោធល្អៗ ដែលអាចប្រមូលផ្តុំ និងពង្រឹងកិច្ចសហការអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរថែមទៀត៕