សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីលួចម៉ូតូនិងប្រើប្រាស់សារធាតុញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ មូលដ្ឋានកងរាជអាវុធហត្ថក្រុង  ចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច  (ម៉ូតូ) និងប្រើប្រាស់នូវសារធាតុញៀន ហើយបានបញ្ជូនមកការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីថ្ងៃទី១៩ខែមករា  ឆ្នាំ២០២៤  ។

កម្លាំមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត  ដឹកនាំដោយលោក វរសេនីយ៍ត្រី  នួន  នីណារ៉ូ  មេបញ្ជាការបានបង្ក្រាបករណីដែលប្រព្រឹត្តកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤ នៅចំណុច កាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបករណីខាងលើនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះ  ចេង សុខជាតិ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានឱ្យដឹងទៀតថា  ជនសង្ស័យឈ្មោះ  ហ៊ន រ៉ាវ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ក្រោយឃាត់ខ្លួន និងសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ ជនរងគ្រោះម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1K-0609 ដែលចតទុកចោលនៅមុខកាស៊ីណូហ្គែនទីង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ពិតប្រាកដមែន។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញធ្វើសេត្តទឹកនោម ឃើញមានសារធាតុញៀនផងដែរ។

លោកវរសេនីយ៍ឯក ម៉ែន  ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ  និងបង្ក្រាបបទល្មើស បានឱ្យដឹងថា  ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕