អន្តរជាតិ

ទាហានណាតូ៩ម៉ឺននាក់ចាប់ផ្តើមធ្វើសមយុទ្ធយោធាដើម្បីបង្ហាញសាច់ដុំក្នុងទ្រង់ទ្រាយធំ

ប្រែសម្រួល៖ សសម្បត្តិ

កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករាកន្លងទៅនេះ អង្គការ NATO បានប្រកាសពីការចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏កក្រើកមេឃរញ្ជួយដីដោយមានទាហាន ៩០,០០០ នាក់ចូលរួមដើម្បីសាកល្បងសមត្ថភាពក្នុងការចូលរួមក្នុងជម្លោះដូចជាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម។

សមយុទ្ធយោធាមានឈ្មោះថា Steadfast Defender 2024  នឹងត្រូវអនុវត្តរហូតដល់ចុងខែឧសភា ដោយមានការចូលរួមពីកងទ័ពមកពី៣១ប្រទេសដែលជាសមាជិករបស់អង្គការណាតូរួមទាំងបេក្ខភាពស៊ុយអែតផងដែរ លោក ឧត្តមសេនីយអាមេរិក Christopher Cavoli មេបញ្ជាការជាន់ខ្ពស់របស់កងទ័ព NATO ប្រចាំអឺរ៉ុបបានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ។

គណៈកម្មាធិការយោធាណាតូ ឧត្តមនាវីឯក Rob Bauer ឧត្តមសេនីយ Christopher Cavoli និងឧត្តមសេនីយ Chris Badia នៅទីស្នាក់ការកណ្តាល NATO នៅទីក្រុង Brussels [Virginia Mayo/AP]

លោក ឧត្តមសេនីយ៍អាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់ប្រមុខការពារជាតិថា “កងទ័ពណាតូនឹងបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការពង្រឹងខ្សែការពារតំបន់អឺរ៉ូ-អាត្លង់ទិនិង អាមេរិកខាងជើង” ដោយមានការចូលរួមពីកងទ័ពណាតូ និងស៊ុយអែត នេះបើយោងតាមសម្តីរបស់លោក Cavoli ។

យុទ្ថសាស្ត្រសមយុទ្ធយោធារបស់ណាតូ​និងត្រូវបែងចែកជាទ្រង់ទ្រាយសមយុទ្ធ​តូចៗតាមផ្នែកនិមួយៗ​​លាតសន្ធឹងចាប់​ពី​អាមេរិក​ខាង​ជើង​ទៅ​​ខាង​កើត​ជាប់នឹង​ព្រំដែន​ប្រទេសរុស្ស៊ី។ ឧប្បករណ៏យោធាមានរួមបញ្ចូលនាវាកងទ័ពជើងទឹកចំនួន ៥០គ្រឿង យន្តហោះចម្បាំងចំនួន ៨០ គ្រឿង និងរថពាសដែកជាង ១,១០០ គ្រឿង។

សមយុទ្ធយោធាដែលមានទ្រង់ទ្រាយដ៏ធំបំផុតចាប់តាំងពីសមយុទ្ធ Reforger នៅឆ្នាំ ១៩៨៨ ក្នុងកំឡុងសង្គ្រាមត្រជាក់ ហើយនៅពេលនេះវាបានកើតឡើងនៅចំពេលដែល NATO កែសម្រួលប្រព័ន្ធការពាររបស់ខ្លួននៅចំពេលដែលផ្ទុះសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

មេបញ្ជាការកំពូលឧត្តមសេនីយ Christopher Cavoli ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការណាតូក្នុងទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ [Virginia Mayo/AP]

សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅកាន់ផ្នែកខាងកើតរបស់ខ្លួន ហើយបានរៀបចំផែនការដ៏ស៊ីជម្រៅបំផុតរបស់ខ្លួនចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ដើម្បីការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ីនៅក្នុងពេលណាមួយ។

ឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធារបស់NATO បាននិយាយថា ទំហំប្រតិបត្តិការនៃសមយុទ្ធនេះគឺបង្ហាញពីការត្រៀមខ្លួនថ្មីមួយទៀតរបស់សម្ព័ន្ធមិត្តNATO។

លោកបានបញ្ជាក់ថា “ចំនួនទាហានដ៏ច្រើនសន្ធឹកសន្ធាប់ដែលចូលរួមក្នុងសមយុទ្ធក្នុងទ្រង់ទ្រាយដ៏ធំសម្បើមមួយនេះគឺ មានវិសាលភាពលាតសន្ធឹងកាត់មហាសមុទ្រ ចាប់ពីអាមេរិក រហូតដល់អឺរ៉ុប”។

លោក Bauer បានព្រមានថាពលរដ្ឋស៊ីវិលក្នុងប្រទេសជាសមាជិករបស់អង្គការ NATO ចាំបាច់ត្រូវតែត្រៀមខ្លួនឲ្យកាន់តែប្រសើរឡើងសម្រាប់សង្គ្រាមដែលប្រកបដោយសក្តានុពលនាពេលអនាគតជាមួយ រុស្ស៊ី។

លោក​បាន​ថ្លែង​ថា​៖ “​យើង​ត្រូវ​តែ​ដឹង​ថា​ការ​ផ្តល់​ឲ្យ​​យើង​នូវ​សន្តិភាពមិនមែនបានមកដោយងាយៗ​នោះ​ទេ​នេះហើយ​ជា​កត្តាចម្បង​ដែល​យើងត្រូវតែ​ត្រៀមលក្ខណ:ទុកជាមុនដោយរៀប​ផែនការ​សម្រាប់ទប់ទល់នឹង​ជម្លោះ​”។

“ យើង​មិន​ស្វែង​រកការបង្ក​ជម្លោះ​នោះទេក៏ប៉ុន្តែ​ប្រសិន​បើ​ពួក​គេ​វាយប្រហារមកលើ​យើង នោះយើង​ត្រូវ​តែ​ត្រៀម​កម្លាំងឲ្សសមាមាត្រដើម្បីឆ្លើយតបភ្លាមៗ”។

មេបញ្ជាការជាន់ខ្ពស់ណាតូបាននិយាយថា កងទ័ពថ្មើរជើងរបស់រុស្ស៊ីត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែកងទ័ពជើងទឹក និងទ័ពអាកាសដ៏ “សន្ធឹកសន្ធាប់” របស់រុស្សីនៅតែជាគ្រោះថ្នាក់សម្រាប់យើង។

លោកបាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងការបង្កើតកងកម្លាំងរបស់ខ្លួនឡើងវិញកំពុងត្រូវបានជាប់គាំងដោយសារតែទណ្ឌកម្មរបស់លោកខាងលិច ប៉ុន្តែវិមានក្រឹមឡាំងនៅតែគ្រប់គ្រងស្ថានការណ៏បានដើម្បីបង្កើនការផលិតអាវុធនិងមីស៊ីលប្រល័យលោក។

នៅលើទឹកដីអ៊ុយក្រែន លោក Bauer បាននិយាយថា ខណៈពេលដែលនៅតែមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកំពុងបន្តអ៊ុយក្រែន “មិនផ្លាស់ផ្តូរ” គោលជំហររបស់ខ្លួននោះទេ។

លោកបាននិយាយថា “មានការវាយប្រហារថ្មីៗរបស់រុស្ស៊ីដែលកំពុងបន្តបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ តែវាមិនសូវមានប្រសិទ្ធភាពផ្នែកយោធានោះទេ” លោកបានអំពាវនាវឲ្យអ្នកគាំទ្រអ៊ុយក្រែនមិនត្រូវមានចិត្ត “ទុទិដ្ឋិនិយមខ្លាំងពេកទេ” លើក្បាលម៉ាស៊ីនដឹកនាំរបស់ក្រុង Kyiv នៅក្នុងឆ្នាំនេះ៕

ប្រភព៖ Agency/fs