ព័ត៌មានជាតិ

ក្រុមការងាចុះពង្រឹងស្ថាប័នសម្ថកិច្ចតាមបណ្ដាច្រកទ្វារព្រំដែនខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ក្រុមការងារទី២គណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យនិងណែនាំពង្រឹងវិធានការដល់ស្ថាប័នសម្ថកិច្ចតាមបណ្ដាច្រកទ្វារព្រំដែន ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ការមកដល់មួយលើកទៀតរបស់គណ:កម្មការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍សៀក  សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ច អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងមន្ត្រីមុខការមួយចំនួន ។

បានអញ្ជើញចុះមកត្រួតពិនិត្យបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែន ដែលប៉ុស្តិ៍ទើបបានធ្វើការសាងសង់បន្ថែមដល់ចំនួន១៤បញ្ជរ ។

ក្នុងនោះ ០៥បញ្ជរនៅផ្នែកប័ណ្ណព្រំដែនចេញពីប្រទេសសម្រាប់ប្រជាពលរដ្ឋទូទៅនិង០៩បញ្ជរទៀត(ចេញ០៥ -ចូល០៤) សង់ស្របតាមបណ្តោយដងផ្លូវក្រោមអគារសម្រាប់ប្រជាពលរដ្ឋខ្មែរ-ថៃប្រើប្រាស់យានជំនិះគ្រប់ប្រភេទជាមធ្យោបាយចេញ-ចូលប្រទេសប្រចាំថ្ងៃ ។

បើយោងតាមនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកឧត្តមេសេនីយ៍ត្រីអ៊ី ចំរើន អោយដឹងថា : “គោលបំណងដែលប៉ុស្តិ៍សាងសង់បញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែនបន្ថែមថ្មីនេះគឺដើម្បីពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែនជូនអ្នកដំណើរចេញ-ចូលប្រទេសឱ្យបានឆាប់រហ័ស បញ្ជៀសឬគ្មានការកកស្ទះ “។ ជាពិសេសបង្កភាពងាយស្រួលដល់ជនពិការ អ្នកជំងឺ ស្រ្តីមានផ្ទៃពោះ កុមារ ចាស់ជរា ព្រះសង្ឃ និងសិក្សានុសិស្ស ។

បន្ទាប់មកលោកឧត្តមសេនីយ៍សៀក សុជាតិ បានជួបសំណេះសំណាលជាមួយមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធនៅអគារថ្មី។

លោកបានលើកយកប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការចំពោះកិច្ច ជូនដល់អង្គប្រជុំជ្រាប ព្រមទាំងបានសំណូមពរដល់មន្រ្តីប៉ុស្តិ៍ឱ្យបង្កើនការយកចិត្តទុកដាក់លើការបំរើសេវាជូនអ្នកដំណើរចេញ-ចូលឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ។

នាឱកាសនោះ លោកបានវាយតម្លៃខ្ពស់របស់កងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនាពេលកន្លងមកដែលការខិតខំយកចិត្តទុកដាក់បម្រើសេវាជូនអ្នកដំណើរជាតិ – អន្តរជាតិ ៕