អន្តរជាតិ

អ្នកបច្ចេកទេសបានពិនិត្យករណីរបើកគម្របទ្វារកាប៊ីនយន្តហោះ Boeing 737 MAX 9 បានចំនួន ៤០ គ្រឿង

ប្រែសម្រួល៖ ស.សម្បត្តិ

វ៉ាស៊ីនតោន៖ កាលពីថ្ងៃពុធ ទី១៧ មករា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកហៅថា (FAA) បាននិយាយថា ការត្រួតពិនិត្យបច្ចេកទេសសម្រាប់យន្តហោះ Boeing 737 MAX 9 ចំនួន ៤០ ត្រូវបានបញ្ចប់រួចរាល់ហើយ។

FAA ក៏បានប្រកាសដូចគ្នាផងដែរកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការត្រួតពិនិត្យបញ្ហាបច្ចេកទេសឡើងវិញសម្រាប់យន្តហោះ ៤០គ្រឿងក្នុងចំណោម ១៧១ គ្រឿងត្រូវបានបញ្ចប់បន្ទាប់ពីឧប្បត្តិហេតុកាលពីថ្ងៃទី ៥ ខែមករាដែលបណ្តាលឲ្យមានបន្ទះគម្របទ្វារកាប៊ីនមួយបានរប៉ើងជ្រុះបាត់នៅពាក់កណ្តាលជើងហោះហើរថ្មីរបស់ Alaska Airlines ។

កាលពីថ្ងៃពុធFAA បាននិយាយថា ខ្លួននឹង “ពិនិត្យមើលទិន្នន័យបច្ចេកទេសឲ្យបានហ្មត់ចត់” នៅមុនពេលសម្រេចចិត្តថាតើយន្តហោះ Boeing 737 MAX 9 អាចបន្តការហោះហើរបានដែរឬទេ។

ឧបទ្ទវហេតុកន្លងមកបានធ្វើឲ្យរង្គោះរង្គើបាត់បង់នូវទំនុកចិត្តចំពោះយន្តហោះរបស់ក្រុមហ៊ុន Boeing នៅក្នុងប៉ុន្មានឆ្នាំបន្ទាប់ពីមានធ្លាក់យន្ត ហោះចំនួនពីរដែលបានសម្លាប់មនុស្សជាង ៣៤៦ នាក់ និងបង្កឲ្យមានការស៊ើបអង្កេតលើដំណើរការផលិតរបស់ក្រុមហ៊ុន Boeing ។Boeing បានបាត់បង់ភាគហ៊ុនប្រហែល ២០ ភាគរយគិតចាប់តាំងពីដើមឆ្នាំមក។

ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) និង FAA បានផ្តល់បទសម្ភាសដល់សមាជិកព្រឹទ្ធសភាផ្នែកគណៈកម្មាធិការពាណិជ្ជកម្មអស់រយៈពេលជាងមួយម៉ោងលើការស៊ើបអង្កេតរកមូលហេតុដែល    បណ្តាលឲ្យបន្ទះគម្របទ្វារកាប៊ីន MAX 9 ដែលជាទ្វារសម្រាប់ច្រកចេញសង្គ្រោះបន្ទាន់នៅលើយន្តហោះបានរហែកជ្រុះបាត់ដោយបន្សល់ទុកទ្វារចំហ។

លោកស្រី Jennifer Homendy ប្រធាន NTSB បាននិយាយថា ក្រុមប្រឹក្សាភិបាលនៅតែមិនទាន់ដឹងថាវាបណ្តាលមកពីមូលហេតុអ្វីនៅឡើយនោះទេ ក៏ប៉ុន្តែអ្នកបច្ចេកទេសកំពុងស្វែងរកបញ្ហាដែលកើតមាន ហើយបាននិយាយថា NTSB នឹងពិនិត្យមើលលើកំណត់ត្រាជាច្រើនថែមទៀតដែលទាក់ទងនឹងឌុយទ្វារយន្តហោះ។

អ្នកស្រី Homendy បាននិយាយថា ឌុយទ្វារនៅលើ MAX 9 ត្រូវបានផលិតដោយប្រព័ន្ធបច្ចេកវិទ្យា Spirit AeroSystems នៅក្នុងប្រទេសម៉ាឡេស៊ី។

លោកស្រីបាននិយាយថា NTSB កំពុងពិនិត្យមើលការផ្ទេរឌុយទ្វារពីម៉ាឡេស៊ីទៅកាន់ Wichita រដ្ឋ Kansas ហើយបន្ទាប់មកទៅកាន់តួយន្តហោះ រួមជាមួយនឹងការដឹកជញ្ជូនតាមរថភ្លើងទៅកាន់ Boeing’s Renton, Washington, គ្រឿងបរិក្ខារ រួមទាំង “ការធានាគុណភាព” របស់ក្រុមហ៊ុន Boeing ។

លោក J D Vance ព្រឹទ្ធសមាជិកអាមេរិក បានថ្លែងថា ឌុយទ្វារ “ត្រូវបានបិទ និងដកចេញជាច្រើនលើក ហើយវានៅតែមិនដឹងច្បាស់ថា តើជំហាននៃដំណើរការនេះត្រូវជាប់គាំងឬយ៉ាងណា”។

លោកស្រី Maria Cantwell ប្រធានគណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភា បាននិយាយថា លោកស្រីគ្រោងនឹងបើកសវនាការលើបញ្ហានេះដើម្បីចង់ដឹងថា FAA មានការធានាដល់ការត្រួតពិនិត្យឲ្យពិតប្រាកដលើក្រុមហ៊ុន Boeing ដែរឬទេ។

លោក Ted Cruz សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបាននិយាយថា “ត្រូវស៊ើបអង្កេតស្វែងរកចំណុចស្នូលនៃកំហុស មូលហេតុអ្វីបណ្តាលឲ្យមានឧបទ្ទវហេតុនេះកើតឡើង ” ។

  • នាយកប្រតិបត្តិនៅ KANSAS

លោក Dave Calhoun នាយកប្រតិបត្តិក្រុមហ៊ុន Boeing កាលពីថ្ងៃពុធបានទៅពិនិត្យកន្លែងផលិតរបស់ក្រុមហ៊ុន Spirit AeroSystems នៅ Wichita ហើយបានប្រជុំជាមួយវិស្វករ និង បុគ្កលិកកម្មករនៅទីនោះប្រហែល ២៧០ នាក់។ ក្នុងការថ្លែងទៅកាន់កម្មកររោងចក្រ វិស្វករ និងបុគ្គលិកផ្សេងទៀត Shanahan បាននិយាយថា Spirit នឹង “ធ្វើការផ្លាស់ប្តូរ កែលម្អឡើងវិញ” ហើយ “នឹងខិតខំស្តារទំនុកចិត្តឡើងវិញផងដែរ” ។

លោក Calhoun បាននិយាយថា “ការកែលម្អឲ្យកាន់តែប្រសើរឡើងមិនមែនគ្រាន់តែយើងពីរនាក់និយាយនោះទេ ប៉ុន្តែ វិស្វកររបស់ Boeing មេកានិករបស់ Boeing និងអធិការរបស់ Boeing រួមទាំងវិស្វកររបស់ Spirit និងមេកានិចរបស់ Spirit ត្រុវតែត្រួតពិនិត្យមើលឡើងវិញ ។

ប្រភពបាននិយាយថា នាយកប្រតិបត្តិទាំងពីរបានឆ្លើយសំណួរជាច្រើនពីបុគ្គលិក រាប់ចាប់សិក្សាអំពីឧបទ្ទវហេតុដែលអាចជះឥទ្ធិពលលើការរចនាយន្តហោះនាពេលអនាគត និងថាតើ Spirit និង Boeing ត្រូវរួមគ្នាដើរលើផ្លូវតែមួយឆ្ពោះទៅមុខដែរឬទេ។

Calhoun និង Shanahan ក៏បានទស្សនារោងចក្រផលិត Wichita ផងដែរ នេះបើយោងតាមអ្នកនាំពាក្យរបស់ Spirit AeroSystems Joe Buccino ។

ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines និង United Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍អាមេរិកពីរដែលកំពុងប្រើប្រាស់យន្តហោះ Boeing និងបានបញ្ចប់ការត្រួតពិនិត្យនោះ ត្រូវលុបចោលជើងហោះហើររាប់រយក្នុងខែនេះ ដោយមានការលុបចោលនៅរដ្ឋ Alaska ឥឡូវនេះបន្តរហូតដល់ថ្ងៃសុក្រ។

United បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះទេ។

ក្រុមហ៊ុន Boeing កាលពីថ្ងៃអង្គារបានតែងតាំងឧត្តមនាវីឯក Kirkland Donald នៃកងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍ ដើម្បីផ្តល់យោបល់ដល់នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតយន្តហោះលើការកែលម្អការគ្រប់គ្រងគុណភាព៕

ប្រភព៖ Reuters/fs