អន្តរជាតិ

អត្ថាធិប្បាយ៖ កូរ៉េខាងត្បូងអ្នកលក់សាច់ឆ្កែអាចនឹងជាប់គុក៣ឆ្នាំនិងពិន័យ២២,៣០០ដុល្លារអាមេរិក

 ប្រែសម្រួល៖ ស-សម្បត្តិ

កូរ៉េខាងត្បូងនឹងបញ្ចប់ជាផ្លូវការនូវការជួញដូរសាច់ឆ្កែនៅក្នុងឆ្នាំ ២០២៧ បន្ទាប់ពីច្បាប់មួយនេះត្រូវបានអនុម័តរួចរាល់ធ្វើឲ្យការលក់សាច់ឆ្កែសម្រាប់បរិភោគនឹងក្លាយជាអំពើខុសច្បាប់នៅក្នុងប្រទេសនេះ។ អ្នកដែលបំពានច្បាប់ថ្មីនេះអាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៣០ លានវ៉ុន ស្មើនឹង២២,៣០០ ដុល្លារអាមេរិកនិងត្រូវជាប់គុករយៈពេល ៣ ឆ្នាំ។ ប៉ុន្តែគេសង្កេតឃើញថានៅមិនទាន់មានច្បាប់ហាមឃាត់មិនឲ្យទទួលទានសាច់ឆ្កែនោះទេ។ នេះជាដំណឹងដ៏អវិជ្ជមានមួយផងដែរដោយសារតែសមាគមគាំទ្រសាច់ឆ្កែ សារជីវភាពរបស់កសិករ និងអ្នកលក់រាយទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ក្រោមអនុភាពនៃច្បាប់មួយនេះ។

សាច់​ឆ្កែ​គឺ​ជា​សាច់​ដែល​គេ​ទទួលទាន​ច្រើន​ជាង​គេ​ទី​បួន​នៅក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​សាច់​ជ្រូក សាច់គោ និង​សាច់មាន់។ ដោយហេតុនេះហើយគេសង្កេតឃើញថាការស៊ីសាច់ឆ្កែមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។

  • ការប្រមាថមាក់ងាយមកលើអ្នកបរិភោគសាច់ឆ្កែ

អ្នកប្រាជ្ញកូរ៉េមួយចំនួនបានជីកយកឆ្អឹងឆ្កែពីសារីរិកធាតុរបស់កូរ៉េដែលមានអាយុកាលនៅក្នុងសម័យយុគថ្មរំលីង ប្រហែលចាប់ពី២០០០ BC ដល់ ៦០០០BC សម្រាប់ជាភស្តុតាងបង្ហាញថាសត្វឆ្កែត្រូវបានគេបរិភោគតាំងពីសម័យកាលដ៏យូរលង់ណាស់មកហើយ។

ដូចជានៅក្នុងពេលដ៏សំខាន់នៃព្រិត្តិការណ៏ជាតិ និងអន្តរជាតិជុំវិញការហាមឃាត់មិនឲ្យមានការលក់សាច់ឆ្កែជាបណ្ដោះអាសន្នត្រូវបានអនុវត្តនៅក្នុងការប្រកួតកីឡាអូឡាំពិកក្នុងទីក្រុងសេអ៊ូលកាលពីឆ្នាំ ១៩៨៨ ។ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅពេលនោះបានហាមឃាត់ការលក់សាច់ឆ្កែជាបណ្ដោះអាសន្ននៅក្នុងទីផ្សារប្រពៃណីនៃរដ្ឋធានីដោយបានស្នើឲ្យអ្នកលក់រាយសាច់ឆ្កែយកសាច់ឆ្កែចេញពីតូបរបស់ពួកគេ ដើម្បីជៀសវាងពីការប្រមាថមាក់ងាយពីជនបរទេស។

ការហាមឃាត់នេះត្រូវបានគេរិះគន់យ៉ាងចាស់ដៃដោយក្រុមសង្គមស៊ីវិលរបស់កូរ៉េខាងត្បូងដែលមើលឃើញថាវាជាទម្រង់នៃចក្រពត្តិនិយមវប្បធម៌ដែលរំឮកដល់សម័យអាណានិគមរបស់ជនបរទេស នៅពេលដែលទំនៀមទម្លាប់វប្បធម៌កូរ៉េជាច្រើនត្រូវបានលុបចោល។

ដើម្បីជៀសវាងពីការប្រមាថមាក់ងាយពីជនបរទេសរដ្ឋាភិបាលកូរ៉េខាងត្បូងបានណែនាំឲ្យលាក់ស្លាកសញ្ញាភោជនីយដ្ឋានសាច់ឆ្កែ និងគ្រោងឆ្អឹងឆ្កែនៅក្នុងអំឡុងការប្រកួត FIFA World Cup ឆ្នាំ ២០០២ ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះហើយនិង​​នៅ​មុន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ឆ្នាំ ២០១៨ នៅ Pyeongchang ជា​ទីក្រុង​មួយ​នៅ​ភាគ​ឦសាន​ប្រទេសកូរ៉េខាងត្បូងជាយហេតុនាំឲ្យមានប្រតិកម្មពីសំណាក់ក្រុមសង្គមស៊ីវិលរបស់កូរ៉េខាងត្បូងបន្តកើនឡើងកាន់តែខ្លាំង ។

  • ការបរិភាគសាច់ឆ្កែមានការធ្លាក់ចុះយ៉ាងខ្លាំង

គេសង្កេតឃើញថាការទទួលទានសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសចាប់តាំងពីឆ្នាំ ២០០០ កន្លងមក។ នៅក្នុងឆ្នាំ ២០០២ សត្វឆ្កែចំនួន ៣ លានក្បាលត្រូវបានសម្លាប់សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងមួយឆ្នាំៗ។ យោងតាមក្រុមអភិរក្សសត្វ ហៅថា KARA បានឲ្យដឹងថាការទទួលទានសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះមកត្រឹមតែ ១ លាននាក់នៅដើមទសវត្សរ៍ឆ្នាំ ២០២០ គឺមួយភាគបីនៃចំនួនសរុបបើធៀបនឹងជាង ២០ ឆ្នាំមុន។

ចលនាសង្គមស៊ីវិលរបស់កូរ៉េខាងត្បូងដែលដឹកនាំដោយអង្គការសប្បុរសធម៌ការពារសត្វនៅក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះបានធ្វើយុទ្ធនាការបញ្ចប់ការជួញដូរសត្វឆ្កែ។ ចលនានេះត្រូវបានគាំទ្រយ៉ាងទូលំទូលាយដោយមនុស្សជំនាន់ក្រោយដែលស្រឡាញ់ “វប្បធម៌សត្វចិញ្ចឹម” គឺមានទំនោរផ្ទុយគ្នាទៅនឹងប្រពៃណីដ៏ចំណាស់រាប់សតវត្សរ៍កន្លងមកជាងមនុស្សជំនាន់មុន។

ជំងឺរាតត្បាតនូវ​ជំងឺ​កូវីដ-១៩ក៏ជាកត្តាជម្រុញឲ្យមានការធ្លាក់ចុះនូវការទទួលទានសាច់ឆ្កែនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ រហូត​ដល់មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ-១៩ សត្វដែល​មាន​ជីវិត​រួម​ទាំង​ឆ្កែ​ត្រូវ​បាន​គេ​លក់ និង​សម្លាប់​ជា​ញឹក​ញាប់​នៅ​តាម​ទីផ្សារ​ប្រពៃណី។ ចាប់តាំងពីពេលនោះមក អាជ្ញាធរក្រុងបានបើកកិច្ចសន្ទនាជាមួយអ្នកលក់រាយសត្វឆ្កែ ដើម្បីចរចាលើការរុះរើកន្លែងសម្លាប់សត្វឆ្កែ។

ការស្រាវជ្រាវដែលកំពុងដំណើរការដែលធ្វើឡើងដោយលោក Julien Dugnoille ជាមួយសហសេវិក Frederic Keck និង Miwon Seo-Plu បានបង្ហាញថា ជំងឺរាតត្បាតធ្វើឲ្យមនុស្សមានការផ្លាស់ប្តូរឈប់ទទួលទានសាច់ឆ្កែ។ ការផ្លាស់ប្តូរនេះបានបង្កឲ្យមានការពិភាក្សាជុំវិញការបញ្ចប់នូវការទទួលទានសាច់ឆ្កែដែលជាមធ្យោបាយមួយដើម្បីរក្សាលំហក្នុងទីក្រុងឲ្យរួចផុតពីហានិភ័យនៃជំងឺរាត្បាតដែលអាចរីករាលដាលពីសត្វមកមនុស្ស។

  • ទស្សន:កសិករចិញ្ចឹមឆ្កែ

សាលាក្រុងមួយចំនួនបានយល់ព្រមផ្តល់សំណងដល់អ្នកលក់រាយសាច់ឆ្កែសម្រាប់ការបិទតូបលក់សាច់ឆ្កែនៅក្នុងទីផ្សារប្រពៃណីចាប់តាំងពីឆ្នាំ ២០១៤ កន្លងមក ។ ហើយឥឡូវនេះការហាមប្រាមពេញលេញនឹងចូលជាធរមាន កសិករចិញ្ចឹមឆ្កែកំពុងស្នើសុំគម្រោងសំណង ដោយសារច្បាប់ថ្មីនេះនឹងប៉ះពាល់ដោយផ្ទាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។

សមាគមអ្នកលក់សាច់ឆ្កែកូរ៉េបានប្រកែកថា ច្បាប់នេះបានរំលោភអំណាចដែលមើលរំលងទស្សនៈរបស់ប្រជាជនកូរ៉េខាងត្បូងជាច្រើន ហើយថាវារំលោភសិទ្ធិក្នុងការជ្រើសរើសអ្វីដែលពលរដ្ឋចង់បរិភោគ។ កាលពីខែធ្នូឆ្នាំមុន សមាគមបានទាមទារសំណងដល់កសិករចំនួន ២ លានវ៉ុនក្នុងឆ្កែមួយក្បាល និងទុករយៈពេលអនុគ្រោះចំនួន ១០ ឆ្នាំបន្ទាប់ពីមានការហាមឃាត់។

ការហាមឃាត់លក់សាច់ឆ្កែជាដំណឹងល្អសម្រាប់សត្វឆ្កែកូរ៉េ និងអ្នកស្រឡាញ់សត្វឆ្កែ និងសម្រាប់អ្នកការពារសត្វ តែវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកដែលប្រកបជីវភាពរស់នៅពឹងផ្អែកលើការជួញដូរសត្វឆ្កែក្នុងស្រុក និងដែលបានប្រកបមុខរបនេះជាច្រើនជំនាន់មកហើយ។

ការផ្លាស់ប្តូរនេះមិនមានន័យថាជាការបញ្ចប់ការទទួលទានសាច់ឆ្កែនៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។ ការបរិភាគសាច់ឆ្កែនៅតែស្របច្បាប់ដោយសន្មតទៅលើតែអ្នកផ្គត់ផ្គង់សាច់ឆ្កែដែលនាំចូលពីប្រទេសក្រៅ។

នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ជនជាតិកូរ៉េសម្រាប់សត្វឆ្កែ ដែលទទួលបានសិទ្ធិរបស់វាជាសត្វឆ្កែ ផ្ទុយពីសត្វដទៃទៀតដែលនៅតែជាទំនិញជួញដូរសាច់តាមធម្មតាដែលគេមើលរំលង។

Julien Dugnoille គឺជាសាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនរវិទ្យានៃសាកលវិទ្យាល័យ Exeter ។ John Knight គឺជាអ្នកអានផ្នែកនរវិទ្យា និង Ethnomusicology សាកលវិទ្យាល័យ Queen’s Belfast បាធ្វើអត្ថាធិប្បាយជាលើកដំបូងនៅក្នុង The Conversation ៕

ប្រភព៖ Others/aj