សន្ដិសុខសង្គម

សមត្ថកិច្ចអំពាវនាវបង្កើនការប្រុងប្រយ័ត្នបញ្ហាអគ្គីភ័យខណ:ដែលឆ្នាំ២០២៣បានកើតឡើងជិត៦០ករណី

កំពត÷ ក្នុងឆ្នាំ២០២៣កន្លងទៅ នៅទូទាំងខេត្តកំពតមានករណីអគ្គីភ័យកើតឡើងរហូតដល់ជិត៦០លើកដែលភាគច្រើនផ្តើមចេញពីការធ្វេសប្រហែស។ ដោយក្តីព្រួយបារម្ភ និងជាការយកចិត្តទុកដាក់បំណងកាត់បន្ថយការខាតបង់ជាយថាហេតុ សមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកំពតបានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានបង្កើនការប្រុងប្រយ័ត្នចំពោះករណីអគ្គីភ័យក្នុងមូលដ្ឋាន ក៏ដូចជាតំបន់ព្រៃនានា។

លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់នៅថ្ងៃទី១៧ ខែមករា ឆ្នាំ១០១៤ថា អគ្គីភ័យជាហេតុការណ៍ដែលងាយនឹងកើតឡើងបំផុត ពិសេសរៀងរាល់រដូវក្តៅ
ប្រសិនបើគ្រប់គ្នាធ្វេសប្រហែស ទាំងនៅទីក្រុង និងតំបន់ជនបទ ។ នាឆ្នាំ២០២៣កន្លងទៅ នៅទូទាំងខេត្តមានហេតុការណ៍អគ្គីភ័យកើតឡើង៥៦ករណី ដោយបានកើនលើសឆ្នាំ២០២២ចំនួន៣លើក។

ក្នុងនោះ ១១ករណីគឺឆេះព្រៃនៅតំបន់ភ្នំ និងជើងភ្នំ។ លោកនាយរងការិយាល័យបានបន្តថា ក្រៅពីឆាបឆេះព្រៃព្រោះតែការដុតយកឃ្មុំ ឬវាតដីដើម្បីដាំដំណាំផ្សេងៗ គ្រោះមហន្តរាយដោយអគ្គីភ័យនៅតាមលំនៅស្ថាន មន្ទីរ អង្គភាព ទីប្រជុំជន គឺ៥០ភាគរយបង្កឡើងដោយទុស្សេចរន្តភ្លើង និង៥០ភាគរយទៀតផ្តើមចេញពីភាពធ្វេសប្រហែស ដូចជា ការដាក់ឧបករណ៍ងាយឆេះនៅកន្លែងមានកម្តៅ ការបំពក់ភ្លើងគោ ការដុតទៀន ធូប ទាំងមិនបានឃ្លាំមើលជាដើម។

ដូច្នេះ លោកសំណូមពរដល់គ្រប់មជ្ឈដ្ឋានបង្កើនការប្រុងប្រយ័ត្ន ពិសេសមុនពេលចាកចេញពីផ្ទះ មន្ទីរ អង្គភាព ត្រូវបិទបារ៉ែតផ្តាច់ចរន្តអគ្គិសនីទោះកំពុងប្រើប្រាស់ទូទឹកកក ឬឧបករណ៍ដទៃទៀតក្តី។ លោក អ៊ន គ្រីស បានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធិរិទ្ធ ទាំងរថយន្ត ប្រេងឥន្ធន: និងសម្ភារ:បរិក្ខារផ្សេងៗមានប្រើប្រាស់គ្រប់គ្រាន់ ពោលគឺលោកស្នងការបានយកចិត្តទុកដាក់ខ្ពស់សម្រាប់ការងារពន្លត់អគ្គីភ័យ។ បច្ចុប្បន្ន ស្នងការដ្ឋាននគរបាលខេត្តកំពតមានរថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង ខណ:ដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមាន១គ្រឿង និងមន្ទីរ អង្គភាពនានាចំនួន៧គ្រឿង។

និយាយរួម នៅទូទាំងខេត្តមានរថយន្តពន្លត់អគ្គីភ័យសរុប១៨គ្រឿង។ ជាមួយនេះ លោក អ៊ន គ្រីស បានអំពាវនាវថា ក្នុងនាមសមត្ថកិច្ច លោកស្នើសុំដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធពិនិត្យមើលការសាងសង់ផ្សេងៗ ដោយជួយណែនាំម្ចាស់សំណង់រក្សាទុកផ្លូវឱ្យបានធំទូលាយដើម្បីងាយស្រួលរថយន្តចល័តចេញចូលពេលមានហេតុការណ៍កើតឡើង៕