ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នើកុំឲ្យមានការរើសអើងចំពោះជនបរទេសនិងយកលុយពីពលករ

ដោយ : បន្ទាយ

ឧត្តរមានជ័យ៖ មន្រ្តីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានស្នើឲ្យមន្រ្តីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនទាំងអស់មិនត្រូវមានការរើសអើងចំពោះភ្ញៀវជាជនបរទេសនិងយកលុយពីពលករទេ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានថ្លែងដូចនេះនៅក្នុងឱកាសដែលលោក និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានថ្លែងបន្តថា : “មន្ត្រីនគរបាលអន្តោប្រវេសន៍តាមច្រកព្រំដែននានា សូមកុំឱ្យមានការរើសអើងចំពោះជនបរទេសជាតិសាសន៍ផ្សេងគ្នា ឱ្យឈរតម្រង់ជួរផ្សេងគ្នា ក្នុងការចូលវាយប៉ាស្ព័រចូលមកប្រទេសកម្ពុជា”។

លោកបានរំលឹកថា ក្នុងឱកាសចូលជួបសំដែងការគួរសមជាមួយលោកអភិសន្តិបណ្ឌិត      ស សុខា នាពេលកន្លងមកនេះ លោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបាន   ប្តឹងថា កន្លងមក!ថ្មីៗនេះ នៅតាមច្រកព្រំដែនថៃ ជនជាតិឥណ្ឌាចូល មកឱ្យតម្រង់ជួរផ្សេង។

ចំណែកជនជាតិផ្សេងឱ្យតម្រង់ជួរផ្សេង ក្នុងការវាយប៉ាស្ព័រចូលមកប្រទេសកម្ពុជា ។

ផ្តើមពីនោះលោកបានបញ្ជាក់ថា  សូមកុំឱ្យមានឱ្យសោះ ហើយក៏មិនសំដៅលើតែជនជាតិឥណ្ឌានោះទេ បើតម្រង់ជួរគឺត្រូវតែឱ្យតម្រង់ជួរ តែមួយជាមូយគ្នា។ ជនជាតិអី្វក៏តម្រង់ជួរដែរ ។

អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងដែរថា លើសពីនោះទៅទៀតគឺដាច់ខាត កុំឱ្យមានការទារលុយពីពលករឆ្លងដែន។ ផ្ទុយទៅវិញត្រូវជួយគាត់ទៅវិញទេល្អជាង ។កុំគាបសង្កត់គាត់ ដល់ម៉ោងនេះហើយគឺមិនត្រូវធ្វើឱ្យរឿងបែបនេះ កើតឡើងទៀតទេ ។

សូមបញ្ជាក់ថា ក្នុងការប្រកាសតែងតាំងនោះគឺលោកវរសេនីយ៍ឯក ស្រេង ធារី អតីតអនុប្រធាននាយកដ្ឋាន ត្រូវមកជំនួសលោកឧត្តមសេនីយ៍ត្រី អៀ សុផល នាយប៉ុស្តិ៍ចាស់ដែលត្រូវចូលនិវត្តន៍នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោងខេត្តឧត្តរមានជ័យ ៕