ព័ត៌មានជាតិ

នគរបាលខេត្តបន្ទាយមានជ័យពង្រឹងការងារជំនាញសន្តិសុខ ព្រហ្មទណ្ឌ ដល់កងកម្លាំង

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រជុំវិសាមញ្ញ ពង្រឹងការងារជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ដល់កងកម្លាំងនគរបាលក្រោមឱវាទកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកិច្ចប្រជុំនោះជាមួយកងកម្លាំង មន្ត្រីនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី ស្នងការរង ផែនការងារសេនាធិការ ផែនការងារព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកនាយ នាយរង ការិយាល័យជំនាញ និងលោកអធិការ អធិការរង ក្រុង-ស្រុកទាំង៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការការងារដល់ ផែនជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងលើការងារជំនាញរបស់ខ្លួនឲ្យបានល្អ និងប្រកបដោយប្រសិទ្ធភាពដូចជា ៖

ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង, បន្តគ្រប់គ្រង មុខសញ្ញា ចាស់ ថ្មី និងមុខសញ្ញាសេសសល់ ,បង្រ្កាបរាល់មុខសញ្ញាតវ៉ាប្រឆាំងខុសច្បាប់គ្រប់ប្រភេទ,ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងបទល្មើសបច្ចេកវិទ្យា ដែលមានលក្ខណ:ញុះញង់នាំឲ្យមានអសន្តិសុខសង្គមនិងពង្រឹងការងារយាមល្បាត កម្លាំងវេនប្រចាំការ កម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោង សម្រាប់ទ្រោលសភាពការណ៍ បង្រ្កាបបទល្មើស គ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕